​ភ្នំពេញៈ អង្គការ​អុក​ស្វា​ម ​(Oxfam) អំពាវនាវ​ជាថ្មី​ឱ្យមាន​ការបង្កើត​គោ​លន​យោ​បាយ​ជាតិ​រួមគ្នា ដើម្បី​ធានាបាន​ថា ស្ដ្រី​កម្មករ​ទាំងអស់​នៅ​កម្ពុជា ពិសេស​ចំពោះ​ស្ត្រី​កម្មករ​ក្នុង​ការងារ​ក្រៅ​ប្រព័ន្ធ ឱ្យ​អាច​ទទួល​បានការ​គាំពារ​មាតុ​ភាព​គ្រប់ៗ​គ្នា បន្ទាប់ពី​យុទ្ធនា​ការ​កិច្ច​គាំពារ​មាតុភាព​របស់​អង្គការ​អុក​ស្វា​ម រយៈពេល ៣ ខែ ត្រូវបាន​បញ្ចប់​។​

​យុទ្ធនាការ​ឌីជីថល​របស់​អង្គការ​អុក​ស្វា​ម ដែលមាន​ចំណងជើង​ថា «​កិច្ច​គាំពារ​​មាតុភាព​» ត្រូវបាន​បញ្ចប់ បន្ទាប់ពី​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​លើ​បញ្ហា​កិច្ច​គាំពារ​មាតុភាព​នៅក្នុង​តំបន់​អាស៊ាន​។ យុទ្ធនាការ​នេះ បាន​សម្ពោធ​ជា​និមិត្តរូប​នៅក្នុង​ទិវា​ពលកម្ម​អន្ដរជាតិ ថ្ងៃទី​ ១ ខែ ឧសភា ឆ្នាំ ​២០២១ ដើម្បី​គាំទ្រ ជាពិសេស​ដល់​ស្ដ្រី​កម្មករ​ក្រៅ​ប្រព័ន្ធ និង​ស្ដ្រី​ដែល​ធ្វើការ​ស្វ័យ​និ​យោជន៍ ដែលមាន​ចំនួន​ប្រមាណ ៩០% នៃ​ស្ដ្រី​ក្នុង​កម្លាំង​ពលកម្ម​នៅ​ប្រទេស​កម្ពុជា ៩០% នៅ​ប្រទេស​ឡាវ និង ៧៥% នៅ​ប្រទេស​វៀត​ណា​ម​។

សេចក្ដីប្រកាស​ព័ត៌មាន​របស់ អង្គការ​អុក​ស្វា​ម ចេញ​នៅ​ថ្ងៃទី​ ១៥ ខែកញ្ញា ថ្លែងថា ដោយសារតែ​ស្ថានភាព​ការងារ​ក្រៅ​ប្រព័ន្ធ​របស់​ស្ត្រី គឺ​មិន​បានឱ្យ​ពួកគេ​ទទួលបាន​អត្ថប្រយោជន៍​លើ​កិច្ច​គាំពារ​មាតុភាព​នោះទេ ដែល​ធ្វើឱ្យ​ពួកគេ​ក្លាយជា​ជន​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ និង​ភាពក្រីក្រ​ដ៏​រ៉ាំរ៉ៃ​។

​អង្គការ​នេះ បាន​បញ្ជាក់ថា​៖ «​តាមរយៈ​យុទ្ធនាការ​នេះ អង្គការ​អុក​ស្វា​ម និង​ដៃគូ មានបំណង​បំផុស​ការចូលរួម​រប​ស់​សាធារណជន និយោជក និង​ម្ចាស់​អាជីវកម្ម អ្នកបង្កើត​គោលនយោបាយ​ជាតិ ដើម្បី​រួមគ្នា​ជជែក​ពិភាក្សា​អំពី​ការ​-​ធានា​ឱ្យបាន​ថា ស្ដ្រី​កម្មករ​ទាំង​​អស់​ក្នុងប្រទេស​កម្ពុជា​ អាច​ទទួល​បានការ​គាំពារ​មាតុភាព​គ្រប់ៗ​គ្នា​»​។​

