ភ្នំពេញៈ អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ នៅ​រសៀល​ថ្ងៃទី ១៦​ កញ្ញា ​សម្រេច​ចោទប្រកាន់​លើ​ជនជាតិ​ចិន​ ១៤ នាក់ ​ពីបទ​ចាប់​ឃុំឃាំង ​និង​បង្ខាំង​មនុស្ស​ដោយ​ខុច្បាប់ ​អំពើ​រៀបចំ​ចាត់តាំង​ក្រុម​ជន​ប្រដាប់​អាវុធ​ និង​អំពើ​កាន់កាប់ ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ​តាម​បញ្ញត្តិ​មាត្រា​ ២៥៣ ​និង ​៤៨៦​ នៃ​ក្រម​ព្រហ្មទណ្ឌ ​និង​មាត្រា ​២០​ នៃ​ច្បាប់​ស្តីពី​ការត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ​និង​គ្រាប់​រំសេវ។

លោក ​ហួត វិចិត្រ ​ព្រះរាជ​អាជ្ញារង ​និង​ជាអ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ​ថ្លែង​នៅ​ថ្ងៃទី ១៦ ​កញ្ញាថា ​ក្រោយពី​បាន​ធ្វើ​ការពិនិត្យ​អង្គហេតុ​ និង​អង្គច្បាប់ ​លើ​សំណុំរឿង​ជនជាតិ​ចិន​ ១៤ នាក់ ​ដែល​មន្ត្រី​អាវុធហត្ថ​បញ្ជូន​មក​កាលពី​ថ្ងៃទី ១៥​ កញ្ញា​នោះ​ ត្រូវបាន​អយ្យការ​អម​សាលា​ដំបូង​ធ្វើការ​ចោទប្រកាន់​ហើយ​នៅ​រសៀល​ថ្ងៃ​ទី ១៦​ ខែកញ្ញា។

លោក​ថ្លែងថា​៖ «ពាក់ព័ន្ធ​នឹង​ករណី​នេះ ​ត្រូវបាន​ធ្វើការ​ចោទ​ប្រកាន់​តាមយៈ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើប​សួរ ​ពីបទ​ចាប់​ឃុំឃាំង ​និង​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់ ​អំពើ​រៀបចំ​ចាត់តាំង​ក្រុម​ជន​ប្រដាប់​អាវុធ ​និង​អំពើ​កាន់​កាប់​ ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ​តាម​បញ្ញត្តិ​មាត្រា​ ២៥៣ ​មាត្រា ​៤៨៦ ​នៃ​ក្រម​ព្រហ្មទណ្ឌ ​និង​មាត្រា ​២០ ​នៃ​ច្បាប់​ស្តីពី​ការត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ​និង​គ្រាប់​រំសេវ»។

លោក​ ញា ពិសិដ្ឋ ​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​នៃ​ទី​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ ថ្លែង​នៅ​រសៀល​ថ្ងៃទី ១៥ កញ្ញា​ថា ​សំណុំ​រឿង​ជន​សង្ស័យ​ជា​ជនជាតិ​ចិន ១៤ នាក់ ​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​យប់​ថ្ងៃ​ទី ១០​ កញ្ញា​នោះ ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ​ នៅ​ថ្ងៃទី ១៥ ខែកញ្ញា។​ ប៉ុន្តែ​មិន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កន្លែង​តុលាការ​ទេ ​ព្រោះ​អ្នក​ទាំងនោះ​ពាក់ព័ន្ធ​ជំងឺ​កូវីដ ១៩។

