ភ្នំពេញៈ​ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​លោក សាយ សំ​អាល់ បញ្ជាក់ថា កម្ពុជា​ប្តេជ្ញា​បន្ត​ចូលរួម​ជាមួយ​សហគម​ន៍​អន្តរជាតិ​ក្នុងការ​អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​រាល់​កាតព្វកិច្ច​របស់ខ្លួន​សំដៅ​ធានា​ឱ្យបាន​នូវ​ប្រសិទ្ធភាព​នៃ​ការកាត់បន្ថយ​ និង​ការលុបបំបាត់​ការប្រើប្រាស់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​និង​សារធាតុ​ដែលមាន​សក្តានុពល​ធ្វើឱ្យ​កើន​កម្ដៅ​ខ្ពស់​។​

លោក​ សាយ ​សំ​អាល់ ​ថ្លែង​សារ​បែបនេះ​ក្នុងឱកាស​ប្រារព្ធ​ទិវា​អូ​ហ្សូ​ន​នៅថ្ងៃទី ​១៦ ​ខែ កញ្ញា ​ឆ្នាំ ​២០២១​។ ខណៈ​កម្ពុជា​ក៏បាន​ចូលរួម​អបអរសាទរ​ជាមួយ​បណ្តា​រដ្ឋាភិបាល​ និង​ប្រជាជន​នៃ​ប្រទេស​ចំនួន​ ១៩៨​ នៅលើ​សកលលោក​ដែល​កំពុង​រួមគ្នា​ប្រារព្ធ​ទិវា​អូហ្សូន​ពិភពលោក​ឆ្នាំនេះ​ក្រោម​ប្រធានបទ ​«​ពិធីសារ​ម៉ុងរ៉េអាល់​បាន​ជួយ​ថែរក្សា​យើង​ ម្ហូបអាហារ​ និង​វ៉ាក់សាំង​របស់​យើង​ឱ្យ​ត្រជាក់​» (Montreal Protocol-Keeping us, our food and vaccines cool)​។ ការ​ប្រារព្ធ​ទិវា​នេះ ដើម្បី​បំផុសស្មារតី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ឱ្យ​យល់ដឹង​កាន់តែច្បាស់​អំពី​សារៈសំខាន់​នៃ​ស្រទាប់​អូហ្សូន​សម្រាប់​ជីវិត​លើ​ភពផែនដី​ និង​បន្ត​ចូលរួម​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​ សំដៅ​ថែរក្សា​ការពារ​ស្រទាប់​អូហ្សូន​ និង​កាត់បន្ថយ​ការ​កើន​កម្តៅ​ភពផែនដី​។​

លោក​ថ្លែងថា​៖ «​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ប្រជាជាតិ​ជាច្រើន​នៅលើ​ពិភពលោក រហូតមកដល់​ពេលនេះ យើង​បាន​លុបបំបាត់​ស្ទើរ​ទាំងស្រុង​នូវ​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​ ហើយ​សង្ឃឹមថា ​ស្រទាប់​អូហ្សូន​នឹង​អាច​រួម​ភ្ជិត​មកវិញ​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ​២០៥០​ ខាងមុខ​»​។​

លោក​បានឱ្យដឹងថា​ សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន ក៏​ជា​សារធាតុ​ដែលមាន​សក្តានុពល​ធ្វើឱ្យ​កើន​កម្ដៅ​ខ្ពស់​ផងដែរ ដូច្នេះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់មនុស្ស​ជាតិ​ក្នុងការ​អនុវត្ដ​ពិធីសារ​ម៉ុងរ៉េអាល់ ពិតជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ការ​កើន​កម្ដៅ​ភពផែនដី​។