​ដូច្នេះ​អង្គការ​អុក​ស្វា​ម អំពាវ​​នាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ធ្វើការ​ពិចារណា​លើ​សង្គតិភាព​ច្បាប់ និង​គោល​នយោបាយ​ឱ្យបាន​ប្រសើរ និង​ពេញលេញ ដើម្បី​ចងក្រង​ជាគោលការណ៍​គំរូ​ចំនួន​ ៥ ផ្នែក​ធំៗ ផ្តោត​សំខាន់​លើ​ការ​សម្រាក​មាតុភាព អត្ថប្រយោជន៍​ផ្នែក​ប្រាក់​គាំពារ និង​វេជ្ជសាស្ត្រ ការការពារ​សុខភាព​នៅ​កន្លែងធ្វើការ សម្រាប់​ម្តាយ និង​ទារក អំឡុងពេល​មាន​ផ្ទៃពោះ និង​អំឡុងពេល​បំបៅ​ដោះ ការ​ការពារ និង​ការមិន​រើសអើង ចំពោះ​ការងារ និង​ការ​បំបៅកូន​។​

​លោកស្រី លឹម សូ​លីន នាយិកា​អង្គការ​អុក​ស្វា​មថ្លែងថា អង្គការ​អុក​ស្វា​ម មាន​មោទនភាព​យ៉ាង​ក្រៃលែង ដែល​បានឃើញ​យុទ្ធនាការ​នេះ​ផ្សព្វផ្សាយ​ទៅដល់​ប្រជាជន​ជាច្រើន ជាពិសេស​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជិត ៣ លាន​នាក់ និង​លើ​វេទិកា​បណ្ដាញ​សង្គម ដែលជា​វេទិកា​ដ៏​មាន​ប្រជាប្រិយភាព​ពី​សំណាក់​យុវជន​ជំនាន់​ក្រោយ​។ យុទ្ធនា​ការ​នេះ​បាន​ប្រឹងប្រែង​ផ្សព្វផ្សាយ កិច្ច​គាំពារ​មាតុភាព គឺជា​បញ្ហា​មួយ​ដែលមាន​ផលប៉ះពាល់ ដល់​យើងទាំងអស់គ្នា​។​

​លោកស្រីបាន​បញ្ជាក់ថា​៖ «​នៅពេលដែល​អ្នក​ម្ដាយ បង​​ប្អូនស្រី និង​ភរិយា​របស់​យើង​មាន​សុខភាព​ល្អ និង​មាន​សុវត្ថិភាព ពួកយើង​ក៏មាន​សុខភាព​ល្អ និង​មាន​សុវត្ថិភាព​ដូចគ្នា​ដែរ ប៉ុន្ដែ​នៅពេល​ពួក​​គាត់​ឈឺ មាន​របួស​នៅ​កន្លែងធ្វើការ ឬ​ធ្លាក់​ចូលទៅក្នុង​​ភាពក្រីក្រ​ដោយសារតែ​យើង​មិន​គាំទ្រ​ពួកគាត់ ក្នុងអំឡុង​ពេលដែល​ពួគគាត់​ពពោះ សម្រាលកូន និង​ការចិញ្ចឹម​បីបាច់​កូន នោះ​គ្រួសារ និង​សង្គម​របស់​យើង​ក៏​រង​ការ​ឈឺចាប់​ដូចគ្នា​ដែរ​»​។

​ទោះបីជា​យុទ្ធនាការ​នេះ​បានបញ្ចប់​ក៏ដោយ ក៏​លោកស្រីនៅ​ចង់ឃើញ​សាធារណជន និយោជក និង​ម្ចាស់​អាជីវកម្ម និង​អ្នកបង្កើត​គោលនយោបាយ​ជាតិ រួមគ្នា​ដើម្បី​ធានាបាន​ថា​ស្ដ្រី​កម្មករ​ទាំងអស់ អាច​ទទួល​បានការ​គាំពារ​មាតុភាព​គ្រប់ៗ​គ្នា ហើយ​កិច្ច​គាំពារ​មាតុភាព និង​ស្ដ្រី​ទាំងអស់​គួរតែ​ត្រូវបាន​ការពារ រាប់បញ្ចូល​ទាំង​ស្ដ្រី​ដែល​ធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​​ប្រព័ន្ធ​ផងដែរ​។​

​លោក តូច ចាន់នី អ្នក​នាំពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទាថ្លែងថា ក្រសួង​បាន​អនុវត្ត​នូវ​គោលនយោបាយ​សម្រាប់​ជនក្រីក្រ​ក្នុងអំឡុង​ពេល​វិបត្តិ​កូ​វីដ​ ១៩ និង​កិច្ច​គាំពារ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ​៥ ​ឆ្នាំ​។

​លោកថ្លែងថា​៖ «​ចំពោះ​កិច្ចការងារ​ដែល​បាន​ស្នើឡើង​ឱ្យមាន​ការផ្តល់​កិច្ច​គាំពារ​មាតុភាព​សម្រាប់​ស្ត្រី​កម្មករ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺជា​កាត​ព្វ​កិច្ច​របស់​ក្រសួង​ការងារ ខណៈដែល​ក្នុង​ពេលនេះ ក្រសួង​នេះ ក៏បាន​កំពុង​យកចិត្តទុកដាក់​ពី​បញ្ហា​នេះ​ផងដែរ​»​។​

