The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - នាយកដ្ឋាន​ព័ត៌មានវិទ្យា​ ប្រាប់​ឱ្យ​អ្នក​ប្រើ​បណ្តាញ​សង្គម​ប្រយ័ត្ន​ល្បិច​បោក​ថ្មី​របស់​ជនខិលខូច​




នាយកដ្ឋាន​ព័ត៌មានវិទ្យា​ ប្រាប់​ឱ្យ​អ្នក​ប្រើ​បណ្តាញ​សង្គម​ប្រយ័ត្ន​ល្បិច​បោក​ថ្មី​របស់​ជនខិលខូច​

Content image - Phnom Penh Post
កម្មវិធីឈ្នះរង្វាន់ ៥០ ០០០ រៀល ពីកាតទូរស័ព្ទរបស់ក្រុមហ៊ុន H&M ដែលសមត្ថកិច្ចរកឃើញថាបោកប្រាស់។ រូប ក្រសួងមហាផ្ទៃ

នាយកដ្ឋាន​ព័ត៌មានវិទ្យា​ ប្រាប់​ឱ្យ​អ្នក​ប្រើ​បណ្តាញ​សង្គម​ប្រយ័ត្ន​ល្បិច​បោក​ថ្មី​របស់​ជនខិលខូច​

​ភ្នំពេញៈ នាយកដ្ឋាន​ព័ត៌មាន​​វិទ្យានៃ​ក្រសួងមហាផ្ទៃ អំពាវនាវ ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​បណ្តាញ​សង្គម មានការ​ប្រុងប្រយ័ត្ន​ល្បិច​បោកប្រាស់​ថ្មី របស់​ជន​ខិលខូច តាមរយៈ​កម្មវិធី «​ឈ្នះ​រង្វាន់​កាត​ទូរស័ព្ទ​ចំនួន​ ៥០ ០០០ រៀល ពី​ក្រុមហ៊ុន H&M» ដែល​ជនខិលខូច​ទាំងនោះ អាច​ប្រើ​​ប្រាស់​គេហទំព័រ​ក្លែងបន្លំ​នេះ ដើម្បី​លួច​យក​ទិន្នន័យ​ផ្សេងៗ និង​ការចម្លង​មេរោគ​ជាដើម​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយក​​ដ្ឋា​ន​ព័ត៌មានវិទ្យា បានប្រកាស​នៅ​ថ្ងៃទី​ ១៤ ខែកញ្ញាថា ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ក្រុមការងារ​បច្ចេកទេស​បាន​សង្កេតឃើញ​នូវ​សារ​ចែករំលែក​ជា​បន្តបន្ទាប់​ក្នុង​បណ្តាញ​សង្គម​។ តួយ៉ាង​ដូចជាកម្មវិធី Facebook Messenger ស្តីអំពី​កម្មវិធី​ឈ្នះ​រង្វាន់​ប្រាក់ ​៥០ ០០០​ រៀល ពី​ក្រុម H&M ដោយ​គ្រាន់តែ​ធ្វើការ​ឆ្លើយ​សំណួរ​ស្ទង់​មតិ និង​ចែករំលែក​តំណ​ភ្ជាប់​ទៅកាន់​មិត្តភក្តិ​។​

​ស្ថាប័ន​នេះ បញ្ជាក់ថា បន្ទាប់ពី​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ ក្រុមការងារ​បច្ចេកទេសនៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យាបាន​​រកឃើញថា កម្មវិធី​ខាងលើនេះ គឺជា​ល្បិច​បោកប្រាស់​របស់​ក្រុម​ជនខិលខូច ក្នុង​គោលបំណង​ទុច្ចរិត ដើម្បី​ធ្វើការ​អូសទាញ​ជនរងគ្រោះ​ឱ្យចូល​ទៅកាន់​តំណ​ភ្ជាប់ (Link) ដែលជា​គេហទំព័រ​ក្លែងបន្លំ​។​

