
តំបន់ក្រហមដែលអាជ្ញាធរខេត្តឧត្ដរមានជ័យកំណត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។ រូបថត រដ្ឋបាលខេត្ត
ឧត្តរមានជ័យៈ រដ្ឋបាលខេត្តឧត្តរមានជ័យសម្រេចកំណត់មួយផ្នែកនៃភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ជាតំបន់ “តំបន់ក្រហម”ខណៈខេត្តសៀមរាបបិទផ្សារកំពង់ក្តីដែលស្ថិតនៅភូមិកំពង់ក្តី ២ ឃុំកំពង់ក្តី ស្រុកជីក្រែង ចំណែកខេត្តបាត់ដំបង បិទភូមិភ្នំ ១០០ ក្នុងឃុំត្រាង ស្រុកកំរៀង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី ១៥ ខែកញ្ញា បានចេញលិខិតសម្រេចកំណត់មួយផ្នែកនៃភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជា “តំបន់ក្រហម” និងបិទខ្ទប់ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ១៥ ខែកញ្ញា រហូតដល់មានការសម្រេចជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងខេត្តបន្ទាយមានជ័យ។
លោកអភិបាលខេត្តឧត្តរមានជ័យបានបញ្ជាក់ថា ក្នុងអំឡុងនៃការបិទខ្ទប់នេះបុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួនដោយរួមទាំងការមិនអនុញ្ញាតឲ្យធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួនឡើយ។
លោកសរសេរក្នុងលិខិតនោះថា៖ «ក្នុងករណីមានការបំពានវិធានការហាមឃាត់ការធ្វើដំណើរនេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ អនុលោមតាមប្បញ្ញត្តិ និងនីតិវិធីជាធរមាន»។
យ៉ាងណាក្ដី ការធ្វើដំណើរចេញក្រៅលំនៅឋានឬទីសំណាក់បច្ចុប្បន្ន ឬការធ្វើដំណើរចេញចូល “តំបន់ក្រហម” អាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ ដូចជា ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ការទៅជួបមន្ត្រីសុខាភិបាលដើម្បីយកសំណាក ឬចាក់វ៉ាក់សាំង ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកនៃសេវាពន្លត់អគ្គិភ័យ អគ្គិសនី ផ្គត់ផ្គង់ទឹកស្អាត និងផ្នែកទូរគមនាគមន៍ជាដើម។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អភិបាលខេត្តឧត្តរមានជ័យ។
ចំណែកផ្សារនិងទីកន្លែងលក់ម្អូបអាហារ និងគ្រឿងឧបភោគបរិភោគរួមទាំងទីកន្លែងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់ក្នុង “តំបន់ក្រហម” ត្រូវផ្អាកជាបណ្តោះអាសន្ន លើកលែងតែសកម្មភាពការងារ មុខរបរ និងអាជីវកម្ម មួយចំនួនដូចជា សេវាសង្គ្រោះបន្ទាន់ ទីតាំងផលិតគ្រឿងបរិភោគ ទីតាំងលក់ហ្គាស់ សេវាផ្គត់ផ្គង់ឱសថ និងបរិក្ខារពេទ្យ និងសេវាប្រមូលសំរាមជាដើម។
ជាមួយគ្នានេះដែរ អាជ្ញាធរហាមឃាត់ការជួបជុំឬការប្រមូលផ្តុំមនុស្សដោយលើកលែងតែករណីចាំបាច់ដូចជាការជួបជុំសមាជិកគ្រួសារ ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងការជួបជុំមនុស្សដែលបម្រើប្រយោជន៍សាធារណៈជាដើមផងដែរ។
