ភ្នំពេញៈ អូស្ត្រាលី​និងក្រសួង​រៀបចំ​ដែនដី​នគរូបនីយ​កម្ម​និង​សំណង់​នៅ​ថ្ងៃទី​ ១៦ ​ខែកញ្ញា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​មួយ​ ដើម្បី​ដាក់ចេញ​ជា​ផ្លូវការ​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​ការពង្រឹង​សុវត្ថិភាព​ការងារ​ក្នុង​វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុជា។

តាម​សេចក្តី​ប្រកាស​ព័ត៌មានរ​ប់ស់​ស្ថាន​ទូត​អូ​ស្រា្ត​លី​នៅ​ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២១ លោក Pablo Kang ឯកអគ្គ​រាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជាបាន​ថ្លែងថា ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កិច្ចព្រម​ព្រៀង​នេះ​អូស្ត្រាលី​បាន ​និងកំពុង​គាំទ្រ​ក្រសួង​ ដើម្បី​បង្កើត​គោល​ការណ៍​ណែនាំ​ដំបូង​មួយ​សម្រាប់​កម្ពុជាដែល​ផ្តោត​ទៅលើ​សុខ​ភាព​ និង​សុវត្ថិភាព​នៅ​ការដ្ឋាន​សំណង់​ ដើម្បី​ពង្រឹង​សុវត្ថិភាព​និង​កាត់​បន្ថយ​ហានិ​ភ័យ​នៃ​ការស្លាប់​និង​គ្រោះថ្នាក់​នានា​នៅ​ការដ្ឋាន​សំណង់​នៅ​កម្ពុជា។

លោក​បន្តថា ​ការងារ​លើ​គោល​ការណ៍​ណែនាំ​បាន​និងកំពុង​ដំណើរកា​រ​យ៉ាង​ល្អ​ហើយ​គោល​ការណ៍​ណែនាំ​នេះអាច​នឹង​បញ្ចប់ និង​ត្រូវ​បាន​ដាក់ឱ្យ​អនុវត្តនៅ​ចុងឆ្នាំ​ ២០២១​។ អូស្ត្រាលី​ក៏​នឹង​ផ្តល់​ការ​ពង្រឹង​សម​ត្ថភាព​ដ​ល់​ក្រុមកា​រងារ​ក្រសួង​លើ​ការត្រួត​ពិនិត្យ​ និង​ការពង្រឹង​ស្តង់ដា​ថ្មី​ក៏ដូចជា​ការលើក​កម្ពស់​ការយល់​ដឹង​របស់​វិស័យ​ឯកជន​អំពី​ការ​ទទួល​ខុសត្រូវ​របស់​ពួកគេ​ក្នុងការ​លើកក​ម្ពស់​សុវត្ថិ​ភាព​ការងារ​នៅ​ការ​ដ្ឋាន។​

បើតាម លោក Pablo Kang ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៃ​ទីក្រុង​នានា​នៅ​កម្ពុជា​បាន​បង្កើត​នូវ​បញ្ហា​ប្រឈម​ថ្មីៗបន្ថែម​ទៀត​ជាពិសេស ការ​ដួលរលំ​អគារធំៗ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺជា​សោក​នាដក​ម្ម​នៅ​កម្ពុជា។

លោក​ថ្លែងថា​៖ «យើង​មើលឃើញ​ពី​ភាព​ចាំបាច់​របស់​អូស្ត្រាលី​ក្នុងការ​ឆ្លើយ​តប​យ៉ាង​ឆាប់រ​ហ័ស​ និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ទៅ​កាន់​សំណើសុំ​​ការគាំទ្រ​របស់​រដ្ឋាភិ​បាល​កម្ពុជា​ក្នុងការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​របស់​កម្មក​រ​សំណង់​ក្រុម​គ្រួសារ​ពួកគេ និង​សាធា​រណជន​រួមទាំង​ហានិ​ភ័យ​នានា​ទាក់​ទង​នឹង​ជំងឺ​កូ​វីដ ១៩​»។

លោក ជា សុផារ៉ា ឧបនា​យករ​ដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូ​បនីយ​កម្ម និង​សំណង់ បាន​ឱ្យដឹងថា ចាប់តាំងពី​ប្រទេស​កម្ពុជា​ បាន​អនុម័ត​ច្បាប់​ស្តីពី​សំណង់ដ៏​មាន​សារៈសំ​ខាន់​ក្នុង​ឆ្នាំ ២០១៩ មក​ក្រសួង​បាននិ​ងកំពុង​ធ្វើការ​ឥតឈ​ប់ឈ​រ​លើ​ការ​អនុវត្ត​ច្បាប់​នេះ​។

លោកបាន​បន្តថា ស្តង់ដា​សុវត្ថិភាព​ដែល​អាច​អនុវត្ត​បាន​នៅ​ការដ្ឋាន​សំណ​ង់ គឺជា​ការចាំ​បាច់និង​មាន​សា​រៈសំខាន់ ហើយ​យើង​កោត​សរសើរ​ចំពោះ​ការគាំទ្រ​របស់​អូ​ស្ត្រាលី​ដើម្បីឱ្យ​យើង​អាច​ឈាន​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស។

លោក​ថ្លែង​ថា៖ «នៅ​ឆ្នាំ ​២០២០ អូស្ត្រាលី​ក៏បាន​រៀបចំ​ឱ្យ​ក្រុមកា​រងារ​មន្ត្រី​កម្ពុជា​ធ្វើដំ​ណើរ​ទៅ​ប្រទេស​អូស្ត្រា​លី ដើម្បី​រៀនសូត្រ​វគ្គ​ខ្លី​ស្តីពី​សុវត្ថិ​ភាព​សំណង់​ដែល​រួមទាំង​ការត្រួត​ពិនិត្យ​ពី​ការអនុវត្ត​សុវត្ថិភាព​ក្នុង​ការដ្ឋាន​សំណង់​ និង​ជួប​ជាមួយ​ទីភ្នាក់ងារ​អូស្ត្រាលី​នានា​ដែល​ទទួល​បន្ទុក​ផ្នែក​ត្រួត​ពិនិត្យ​បញ្ហា​សុវត្ថិភាព​សំណង់។​ ទស្សនកិច្ច​សិក្សា​នេះជា​ផ្នែក​មួយ​នៃ​ជំនួយ​គាំទ្រ​របស់​អូស្ត្រាលី លើ​សុវត្ថិ​ភាព​ការងារ​ក្នុង​វិស័យ​សំណង់»​។

បើតា​មសេ​ចក្តីប្រ​កាស​ព័ត៌មាន​របស់​ស្ថាន​ទូត​អូ​ស្ត្រាលី ការគាំ​ទ្រ​របស់​អូស្ត្រាលី​ទៅលើ​សុវត្ថិភាព​ការងារ​ក្នុង​វិស័យ​សំណង់​នេះ ជា​ផ្នែក​មួយ​នៃ​កម្មវិធី “វិនិ​យោគ​ក្នុង​វិស័យ​ហេដ្ឋារ​ចនាសម្ព័ន្ធ​” របស់​អូស្ត្រាលី ដែល​មាន​រយៈពេល ​៦ ឆ្នាំ និង​មាន​ទឹកប្រាក់​ចំនួន ៤៩,៤​ លាន​ដុល្លារ​អូស្ត្រា​លី​៕