​នាយកដ្ឋាន​ព័ត៌មានវិទ្យាបាន​បញ្ជាក់ថា​៖ «​ពួកគេ​អាច​នឹង​ធ្វើការ​បញ្ឆោត​ឱ្យ​ជន​រង​គ្រោះ​ឆ្លើយ​សំណួរ ដើម្បី​ទទួល​​បាន​រង្វាន់ និង​ធ្វើការ​បញ្ឆោត​ជនរងគ្រោះ​ចែករំលែក​តំណ​ភ្ជាប់​ទៅកាន់​មិត្តភក្តិ ដោយ​ផ្តល់ សិទ្ធិ​ឱ្យ​គេហទំព័រ​ខិលខូច​នោះ ដំណើរការ​កម្មវិធី​ផ្ញើ​សារ របស់​ជនរងគ្រោះ​។ តួយ៉ាង​កម្មវិធី Facebook Messenger ដែល​នឹងធ្វើ​ការចែករំលែក​តំណ​ភ្ជាប់​ខាងលើ​ដោយ​ស្វ័យប្រវត្តិ ទៅកាន់​មិត្តភក្តិ​ដទៃ​ទៀត​របស់​ជនរងគ្រោះ​ដែលមាន​ក្នុង ​(Contact List)»​។​

​ក្រៅពី​ការរៀបរាប់​ខាងលើ នាយកដ្ឋាន​ព័ត៌មានវិទ្យា បាន​​សង្កេតឃើញថា ជនខិលខូច ក៏​អាច​ប្រើប្រាស់​ល្បិចកល​នេះ ក្នុង​គោលបំណង​ទុច្ចរិត​ផ្សេងៗ​ទៀត ដូចជា​ប្រើប្រាស់​គេហ​ទំព័រ​ក្លែងបន្លំ ឆបោក លួច​យក​ព័ត៌មាន​គណនី​ជនរងគ្រោះ​។ ឧទាហរណ៍ គណនី​អ៊ី​ធឺ​ណិ​ត ឬ​គណនី​ធនាគារ ឬ​ប្រើប្រាស់​គេហទំព័រ​ក្លែងបន្លំ​នោះ​ធ្វើការ​-​ចម្លង​មេរោគ​ជាដើម​។​

​នាយកដ្ឋាន​បញ្ជាក់ថា​៖ «​អា​​ស្រ័យ​ហេតុនេះ សូម​បងប្អូន​មេត្តា​ប្រុងប្រយ័ត្ន ដោយ​កុំ​ធ្វើការ​ចែករំលែក ឬ​ចុច​លើ​តំណ​ភ្ជាប់​ទាំងអស់ និង​ត្រូវ​លុប​ចេញពី​ប្រអប់​សារ​ភ្លាម ចៀសវាង​នូវ​បញ្ហា​ដូច​បាន​រៀបរាប់​ជូន​ខាងលើ​»​។​

​លោក ​ជា ពៅ ប្រធាន​នាយក​​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៥ ខែកញ្ញាថា បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នាពេល​​បច្ចុប្បន្ន គឺមាន​ការកើនឡើង ដោយសារតែ​ស្ថានភាពនៃ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ដែល​តំបន់​ខ្លះ​ត្រូវបាន​បិទ​ខ្ទប់​។​

​លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​មានការ​បិទ​ខ្ទប់​តំបន់​ខ្លះ​ដោយ​សារ​ជំងឺ​កូ​វីដ​ ១៩ ដូច្នេះ​មាន​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត​ច្រើន គឺ​បទល្មើស​ប្រព័ន្ធ​បច្ចេកវិទ្យា​ក៏​កើនឡើង​ដែរ​។ មូលហេតុ​ដោយសារ​បិទ​តំបន់ ដូចជា​តំបន់​លឿង លឿងទុំ និង​តំបន់​ក្រហម​។ បើ​បិទ​ទៅ​ម្នាក់ៗ​ប្រើ​អុ​ី​ន​ធឺ​ណិ​ត​ហើយ​ការប្រើប្រាស់​ច្រើន​ទៅ គឺ​គាត់​មាន​កំហុស​ដោយ​ត្រូវគេ​ឆបោក​ហើយ ព្រោះ ពលរដ្ឋ​មិនសូវ​ពូកែ​ព្រោះ​វា​ថ្មី​»​។​

​ទោះយ៉ាងណា លោក​ ជា ពៅ នៅតែ​ទទូច​ឱ្យ​ប្រជាពលរដ្ឋ ត្រូវ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា ដោយ​ការប្រុងប្រយ័ត្ន និង​មិនត្រូវ​ចុច​តំណ​ភ្ជាប់​ដែល​មិនមាន​ប្រភព​ច្បាស់លាស់​នោះទេ ហើយ​ត្រូវ​រាយការណ៍​មក​មន្ត្រី​សមត្ថកិច្ច​ជំនាញ ដើម្បី​មាន​ចំណាត់ការ​ទាន់ពេលវេលា នៅពេល​ជួបប្រទះ​នូវ​អំពើ​ឆបោក​ណាមួយ​តាម​ប្រព័ន្ធ​នេះ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