​ភ្នំពេញៈ ក្រសួង​សុខា​ភិ​បាល នៅ​ថ្ងៃទី​ ១៤ ខែកញ្ញា​នេះ បានប្រកាស​ហាមឃាត់ និង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ គណនី​ហ្វេ​ស​ប៊ុ​ក ចំនួន ៣ ​បន្ថែមទៀត ដែល​កំពុង​ផ្សព្វផ្សាយ​លក់ ឱសថ​បុរាណ ផលិតផល​គ្រឿងសម្អាង និង​ផលិតផល​បំប៉ន​សុខភាព គ្មាន​លេខ​បញ្ជិកា និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។ យោងតាម​សេចក្ដីប្រកាស​ព័​ត៌​​មាន​របស់​ក្រសួងសុខាភិបាល​។​

គណនី​ហ្វេ​ស​ប៊ុ​ក រួមមាន ទី​១ N&MLocalBrands ស្រី​តូច ទី​២ ឱសថ​បុរាណ​សញ្ញា​ប្រាសាទព្រះវិហារ និង​ទី​៣ DR.A សុខភាព​ធម្មជាតិ​ដែល​បានប្រកាស​ផ្សព្វផ្សាយ​លក់​ផលិតផល និង​ឱសថ គ្មាន​លេខ​បញ្ជិកា និង​គ្មាន​ច្បាប់​អនុញ្ញាតឱ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​ឡើយ​។

បើ​អនុ​​លោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​និង​ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ តម្រូវឱ្យ​រាល់​ការ​ចរាចរ​ឱសថ ឬ​គ្រឿងសម្អាង​គ្រប់​ប្រភេទ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវមាន​លេខ​បញ្ជិកា ឬ​លេខ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល​ហើយ​ការផ្សព្វផ្សាយ​ផលិត​​ផល​នេះ ​ត្រូវមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ផងដែរ​។​

​ក្រសួង​បញ្ជាក់ថា​៖ «​ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់​កាស និង​ប៉ះពាល់​ដល់​សុខ​ភាព​អ្នកប្រើប្រាស់​ទៀត​នោះ ​ក្រសួងសុខាភិបាល​សូម​ជូន​ព័ត៌មាន​ដល់​បងប្អូន​ប្រជា​​ពលរដ្ឋ​ទាំងអស់​ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​គ្រឿងសម្អាង​គ្មាន​លេខ​ប្រវេទន៍​ពី​ក្រសួង​សុខា​​ភិ​បាល​ខាងលើ​ជា​បន្តទៀត​ ព្រោះ​ផលិតផល​នេះ​គ្មាន​ប្រ​​ភព​ច្បាស់លាស់ ​ដែល​មិនអាច​ធានាបាន​នូវ​គុណភាព និង​សុវត្ថិ

​ភាព​បានឡើយ​»​។​

​ក្រសួង​បញ្ជាក់ថា​៖ «​ក្រសួងសុខាភិបាល​នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ ដែល​ផ្សព្វផ្សាយ​លក់ ឱសថ និង​គ្រឿងសម្អាង​ទៅតាម​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​​គ្រប់គ្រង​ឱសថ​ជា​ធរមាន​»​។​

​បើតាម​សេចក្ដីប្រកាស​ព័​ត៌​​មាន ក្រសួងសុខាភិបាល​បាន​ពិនិត្យឃើញ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ N&M Local Brands ស្រី​តូច​កំពុង​ផ្សព្វផ្សាយ​លក់​គ្រឿង​​សម្អាង​ប្រភេទ ANTI ACNE CREAM​។ ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ឱសថ​បុរាណ​សញ្ញា​ប្រាសាទព្រះវិហារ​កំពុង​ផ្សព្វផ្សាយ​លក់​ឱសថ​បុរាណ​សញ្ញា​ប្រាសាទព្រះវិហារ​ថ្នាំ​ស្មៅ​ប្រមាត់​មនុស្ស និង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ DR.A សុខភាព​ធម្មជាតិ​កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​បំប៉ន​សុខភាព ​MORINGAX PLUS ដែល​គ្មាន​លេខ​ប​ញ្ញិ​កា និង​គ្មាន​ច្បាប់​អនុញ្ញាតឱ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​ឡើយ​។

ក្រសួង​ប្រាប់ថា ក្នុងករណី​ប្រជាពលរដ្ឋ ត្រូវការ​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ ០១២ ៣៥៥ ១៦១-០១១ ៥៧៤ ៧៨៧ ០១២ ៩៨៣ ៣៣៤ ០១២ ៨៩២ ០២២៕