លោកអភិបាលខេត្តបញ្ជាក់ថា៖ «បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលបំពានវិធានការបិទខ្ទប់ ការហាមឃាត់ការធ្វើដំណើរ វិធានការហាមឃាត់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងវិធានការហាមឃាត់ការជួបជុំ ឬការប្រមូលផ្តុំ មនុស្សក្នុងតំបន់ “តំបន់ក្រហម” នឹងត្រូវអនុវត្តវិធានការច្បាប់ និងទណ្ឌកម្មរដ្ឋបាលតាមច្បាប់ជាធរមាន»។
នៅថ្ងៃដដែលនោះ អាជ្ញាធរខេត្តសៀមរាបក៏បានសម្រេចបិទផ្សារកំពង់ក្តី ស្ថិតក្នុងភូមិកំពង់ក្តី ២ ឃុំកំពង់ក្តី ស្រុកជីក្រែង ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ២ សប្តាហ៍ គិតចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៩ ខែកញ្ញាក្នុងបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងភូមិសាស្ត្រដែលត្រូវបិទនិងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងទៅតំបន់ផ្សេងទៀត រហូតមានសេចក្តីសម្រេចថ្មីផងដែរ។
រីឯនៅខេត្តបាត់ដំបងវិញ លោក សុខ គឹមខុន អភិបាលស្រុកកំរៀងថ្លែងនៅថ្ងៃទី ១៦ ខែកញ្ញាថា ភូមិភ្នំ១០០ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបងមានពលរដ្ឋប្រមាណជាង៨០នាក់ឆ្លងជំងឺកូវីដ ១៩ ក្នុងចំណោមប្រជាពលរដ្ឋ១៥៨គ្រួសារដែលមានមនុស្សជាង ៦០០ នាក់។
លោកថា ចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៥ ខែកញ្ញា មន្ត្រីសុខាបាលបានធ្វើតេស្តលើមនុស្សចំនួនបានប្រមាណជាង ៤០០ នាក់ហើយ។ ក្រោយរកឃើញអ្នកជំងឺកូវីដ ១៩ ភូមិនេះត្រូវបានបិទជាផ្លូវការតាំងពីថ្ងៃទី ១២ ខែកញ្ញា។
លោកបានបញ្ជាក់ថា៖ «ភូមិហ្នឹងយើងបានបិទជាផ្លូវការហើយតាំងពីថ្ងៃទី ១២ ខែកញ្ញា ព្រោះយើងរកឃើញតាំងពីថ្ងៃហ្នឹងមក ហើយមកដល់ថ្ងៃនេះយើងកំពុងតែបន្តធ្វើតេស្តថែមទៀត»។
លោក សុខ គឹមខុន បានបញ្ជាក់ទៀតថា ចំពោះប្រភពឆ្លងជំងឺកូវីដ ១៩ ទៅក្នុងភូមិនេះអាជ្ញាធរមិនដឹងច្បាស់ថាឆ្លងមកពីណាឲ្យប្រាកដនោះទេ ប៉ុន្តែករណីរកឃើញដំបូងគឺអាជីករជាអ្នកលក់ចាប់ហួយនៅក្នុងភូមិនោះមានគ្រោះថ្នាក់និងបានទៅរកសេវាព្យាបាលរបួសនៅមន្ទីរពេទ្យ ទើបរកឃើញមានកូវីដ ១៩។
លោកថ្លែងថា៖ «ម្ចាស់តូបចាបហួយហ្នឹងគាត់មានរបួសដោយសារមុតកាំបិតអ៊ីចឹងគាត់ទៅពេទ្យ។មុនចូលមន្ទីរពេទ្យគេត្រូវធ្វើតេស្ត ដល់ពេលធ្វើតេស្តទៅឃើញវិជ្ជមាន អ៊ីចឹងក្រុមការងារយើងបានស្រាវជ្រាវអ្នកដែលនៅក្នុងមូលដ្ឋានអ្នកណាប៉ះពាល់ខ្លះជាមួយក្រមគ្រួសារគាត់ អញ្ជឹញគាត់មកធ្វើតេស្តដើម្បីរកមេរោគ អ៊ីចឹងពេលធ្វើតេស្តទៅយើងចេះតែរកឃើញបន្តបន្តាប់អ៊ីចឹងទៅ»៕