លោក សំ​អាល់​ លើកឡើងថា ក្នុងនាម​ជា​រដ្ឋ​ភាគី​កម្ពុជា​បាន​បញ្ឈប់​ការប្រើប្រាស់​សារធាតុ​ក្ល​រ៉ូ​ភ្លុយអ​រ៉ូ​កាបូន (CFC)​ ទាំងស្រុង​ក្នុង​ឆ្នាំ​ ២០១០ ​ហើយក៏​កំពុង​បន្ត​អនុវត្ត​ផែនការ​គ្រប់គ្រង​សារធាតុ​ហាយ​ដ្រូ​ក្ល​រ៉ូ​ភ្លុយអ​រ៉ូ​កាបូន (HCFC) ស្របតាម​កាតព្វកិច្ច​ដែល​មានចែង​ក្នុង​ពិធីសារ​ម៉ុងរ៉េអាល់​។ ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​កំពុង​ត្រៀម​រៀបចំ​ផែនការ​គ្រប់គ្រង​សារធាតុ​ហាយ​ដ្រូ​ភ្លុយអ​រ៉ូ​កាបូន (HFCs) ក្នុងការ​អនុវត្ដ​វិសោធនកម្ម​ទីក្រុង​គី​ហ្កា​លី​នៃ​ពិធីសារ​ម៉ុងរ៉េអាល់​ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន​នៅ​ថ្ងៃទី ​៨​ ខែ មេសា​ ឆ្នាំ ​២០២១​។ ក្នុង​ក្តី​សង្ឃឹមថា​ការ​កើន​កម្ដៅ​ភពផែនដី​អាច​ត្រូវបាន​កាត់បន្ថយ​រហូត​ដល់​ ០,៥°C នៅ​ចុង​សតវត្សរ៍​នេះ​តាមរយៈ​ការត្រួតពិនិត្យ​ និង​កាត់បន្ថយ​ការប្រើប្រាស់​សារ​ធាតុ​​ HFCs នេះ​។​

លោក​បញ្ជាក់ថា​៖ «​ក្នុងន័យនេះ​កម្ពុជា​ប្តេជ្ញា​បន្ត​ចូលរួម​ជាមួយ​សហគម​ន៍​អន្តរជាតិ​ក្នុងការ​អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​រាល់​កាតព្វកិច្ច​របស់ខ្លួន​សំដៅ​ធានា​ឱ្យបាន​នូវ​ប្រសិទ្ធភាព​នៃ​ការកាត់បន្ថយ​ និង​ការលុបបំបាត់​ការប្រើប្រាស់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន ​និង​សារធាតុ​ដែលមាន​សក្តានុពល​ធ្វើឱ្យ​កើន​កម្ដៅ​ខ្ពស់​»​។​

បើតាម​លោក សំ​អាល់ កម្ពុជា​បាននិងកំពុង​អនុវត្ត​ផែនការ​គ្រប់គ្រង​សារធាតុ​ហាយ​ដ្រូ​ក្ល​រ៉ូ​ភ្លុយអ​រ៉ូ​កាបូន (HCFC Phase-out Management Plan) ក្នុងនោះ​ដំណោះស្រាយ​ប្រសិទ្ធភាព​ថាមពល​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​ត្រជាក់​ដែលមាន​សក្តានុពល​កម្តៅ​សកល​ទាប​ ឬ​សូន្យ​ត្រូវបាន​គេ​រំពឹងថា​ នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ច​ព្រមទាំង​សុខភាព​មនុស្ស​ និង​សន្តិសុខ​ថាមពល​ផងដែរ​។​

លោក​បានឱ្យដឹងថា ការកាត់បន្ថយ​ការប្រើប្រាស់​សារធាតុ​ HFCs ក្រោម​វិសោធនកម្ម​គី​ហ្កា​លី​រួម​នឹង​ការប្រើប្រាស់​ឧបករណ៍​ត្រជាក់​ដែលមាន​ប្រសិទ្ធភាព​ថាមពល​ខ្ពស់​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ការកាត់បន្ថយ​ការ​កើន​កម្តៅ​ភពផែនដី​ទ្វេដង​។​ ដំណោះស្រាយ​ទាំងនេះ​គឺជា​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ​ សម្រាប់​សេដ្ឋកិច្ចកម្ពុជា​ផង​ និង​សម្រាប់​សកម្មភាព​ប្រែប្រួល​អាកាសធាតុ​សកល​ផងដែរ​។

