ភ្នំពេញៈ ភ្នាក់ងារ​ជំនួយ​អាមេរិក​ USAID ​និង​ក្រសួង​បរិស្ថាន ​រួមគ្នា​ធ្វើ​យុទ្ធនាការ​ទំនាក់ទំនង​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម​ស្តីពី​ ការកាត់​បន្ថយ​តម្រូវការ​ប្រើប្រាស់​គ្រឿង​សង្ហារឹម​ធ្វើ​ពី​ឈើ​ប្រណិត​ ខណៈ​តម្រូវការ​ឈើ​ប្រណិត​មាន​ការកើន​ឡើង ​ទាំង​ទីផ្សារ​ក្នុង​ស្រុក ​និង​អន្តរជាតិ ​ដែល​នាំឱ្យ​ការកាប់​បំផ្លាញ​ព្រៃឈើ ​និង​ការបាត់​បង់​ប្រភេទ​ដើម​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​ត្រូពិច​របស់​កម្ពុជា។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន។​

ការ​ប្រកាស​បើក​ជាផ្លូវការ​នូវយុទ្ធនាការ​នេះ​ធ្វើឡើង​ ដោយ​លោក ​រីឆាត ឈិន ​ប្រធាន​ការិយាល័យ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​នៃ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក ​USAID ​និង ​លោក​ស្រី មាស ច័ន្ទធីតា ​អគ្គនាយិការង​អគ្គនាយកដ្ឋាន​ចំណេះ​ដឹង ​និង​ព័ត៌មាន​បរិស្ថាន ​នៃ​ក្រសួង​បរិស្ថាន​ នៅ​ថ្ងៃទី ១៥ ​ខែកញ្ញា ​តាម​ប្រព័ន្ធ​វីដេអូ​ហ្សូម។ យុទ្ធនាការ​នេះ​ ឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ USAID។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ​យុទ្ធនាការ​នេះ ​ជាយុទ្ធនាការ​មួយ​ក្នុង​ចំណោម​យុទ្ធនាការ​ចំនួន​ ៣ ​ដែល​ផ្តល់​ខ្លឹមសារ​ និង​សារ​គន្លឹះ​តាមរយៈ​ប្រព័ន្ធពហុ​ផ្សព្វផ្សាយ​ដើម្បី​គាំទ្រ​យុវជន​ដែលជា​ «ជើងឯក​បៃតង» ​ក្នុង​ការធ្វើជា​គំរូ​ផ្លាស់ប្តូរ​ឥរិយាបថ​ និង​ការអនុវត្ត​ឱ្យបាន​ជោគ​ជ័យ​ជុំវិញ​កិច្ចការពារ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា។

លោក​ រីឆាត ឈិន ​បាន​កត់​សម្គាល់​ឃើញ​តម្រូវការ​ឈើ​ប្រណិត ​មាន​ការកើន​ឡើង​គួរឱ្យ​កត់​សម្គាល់ ​ទាំង​ទីផ្សារ​ក្នុង​ស្រុក​និង​អន្តរជាតិ។ នេះ​ជា​ការរួម​ចំណែក​ដល់​ការកាប់​បំផ្លាញ​ព្រៃឈើ ​និង​ការបាត់បង់​ប្រភេទ​ដើម​ឈើ​មាន​តម្លៃ ​ដូចជា​ឈើ​គ្រញូង ​ធ្នង់ ​នៅ​ក្នុង​ព្រៃ​ត្រូពិច​របស់​កម្ពុជា។

លោក​ថ្លែងថា​៖ «យើង​សង្ឃឹមថា ​យុទ្ធនាការ​នេះ ​នឹង​ផ្តល់​ព័ត៌មាន ​មាន​ប្រយោជន៍ ​និង​ផ្តល់​ជម្រើស​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ ជាពិសេស​យុវជន​ធ្វើការ​ពិចារណា ​ដើម្បី​ពួកគេ​អាច​ចូលរួម​ការពារ​បរិស្ថាន​របស់​ពួកគេ​ឱ្យកាន់តែ​ប្រសើរ​ឡើង»។

