​ភ្នំពេញៈ​ មន្ត្រី​​ក្រសួង​ការបរទេស​ចាត់ទុក​ការដែល​កម្ពុជា​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ (ASEM13)​ ខាងមុខ​ គឺជាការ​បង្ហាញ​ពិភពលោក​ឱ្យឃើញថា ​កម្ពុ​ជាមាន​ស្ថិរភាព​នយោបាយ មាន​សន្តិភាព​ «​ពេញលេញ​»​ និង​ដើរ​លើផ្លូវ​ត្រូវ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ហើយក៏​ជា​ឱកាស​លើក​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​បណ្តា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​អាស៊ី និង​អឺរ៉ុប​ផងដែរ​។​

កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ ​ASEM 13 ក្រោម​មូលបទ​«​ការពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួមគ្នា​» រយៈពេល ​២ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ២៥-២៦ ខែវិច្ឆិកា​ តាម​ប្រព័ន្ធ​អន​ឡាញ​ដោយ ក្រោយពី​បាន​លើក​ពេល​ ២​ ដងមកហើយ ​ដែល​គ្រោង​ធ្វើ​កាលពី​ឆ្នាំ ​២០២០ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ​១៩​។ ​ASEM មាន​សមាសភាព​ ៥១ ​ប្រទេស​ និង​ ២ ​ស្ថាប័ន​។​

លោក​ ​លុយ​ ដាវី​ដ រដ្ឋលេខាធិការ​ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ថ្លែង​ក្នុង​វេទិកា​ពិភាក្សា​សារព័ត៌មាន​ស្តីពី​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ដែល​រៀបចំ​ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា​តាម​ប្រព័ន្ធ​វីដេអូ​នៅពី​ថ្ងៃទី​ ១៦ ខែកញ្ញាថា​ ការដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ ASEM13 នេះ​គឺជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​លើកមុខ​មាត់​លើ​ឆាក​អន្តរជាតិ​តាមរយៈ​ការចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពិភពលោក​​ដែល​កំពុង​ជួបប្រទះ​។

លោក ដាវី​ដ ​ថ្លែងថា​៖ «​ទី​២ ​គឺជា​ឱកាស​សម្រាប់​កម្ពុជា​យើង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយនឹង​បណ្តា​ប្រទេស ​ASEM​ ទាំងអស់ ហើយ​ចំណុច​ទី​៣​ នេះ​ គឺ​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ធំៗ​មកពី​ប្រទេស​អាស៊ី និង​អឺរ៉ុប​ហ្នឹង​ដូចជា​ប្រទេស​បារាំង អាល្លឺម៉ង់ សហភាព​អឺរ៉ុប​ ជប៉ុន​ ​កូរ៉េ និង ​រុស្ស៊ី ​នឹង​បង្ហាញ​ពិភព​លោ​កថា​កម្ពុ​ជាមាន​ស្ថិរ​ភាព​នយោបាយ មាន​សន្តិភាព​ពេញលេញ ហើយ​កំពុងតែ​ដើរ​ទៅលើ​វិថី​មួយ​ត្រឹមត្រូវ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​នាពេល​អនាគត​»​។​

លោក​បន្តថា វា​ក៏​ជា​ឱកាស​សម្រាប់​កម្ពុជា​បង្ហា​ញ​ពី​ការផ្សព្វផ្សាយ​អរិយធម៌ និង​វប្បធម៌ និង​ទាក់ទាញ​វិនិយោគ​និង​ភ្ញៀវទេសចរ​ដែល​កម្ពុជា​ត្រូវការ​ពេល​ប​ច្ចុប្ប​ន្ន​នេះ​។​ ដោយឡែក កម្ពុជា​បាន​ត្រៀម​ឯកសារ​ចំនួន ​៣​ សម្រាប់​ដាក់ឱ្យ​អនុម័ត​ក្នុង​កិច្ចប្រជុំ​នេះ គឺ​សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ ស្តីពី​ការស្តារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ សេចក្តីថ្លែងការណ៍​ប្រធាន​អង្គប្រជុំ​, និង​ការតភ្ជាប់ ​ASEM​។​

លោក ដា​វីដ ថ្លែងថា ​សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​នេះ ​គឺជា​ឆន្ទៈ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា ហើយក៏​បង្ហាញ​ពី​ឆន្ទៈ​របស់​ថ្នាក់ដឹកនាំ​អាស៊ី​-​អឺរ៉ុប​ក្នុងការ​ស្តារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​ ១៩​ ផងដែរ​។​

លោក​ថ្លែងថា​៖ «​ប្រសិនបើ​ឯកសារ​ហ្នឹង​ចេញ​គឺជា​សមិទ្ធផល​របស់​ក​ម្ពុ​ជា​ព្រោះនេះ​ជា​គំនិត​របស់​កម្ពុជា ​ដើម្បី​ដាក់​ឱ្យចេញ​ឯកសារ​ហ្នឹង​។ ជាទូទៅ​កិច្ចប្រជុំ ASEM កន្លងទៅ​មាន​ឯកសារ​តែមួយ​[​ដែល​]​ចេញ​គឺ Chair statement​ តែម្តង​។ ប៉ុន្តែ​ដោយឡែក​សម្រាប់​កិច្ចប្រជុំ ASEM13​ នេះ​គឺមាន​ឯកសារ​ចេញ​ដល់​៣»​។​

កិច្ចប្រជុំ​កំពូល​នឹងមាន​ការពិភាក្សា​ពី​ការដោះស្រាយ​បញ្ហា​ប្រឈម​ដោយ​ជំងឺ​កូ​វីដ​១៩ និង​កា​រព​ន្លឿ​ន​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ជំងឺ​កូ​វីដ​១៩​ផងដែរ​៕