ព្រះសីហនុៈ គិតមកទល់ល្ងាចថ្ងៃទី ១៥ កញ្ញា សមត្ថកិច្ច និងសាច់ញាតិនៅមិនទាន់រកឃើញកុមារារងគ្រោះដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅចំណុចចុងអូរនៃឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ១៤ ខែកញ្ញា នៅឡើយទេ។ នេះបើតាមការអះអាងពីសមត្ថកិច្ចមូលដ្ឋាន។
លោក វ៉ាន់ សេន នាយនគរបាលប៉ុស្តិ៍ឃុំទំនប់រលកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៥ ខែកញ្ញាថា កុមារា ស៊ន មករា អាយុ ១៤ ឆ្នាំ រស់នៅភូមិ ៤ ឃុំទំនប់រលក បានបាត់ខ្លួន ក្រោយទូកដែលគេជិះទៅនេសាទជាមួយឪពុក ឈ្មោះ មាឃ សៀក អាយុ ៤៧ ឆ្នាំ បានលិចក្នុងសមុទ្រ ដែលមានចម្ងាយប្រមាណ ១០០ ម៉ែត្រពីមាត់ច្រាំង។
លោកថា៖ «តាមសម្ដីបុរសជាឪពុកពេលចេញទូក ត្រូវខ្យល់សមុទ្របោកពន្លិច កុមាររងគ្រោះបានស្រវាតោងកឪពុកគេដែរ ប៉ុន្តែដោយសារភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រធំៗផង ក៏ធ្វើឱ្យកុមារនោះ របេះដៃពីកឪពុកហើយលិចក្នុងសមុទ្របាត់តែម្ដង»។
បើតាមលោក សេន ក្រុមសមត្ថកិច្ច និងអ្នកភូមិបាននាំគ្នាជួយមុជទឹករាវរកកុមាររងគ្រោះភ្លាមៗដែរ ក្រោយទទួលបានដំណឹងពីបុរសជាឪពុក ប៉ុន្តែឃើញតែទូកលិច និងឧបករណ៍នេសាទ
មួយចំនួនដែលមាននៅក្នុងទូក។
លោក សេន បានថ្លែងថា នៅពេលនេះគ្រប់គ្នា «មិនសង្ឃឹម» ថា កុមារារងគ្រោះនៅជីវិតទេ។ យ៉ាងណាក្ដីការសែ្វងរកនៅតែបន្តតាមមធ្យោបាយផ្សេងៗ ដោយមានទាំងពិធីបន់ស្រន់ផង។
ចំណែកលោក សែម វឌ្ឍនៈ មេឃុំទំនប់រលក បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដោយហាក់ដូចចង់ស្ដីបន្ទោសដល់ឪពុកកុមារារងគ្រោះថា មិនស្ដាប់ការផ្សព្វផ្សាយ និងការអំពាវនាវរបស់សមត្ថកិច្ច ដែលបានហាមមិនឱ្យចេញទូកនេសាទ ឬធ្វើដំណើរកម្សាន្តតាមសមុទ្រក្នុងរង្វង់ ១ សប្ដាហ៍នេះ ដោយសារអាកាសធាតុមិនអំណោយផល ប៉ុន្តែពួកគេនៅតែចេញនេសាទទាំងមិនពាក់អាវពោងសុវត្ថិភាព។
លោកថា៖ «ករណីនេះមិនគួរកើតទេ ព្រោះអាជ្ញាធរយើងបានផ្សព្វផ្សាយ និងណែនាំឱ្យប្រុងប្រយ័ត្នព្រោះ១សប្ដាហ៍នេះអាកាសធាតុមិនអំណោយផល មានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រធំៗអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត»។
ជាមួយគ្នានេះលោក វឌ្ឍនៈ បានឱ្យដឹងដែរថា ជាង ១ សប្ដាហ៍កន្លងមកនេះ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ បណ្ដាលឱ្យមានជំនន់ទឹកភ្លៀងជន់លិចកំណាត់ផ្លូវជាច្រើនកន្លែងក្នុងឃុំទំនប់រលក និងលិចលំនៅឋានពលរដ្ឋក្នុងក្រុមទី ២១ ភូមិ ១ ប្រមាណជាង ២០ ខ្នងផ្ទះផងដែរ។ ក៏ប៉ុន្តែពេលនេះសមត្ថកិច្ចនគរបាល ស្រុកស្ទឹងហាវបានចុះជួយអន្តរាគមន៍ជម្លៀសគ្រួសារពលរដ្ឋក្នុងតំបន់រងគ្រោះទាំងនោះមកកាន់ទីទួលសុវត្ថិភាពអស់ហើយ៕