ភ្នំពេញៈ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) បានអំពាវនាវដល់ជនរងគ្រោះដោយគ្រឿងញៀនទៅទទួលយកសេវាព្យាបាលផ្ដាច់គ្រឿងញៀននៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពដែលស្ថិតក្នុងសហគមន៍របស់ខ្លួនដោយឥតគិតថ្លៃ។
លោក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងកាលពីថ្ងៃទី ១៤ កញ្ញាថា ការប្រើប្រាស់គ្រឿងញៀនតាមរយៈ ការជក់ ចាក់ និងផឹក មិនគ្រាន់តែបង្កផលប៉ះពាល់ដល់សុខភាព និងអាយុជីវិត ផ្ទាល់ខ្លួនរបស់អ្នកប្រព្រឹត្តប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទៀតផង។
លោកបានថ្លែងថា៖ «វាពិតជាលំបាកក្នុងការស្រោចស្រង់ណាស់នៅពេលអ្នកបណ្ដោយខ្លួនឱ្យធ្លាក់ចូលយ៉ាងជ្រៅទៅក្នុងរណ្ដៅនៃការប្រើប្រាស់គ្រឿងញៀន ដូច្នេះអ្នកគួរនៅឱ្យឆ្ងាយពីវា និងនិយាយថាទេចំពោះគ្រឿងញៀន។ ចំណែកអ្នកដែលបានប្រើប្រាស់វាហើយនោះ សូមប្រញាប់ទៅព្យាបាលផ្តាច់ភាពញៀនរបស់ខ្លួន នៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ទាំង ៤៥៤ ទីតាំង នៅទូទាំងប្រទេសដោយមិនបង់ប្រាក់ និងអាចរស់នៅជុំក្រុម-គ្រួសារបានធម្មតា»។
បើតាមលោក តុង ហួត ការអនុវត្តកម្មវិធីកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីការបើប្រាស់គ្រឿងញៀននេះ គឺអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គការដៃគូ បានបន្តផ្តល់សេវាព្យាបាលដោយឱសថជំនួសមេតាដូ ដល់អ្នកញៀនគ្រឿងញៀនពួកអាភៀននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកមានជ័យរាជធានីភ្នំពេញដែលគិតចាប់ពីត្រីមាសទី១ ឆ្នាំនេះរហូតមកទល់ពេលនេះ គឺមានអ្នកមកទទួលយកសេវាចំនួន ១០៧ នាក់ ដែលក្នុងនោះមានស្រី ១៦ នាក់។
ចំណែកអ្នកដែលបានមកទទួលសេវាពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងរាជធានី-ខេត្ត ទូទាំងប្រទេសមានចំនួន ១ ៨០០ នាក់ ខណៈអ្នកដែលបានធ្វើសមាហរណកម្មចេញពីមណ្ឌលស្ដារនីតិសម្បទារដ្ឋ និងឯកជនមានចំនួន ៣ ៩២៤ នាក់ និងអ្នកកំពុងបន្តនៅបន្សាបព្យាបាលតាមមណ្ឌលស្ដារនីតិសម្បទារដ្ឋ និងឯកជនមាន ៣ ៣៤៧ នាក់ ក្នុងនោះភាគច្រើនជាកម្មករ និងពលរដ្ឋដែលមានអាយុចន្លោះពី ២៦-៣៥ ឆ្នាំ៕
វីដេអូ៖