​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃទី ១៥ កញ្ញា បាន​អះអាង​យ៉ាងខ្លី​ថា ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​ពាក់ព័ន្ធ កំពុងធ្វើការ​ងារ​នេះ នៅក្នុងក្របខ័ណ្ឌ​កម្មវិធី​គាំពារ​សង្គម ដើម្បីឱ្យ​ប្រាកដថា កិច្ច​គាំពារ​មាតុភាព​អាច​ផ្តល់​ឱ្យទៅដល់​ស្ត្រី​ជា​កម្មករ​បម្រើការ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

​លោកស្រី នាង សុ​វ៉ាត​នា ហៅ DJ Nana ដែលជា​អ្នក​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម បាន​និយាយថា ក្នុងនាម​ជា​ម្ដាយ​ដំបូង​មួយរូប វា​ពិតជា​សំខាន់​ណាស់​ក្នុងការ​-​ទទួលបាន​ការគាំទ្រ ការ​ពពោះ ការ​សម្រាលកូន និង​ការចិញ្ចឹម​បីបាច់​កូន គឺជា​ដំណាក់​កាលដែល​ងាយ​រងគ្រោះ នៅក្នុង​ជីវិត​របស់​ស្ដ្រី​គ្រប់រូប​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖ «​ដោយ​គ្មាន​កិច្ច​គាំពារ​មាតុភាព ស្ដ្រី​កម្មករ ក្រៅ​ប្រព័ន្ធ​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​នឹង​ជួប​នូវ​ហានិភ័យ​កាន់តែខ្លាំង ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​កូនៗ និង​គ្រួសារ​របស់​ពួកគេ​។ ប្រសិនបើ​យើង​គ្រប់គ្នា​ពិតជា​ផ្ដល់​តម្លៃ​ដល់​ស្ដ្រី​ទាំងអស់ ក្នុងប្រទេស​កម្ពុជា​យើង​ទាំងមូល សូមឱ្យ​យើង​ចូលរួមចំណែក​ក្នុងការ​ផ្ដល់នូវ​កិច្ច​គាំពារ​មាតុភាព​ដល់​ពួកគាត់​ទាំងអស់គ្នា ដោយ​មិន​គិតពី​ស្ថានភាព ការងារ​របស់​ពួកគាត់​ឡើយ​»​។​

​ចំណែក​បវរកញ្ញា​ចក្ក​វា​ឡ​ឆ្នាំ ២០២០ កញ្ញា រ៉េត សារី​តា ដែល​បាន​គាំទ្រ​ដល់​យុទ្ធនា​ការតស៊ូ​មតិ​របស់​អង្គការ​អុក​ស្វា​ម បាន​និយាយថា ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ច​គាំពារ​មាតុភាព នោះ​សមភាព​យេនឌ័រ និង​ការផ្តល់អំណាច​ដល់​ស្ត្រី​នៅ​កម្ពុជា នៅតែមាន​វិធីសាស្ដ្រ​មួយចំនួន ដើម្បី​បន្ដទៅ​មុខ​។

​កញ្ញាថា​៖ «​ការផ្ដល់ជូន​នូវ​អត្ថប្រយោជន៍​លើ​កិច្ច​គាំពារ​មាតុភាព​ដល់​ស្ដ្រី​ទាំងអស់ ជា​ពិសេស​ស្ដ្រី​ដែល​ធ្វើការ​ក្នុង​សេដ្ឋកិច្ច ក្រៅ​ប្រព័ន្ធ វា​នឹង​ជួយ​កាត់បន្ថយ​គម្លាត​យេនឌ័រ ដែល​រារាំង​ដល់​ដំណើរការ​នៃ​ការរីកចម្រើន​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​។ ស្ដ្រី​ដែល​ខ្លាំង ធ្វើឱ្យ​ប្រទេសជាតិ​រឹងមាំ​»​។ យោងតាម​ទិន្នន័យ របស់​អង្គការ​ពលកម្ម​អន្ដរជាតិ បាន​រកឃើញថា ៨៧,៥% ​នៃ​កម្មករ​ទាំងអស់ គឺជា​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​មិន​ទទួលបាន​អត្ថប្រយោជន៍​កិច្ច​គាំពារ​សង្គម ដូច​ជាការ​គាំពារ​មាតុភាព​នេះ​ជាដើម​៕