លោក​បន្ត​ថា​៖ «ការធ្វើ​សកម្មភាព​ត្រឹមត្រូវ​នៅ​ថ្ងៃនេះ ​អាច​នាំឱ្យ​មាន​ផលវិជ្ជមាន ​នាពេល​អនាគត​ដល់​ព្រៃឈើ ​និង​សត្វ​ព្រៃ​នៅ​កម្ពុជា​នា​ពេល​អនាគត។ សូម​រក្សា​ដើមឈើ​ឱ្យ​នៅ​កន្លែង​ដែល​ពួកវា​កំពុង​ស្ថិត​នៅ»។

លោក​ស្រី មាស ច័ន្ទធីតា ​ថ្លែងថា ​ប្រជាជន​កម្ពុជា​ទាំងចាស់ ​ទាំងក្មេង ​មាន​កាតព្វកិច្ច​ចូលរួម​ក្នុងការ​អភិរក្ស ​និងការពារ​ធនធាន​ធម្មជាតិ​ដ៏មាន​តម្លៃ​របស់​ខ្លួន។

លោកស្រី​ថ្លែង​ថា​៖ «គោល​បំណង​នៃ​យុទ្ធនាការ​នេះ ​គឺ​គាំទ្រ​ដល់​យុទ្ធសាស្រ្ត​គាំពារ​បរិស្ថាន​ជាតិ ​និង​ផែនការ​សកម្មភាព​ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​គោលដៅ​ពង្រឹង​ប្រសិទ្ធភាព​គាំពារ​បរិស្ថាន ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ​ការអភិ​រក្ស​ជីវចម្រុះ ​និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព»។

លោក ​អ៊ុក ស៊ីសុវណ្ណ ​ប្រធាន​គម្រោង​អនាគត​បៃតង​កម្ពុជា​ នៃ​អង្គការ ​USAID ​ថ្លែងថា ​គម្រោង​អនាគត​បៃតង​របស់​ USAID ​គឺជា​គម្រោង​មួយ​មាន​រយៈពេល​៥ឆ្នាំ ​មាន​គោល​បំណង​ផ្ដល់​ដល់​ប្រជាពលរដ្ឋ ​និង​សង្គម​ស៊ីវិល​កម្ពុជា​នូវ​ចំណេះ​ដឹង ​ព័ត៌មាន ​និង​ជំនាញ។ ការ​ប្រើ​ប្រាស់​ទំនាក់​ទំនង​ផ្អែក​លើ​ភ័ស្តុតាង ​ដើម្បី​ជះ​ឥទ្ធិពល​ដល់​ការផ្លាស់​ប្ដូរ​ឥរិយាបថ ​និង​សកម្មភាព​ជាវិជ្ជមាន​របស់​ពួកគាត់ ​គាំទ្រ​ដល់​ការអភិរក្ស​ជីវចម្រុះ ​កិច្ច​ការងារ​ព្រៃឈើ ​និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព។

លោក​ថ្លែងថា​៖ «គម្រោង​នេះ​កំពុង​គាំទ្រ​និង​បណ្ដុះ​បណ្ដាល​យុវជន​ឱ្យក្លាយ​ជា​ភ្នាក់ងារ​ផ្លាស់ប្ដូរ ​និង​ជាគំរូ​សម្រាប់​យុទ្ធនាការ​ទំនាក់​ទំនង​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម ​និង​ជួយ​លើក​កម្ពស់​ភាព​ជាអ្នក​គ្រប់គ្រង​បរិស្ថាន​នៅ​កម្ពុជា​នាពេល​អនា​គត»។​