បើតាម​លោក​រដ្ឋមន្ដ្រី​ក្នុង​ចន្លោះ​ឆ្នាំ​ ១៩៩០ ដល់​ឆ្នាំ​ ២០១០ ពិភពលោក​បានរួម​គ្នា​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក​ទៅក្នុង​បរិយាកាស ប្រមាណ​ ១៣៥​ ពាន់​លាន​តោន​។ ជាមួយគ្នានេះ​ចាប់ពី​ឆ្នាំ​ ២០០០​ មក ស្រទាប់​អូហ្សូន​ក៏បាន​ភ្ជិត​ឡើងវិញ​ក្នុង​អត្រា​ប្រមាណ​ពី​ ១-៣%​ ក្នុង ១ ឆ្នាំ ដែល​ការ​ភ្ជិត​ទាំងស្រុង​នឹង​អាច​កើតមានឡើង​នៅក្នុង​ឆ្នាំ ​២០៣០ សម្រាប់​ប៉ូល​ខាងជើង និង​ក្នុង​ឆ្នាំ​ ២០៥០ សម្រាប់​ប៉ូល​ខាងត្បូង​។

លោក​ថ្លែងថា​៖ «​ទន្ទឹមនឹង​ការ​ភ្ជិត​មកវិញ​នូវ​ស្រទាប់​អូហ្សូន យើង​ក៏​សង្ឃឹមថានឹង​អាច​ទប់ស្កាត់​ការ​កើន​កម្ដៅ​ភពផែនដី​ផងដែរ តាមរយៈ​ការ​អនុវត្ដ​វិសោធនកម្ម​ទីក្រុង​គី​ហ្កា​លី នៃ​ពី​ធី​សារ​ម៉ុងរ៉េអាល់​»​។​

លេខាធិការដ្ឋាន​អូហ្សូន​នៃ​អង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ​បាន​ថ្លែង​សារ​ស្ដីពី​ការ​ប្រារព្ធ​ខួប​ទិវា​អូហ្សូន​ពិភពលោក​នៅ​ថ្ងៃទី​ ១៦​ ក​ញ្ញានេះ​ថា ​ពិធីសារ​ម៉ុងរេ៉​អាល់​បានចាប់ផ្តើម​ជីវិត​ក្នុងនាម​ជា​កិច្ចព្រមព្រៀង​ជាស​កល​ ដើម្បី​ការពារ​ស្រទាប់​អូហ្សូន​ដែលជា​ការងារ​មួយ​ដែល​វា​ធ្វើបាន​យ៉ាង​ល្អ​ដែល​ធ្វើឱ្យ​វា​ក្លាយជា​កិច្ចព្រមព្រៀង​បរិស្ថាន​ជោគជ័យ​បំផុត​មួយ​រហូតមកដល់​បច្ចុប្បន្ន​។ ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​ដែល​រួបរួមគ្នា​ ដើម្បី​កម្ចាត់​សារធាតុ​បំផ្លាញ​​អូហ្សូន​មានន័យថា​សព្វថ្ងៃនេះ​រន្ធ​នៅក្នុង​ស្រទាប់​អូហ្សូន​កំពុង​ជាសះស្បើយ​ ដើម្បី​ការពារ​សុខភាព​មនុស្ស​សេដ្ឋកិច្ច​និង​ប្រព័ន្ធ​អេកូឡូស៊ី​។​

ពិភពលោក​កំពុង​ប្រារព្ធ «​ទិវា​អូហ្សូន​ពិភពលោក​» ដែល​ត្រូវជា​ខួប​លើក​ទី​៣៦ នៃ «​អនុសញ្ញា​ទីក្រុង​វី​យ៉ែ​ន ស្តីពី​កិច្ចការពារ​ស្រទាប់​អូហ្សូន​» ឆ្នាំ​ ១៩៨៥ និង​ត្រូវជា​ខួប​លើក​ទី​៣៤ នៃ «​ពិធីសារ​ម៉ុងរ៉េអាល់​ស្តីពី​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​ឆ្នាំ ​១៩៨៧​។ ការកំណត់​យក​ថ្ងៃទី ​១៦ ខែកញ្ញា​ ជា​ថ្ងៃ​ប្រារព្ធ​ខួប «​ទិវា​អូហ្សូន​ពិភពលោក​» ជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ ​១៩៩៥​ មក ដើម្បី​រំឭក​ដល់​ថ្ងៃ​បង្កើត​ពិធីសារ​ម៉ុងរ៉េអាល់ ក៏ដូចជា​អបអរសាទរ​ដល់​សមិទ្ធ​ផល​និង​វឌ្ឍនភាព​ជាច្រើន​ដែល​ពិភពលោក​រួមគ្នា​សម្រេចបាន​សំដៅ​ឆ្ពោះទៅ​ការពារ​ឱ្យបាន​នូវ​ស្រទាប់​អូហ្សូន​៕