លោក​ថ្លែងថា​៖ «យើង​បញ្ជូន​តែ​សំណុំរឿង​ទៅ​តុលាការ​ ដើម្បី​ធ្វើការ​សម្រេច​តែ​ប៉ុណ្ណោះ។ ចំណែក​ជនសង្ស័យ​ ត្រូវ​យកទៅដាក់​នៅ​កន្លែង​ព្យា​បាល ​ដែល​ក្នុងនោះ​មាន ​៥ នាក់​មាន​កូវីដ ​ហើយ​ក្រៅពី​ហ្នឹង​ត្រូវធ្វើ​ចត្តា​ឡីស័ក។ ពេល​គាត់​សុខភាព​ធម្មតា​វិញ​ទើប​អនុវត្ត​ច្បាប់​បន្តទៀត»។

បើ​តាម​លោក ​ពិសិដ្ឋ ​នៅ​ល្ងាច​ថ្ងៃទី ១០ ​ខែកញ្ញា ​កម្លាំង​អាវុធហត្ថ​បាន​ចុះបង្ក្រាប​ករណី​ចាប់​ជំរិត​រវាង​ជនជាតិ​ចិន ​និង​ជនជាតិ​ចិន​ ដោយ​មាន​លោក ​ពេញ ពិសិដ្ឋ ​ព្រះរាជ​អាជ្ញារង​ជា​អ្នកសម្រប​សម្រួល​នីតិវិធី។ ក្រោយ​ផ្ទុះ​អាវុធ ​៥ ​ទៅ ៦ គ្រាប់ ​នៅវេលា​ល្ងាច​ កម្លាំង​សមត្ថកិច្ច​ការិយា​ល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ​និង​បាន​សហការ​គ្នា​ធ្វើការ​បង្ក្រាប។

មន្ត្រី​អាវុធហត្ថ​រូបនេះ​ឱ្យ​ដឹងថា​ ក្រុម​ជនជាតិ​ចិន​ ជា​អ្នក​ចាប់​ជំរិត​ប្រដាប់​ដោយ​អាវុធ​បាន​បាញ់​មុន​ទៅលើ​សមត្ថកិច្ច ​ហើយ​បានគេច​ខ្លួន​ឡើង​ទៅ​លើ​សណ្ឋាគារ​ស៊ី​ហាវ ​យ៉ិង​ហ៊ួយ ​ស្ថិត​ក្នុងភូមិ​៤ ​សង្កាត់​លេខ​៤​ ក្រុង​ព្រះសីហនុ។ ​ប៉ុន្តែ ​ដោយមាន​ការសម្រប​សម្រួល​បញ្ជា​ផ្ទាល់​ពី​ លោក​ សៀង សុខ ​ព្រះរាជ​អាជ្ញា ​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ​ការសហការ​គ្នា​របស់​កង​កម្លាំង​ទទួល​បាន​ជោគ​ជ័យ។

លោក​ ពិសិដ្ឋ ​បញ្ជាក់ថា​ ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​រកឃើញ​អាវុធ ​ចំនួន​ ៧ ដើម​ ក្នុងនោះ​អាវុធ​ខ្លី​ ៥ ដើម ​និង​វែង​២ដើម ​និង​រថយន្ត​ ចំនួន១​គ្រឿង ​ម៉ាក ​TOYOTA ALPHARD ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2P-0199។ ជាមួយ​គ្នា​នោះ​ បាន​រកឃើញ ​និង​រំដោះ​ជនរង​គ្រោះ​ជា​ចំណាប់​ខ្មាំង​ចំនួន​ ១ នាក់​ ជា​ជនជាតិ​ចិន​ផង​ដែរ។ កម្លាំង​សមត្ថ​កិច្ច​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​កំពុង​បន្ត​ស្រាវជ្រាវ រក​ប្រភព​អាវុធ​ខុសច្បាប់​ដែល​ជន​សង្ស័យ​យកមក​ប្រើ​ប្រាស់​ក្នុង​ការចាប់​ជំរិត​នេះ។

លោក​ថា​៖ «នេះ​ជា​លើក​ទី១ ​ហើយ ​ដែល​កម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បង្ក្រាបបាន​ករណី​ចាប់ជំរិត ​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​បែប​នេះ»៕