លោក​ឱ្យដឹង​ថា ​ការអនុវត្ដ​យុទ្ធនាការ​ទំនាក់​ទំនង​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម ​ធ្វើ​ឡើង​លើ​ប្រធាន​បទ​ចំនួន​៣ ​គឺ​ទី១ ​ផ្ដោត​លើ​ការកាត់​បន្ថយ​តម្រូវការ​ប្រើ​ប្រាស់​គ្រឿង​សង្ហារឹម​ធ្វើ​ពីឈើ​ប្រណិត​ដែល​នឹង​ជំរុញ​លើក​ទឹកចិត្ដ​យុវជន ​ឪពុក​ម្ដាយ ​និង​សាច់ញាតិ​របស់​ពួកគេ​ឱ្យ​ចូល​រួម​កាត់​បន្ថយ​ការទិញ​គ្រឿង​សង្ហារឹម​ធ្វើ​ពី​ឈើ​ប្រណិត។ ទី២ ​ការកាត់​បន្ថយ​ការបរិភោគ​សាច់​សត្វ​ព្រៃ ​និង​ប្រើ​ប្រាស់​ផលិត​ផល​ធ្វើ​ពី​សត្វព្រៃ ​និង​ទី៣ ​ការលើក​ទឹកចិត្ដ​ប្រជាជន​ឱ្យឈប់​បោះចោល​សំរាម​ផ្ដេស​ផ្ដាស។

លោក​ ស៊ីសុវណ្ណ ​បាន​ឱ្យដឹង​ថា ​យុទ្ធនាការ​នីមួយៗ​នឹង​លើក​កម្ពស់​ការផ្សព្វ​ផ្សាយ​សារ​សំខាន់ៗ ​និង​ព័ត៌មាន​ផ្អែក​លើ​ភ័ស្តុតាង​ជាចម្បង ​តាមរយៈ​ប្រព័ន្ធ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ដោយ​មាន​ការចូលរួម​ពី​យុវជន​ក្នុង​នាម​ជា​ជើង​ឯក​បៃតង​ ដើម្បី​ធ្វើ​ជាគំរូ​នៃ​ការផ្លាស់ប្ដូរ​ឥរិយាបថ ​និង​ការអនុវត្ដ​សកម្មភាព​ជាវិជ្ជមាន​ក្នុង​សង្គម​ប្រកប​ដោយ​ជោគ​ជ័យ។

សម្រាប់​យុទ្ធនាការ​លើ​ប្រធាន​បទទី១ ​ស្ដីពី​ការកាត់​បន្ថយ​តម្រូវ​ការប្រើ​ប្រាស់​គ្រឿង​សង្ហារឹម​ធ្វើ​ពី​ឈើ​ប្រណិត ​ធ្វើឡើង​ក្នុង​គោល​បំណង​ ដើម្បី​ជូន​ដំណឹង​ដល់​ដៃគូ​សំខាន់ៗ​ដូចជា ​ក្រសួង ​ស្ថាប័ន​រដ្ឋាភិបាល​ ទីភ្នាក់ងារ​ ម្ចាស់​ជំនួយ ​អង្គការ​ សមាគម ​មកពី​វិស័យ​ឯកជន ​និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​អំពី​សកម្មភាព ​សំខាន់ៗ​ពាក់​ព័ន្ធ​នឹង​យុទ្ធនាការ​នេះ។

យុទ្ធនាការ​លើ​ប្រធាន​បទនេះ ​ក៏​ធ្វើឡើង​ ដើម្បី​លើក​ទឹកចិត្ដ​ឱ្យមាន​ការចូលរួម​គាំទ្រ​ពី​ប្រជាជន​ទាំង​អស់។ ជាពិសេស​ពី​យុវជន ​និង​អ្នកពាក់ព័ន្ធ​ ក្នុង​ការផ្សព្វ​ផ្សាយ​សារ​សំខាន់ៗ​ អំពី​យុទ្ធនាការ​នេះ​ឱ្យបាន​ទូលំ​ទូលាយ​ និង​ដើម្បី​ពង្រឹង​កិច្ច​សហការ ​និង​ភាព​ជាដៃគូ ​ដើម្បី​ពង្រឹង​ និង​ពង្រីក​លទ្ធផល​ពី​យុទ្ធនាការ​លើ​ប្រធាន​បទ​ទី១​ នេះ៕