​ភ្នំពេញៈ ចាប់ពី​ថ្ងៃទី​ ១ ខែ​កក្កដា ដល់ ថ្ងៃទី​ ១៤ ខែកញ្ញា មន្ដ្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​​ប្រកួតប្រជែង និង​បង្ក្រាប​ការ​​ក្លែងបន្លំ ​(​កប​ប​)​បាន​ចុះ​ពិនិត្យ​អាជីវកម្ម​ប្រេងឥន្ធនៈ​តាម​បណ្ដា​ស្ថានីយ និង​ដេប៉ូ​ទូទាំងប្រទេស​ចំនួន​ ៦៨៣ ​ទីតាំង ក្នុងនោះ​រកឃើញ​ ៣០១​ ទីតាំង ​ប្រកប​​អា​ជីក​ម្ម​មិន​សុចរិត ដែល​មិន​អនុលោម​នឹង​ច្បាប់​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​.​។

​លោក​ ផាន អូន អគ្គនាយក ក​.​ប​.​ប​.​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ នៅ​ថ្ងៃ​ទី​ ១៥ ខែកញ្ញាថា ចាប់ពី​ថ្ងៃទី​ ១ ខែកក្កដា ដល់​ថ្ងៃទី​ ១៤ ខែ កញ្ញា ឆ្នាំ​ ២០២១ មន្ត្រី​អគ្គនាយកដ្ឋាន​ ក​.​ប​.​ប​. បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ភាព​អនុលោម​ក្នុង​ការប្រកប​អាជីវកម្ម​ប្រេងឥន្ធនៈ​នៅតាម​បណ្តា​ស្ថានីយ និង​ដេប៉ូ​នៅ​ទូទាំងប្រទេស​បាន​ចំនួន ​៦៨៣ ​ស្ថានីយ និង​ដេប៉ូ​។ ក្នុងនោះ​រកឃើញ​ដេប៉ូ​ចំនួន​ ៣០១ ​ទីតាំង ​បាន​ប្រកប​អាជីវកម្ម​មិន​សុចរិត ដែល​មិន​អនុលោម​ទៅនឹង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​។​

​ក្នុងនោះ​រយៈពេល​តែ ​១ ​ថ្ងៃ នៅ​ថ្ងៃទី​ ១៤ កញ្ញា មន្ត្រី​ក​.​ប​.​ប​.​បាន​រកឃើញ​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ​១៦​ ទីតាំង ដែល​មិនបាន​អនុលោម​ទៅ​តាមច្បាប់​ស្ដីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់​។ ចំនួន​នេះ ស្ថិតក្នុង​ចំណោម​ស្ថានីយ និង​ដេប៉ូ​ប្រេង​ឥន្ធនៈ​ចំនួន ​៣៧ ​ទីតាំង​ ដែល​មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ក្នុង​ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តស្វាយរៀង និង​រាជធានី​ភ្នំពេញ​។​

​លោក​ ផាន អូន ឱ្យដឹងថា បើ​យោង​លើ​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ជំពូក​ទី​១០ មាត្រា​ ៤១ កថាខណ្ឌ​ទី​២ បាន​ចែងថា ​«​ក្នុងករណី​ទទួលរង​នូវ​ការ​​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​ម្តង​រួចហើយ នៅតែ​បន្ត​ប្រព្រឹត្តល្មើស តាម​កថាខណ្ឌ​ទី​១​ ខាង​​លើ​នេះ​ត្រូវ​ព្យួរ​ដកហូត ឬ​លុប​​ចោល​វិញ្ញាបនបត្រ​ចុះបញ្ជី​​ពាណិជ្ជកម្ម ឬ​អាជ្ញាប័ណ្ណ​»​។​

​លោក​បន្តថា​៖ «​ក្នុងករណី​ជនល្មើស​មិន​ព្រម​បង់ប្រាក់​ពិន័យ​អន្តរការណ៍ មន្ត្រី​ស៊ើប​អង្កេត​ត្រូវ​កសាង​សំណុំរឿង នៃ​បទល្មើស​បញ្ជូនទៅ​តុលាការ​មាន​សមត្ថកិច្ច​»​។​

​លោក​បញ្ជាក់ថា បន្ទាប់ពី​បាន​រកឃើញ​ភាពមិន​អនុលោម​ទៅតាម​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ មន្ត្រី​ជំនាញ​បាន​​ធ្វើការ​ពិន័យ​អន្តរការណ៍​ទៅលើ​ម្ចាស់​ដេប៉ូ ដែល​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​។

​គិត​ត្រឹម​ថ្ងៃទី ​១៥ ខែ កញ្ញា ឆ្នាំ​ ២០២១ ​នេះ ពុំទាន់​មាន​ម្ចាស់​ស្ថានីយ ឬ​ដេប៉ូ​ណាមួយ​ត្រូវបាន​មន្ត្រី​ស៊ើបអង្កេត​អគ្គ​នាយកដ្ឋាន ក​.​ប​.​ប​. កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅឡើយ​ទេ​។ នេះ​ជាការ​បញ្ជាក់ របស់លោក​ផាន អូន​។​

​លោក​ឱ្យដឹងថា អគ្គនាយកដ្ឋាន​- ក​.​ប​.​ប​. នឹង​បន្ត​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​ទូទាំងប្រទេស និង​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដើម្បី​ទប់ស្កាត់​ឱ្យបាន​ដាច់ខាត​ការ​​ប្រកប​អាជីវកម្ម​មិន​សុចរិត​ពាក់ព័ន្ធ​នឹង​ប្រេងឥន្ធនៈ​ ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជា​​ពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​។​

​លោក​ ប៉ិច ពិសី នាយក​ប្រតិ​ប​ត្តិ​អង្គការ​តម្លាភាព​កម្ពុជា សង្កេតឃើញ​ភាពមិនប្រក្រតី​ក្នុង​អាជីវកម្ម​ប្រេងឥន្ធនៈ បាន​កើតឡើង​យូរ​ឆ្នាំ​មកហើយ​។ បញ្ហា​នេះ​ទាមទារ​ឱ្យ​អគ្គនាយក​ដ្ឋា​ន ក​.​ប​.​ប​. ស្នើ​ទៅ​រាជ​រដ្ឋា​​ភិ​បាលចាត់វិធានការ​តាមច្បាប់​ឱ្យបាន​តឹងរ៉ឹង ព្រោះ​ការកេងបន្លំ​បរិមាណ ឬ​គុណភាព​ប្រេង​នេះ ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។

​លោក​ថ្លែងថា​៖«​បញ្ហា​ដែល​កំពុង​កើតមាន​នេះ គឺមាន​ផល​ប៉ះពាល់​ខ្លាំង​មែនទែន​ទៅដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ព្រោះ​ពលរដ្ឋ​ជា​អ្នកប្រើប្រាស់​សេវា​ប្រេងឥន្ធនៈ​ដូច្នេះ​រដ្ឋាភិបាល ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់​»​។​

​លោក​ ប៉ិច ពិសី លើកឡើងថា ផលិតផល​ប្រេងឥន្ធនៈ ជា​ផលិតផល​មួយ ដែល​ជួយ​សម្រួល​ដល់​ការផលិត​ផ្សេងៗ តាមរយៈ​ការប្រើប្រាស់​ម៉ាស៊ីន យានយន្ត ជាដើម​។ ដូច្នេះ​បើសិនជា​ការលក់ដូរ​ប្រេង​​ឥន្ធនៈ​មាន​បញ្ហា ដោយ​មិន​ប្រក្រតី​នេះ ចរន្ត​ផលិតកម្ម នៃ​ផលិតផល​ផ្សេងៗ​ក៏មាន​ការ​​ប៉ះពាល់ ឬ​ឡើងថ្លៃ​ដែរ​។

​លោក​លើក​ជា​ឧទាហរណ៍ បើ​ពលរដ្ឋ​ធ្លាប់ប្រើ​ប្រាស់​ប្រេង​-​ឥន្ធនៈ ​១០​ លីត្រ សម្រាប់​បូម​ទឹក​ដាក់​ស្រែ​ទំហំ ​១​ ហិកតា ប៉ុន្ដែ​បើ​ពលរដ្ឋ​ទិញ​ប្រេងឥន្ធនៈ​ដែលមាន​ការកេងបន្លំ​នៅសល់​ត្រឹម ៩​ លីត្រ នោះ​ប្រជាពលរដ្ឋ​ត្រូវ​ចំណាយ​ថវិកា ទិញ​ប្រេង​បន្ថែម​ ដើម្បី​បូមទឹក​ដាក់​ស្រែ​ឱ្យបាន​គ្រប់​។

លោក​បន្តថា ដូច្នេះ​ការកេងបន្លំ​នេះ ធ្វើឱ្យប៉ះពាល់​ទាំង​ជីវភាព​ប្រជាពលរដ្ឋ និងការផលិត​ផ្សេងៗ ហើយ​នាំឱ្យ​ទំនិញ​ឡើងថ្លៃ​។ ពេល​ទំនិញ​ឡើងថ្លៃ ក៏បាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដទៃទៀត​ដែល​ប្រើប្រាស់​ផលិត​ផល​នៅក្នុង​ទីផ្សារ​ផងដែរ​៕​

វីដេអូ៖