ភ្នំពេញៈ ចាប់ពី​ថ្ងៃទី ​០១ ខែវិច្ឆិកា តទៅ សាលា​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​ធ្វើការ​កែប្រែ​នូវ​ការកំណត់​ថង់​សម្រាប់​ដាក់​សំរាម និង​ពេលវេលា​នៃ​ការបញ្ចេញ​និង​ប្រមូល​សំរាម​តាម​បណ្តា​ខណ្ឌ​នីមួយៗ​ក្នុងភូមិ​សាស្ត្រ​ក្រុងភ្នំពេញ ដោយ​សម្រេច​កំណត់​នូវ​ពណ៌​ថង់​ដាក់​សំរាម​ជា​ ២ ​ប្រភេទ​ គឺ​ថង់​ពណ៌​ខ្មៅ​សម្រាប់​ដាក់​សំរាម​សើម និង​ថង់​ពណ៌​ស​សម្រាប់​ដាក់​សំរាម​ស្ងួត​ហើយ​អ្នក​មិន​ធ្វើតាម​ការណែនាំ​ថ្មី​នេះ ​នឹងត្រូវ​ទទួល​ការផាកពិន័យ​ការបិទ​ការធ្វើ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ឬ​អាច​ប្តឹងទៅ​តុលាការ​។​

យោងតាម​សេចក្តីណែនាំ ដែលចុះហត្ថលេខា​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ១៦ ខែកញ្ញា បានឱ្យដឹងថា សព្វថ្ងៃនេះ មាន​ក្រុមហ៊ុន​ផ្តល់​សេវា​សំអាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ​ចំនួន​ ៣ ត្រូវបាន​ជ្រើសរើស ហើយ​បានចាប់ផ្តើម​ប្រតិបត្តិការ​ការងារ​រប​ស់​ខ្លួន​កាន់តែ​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ចាប់ពីថ្ងៃទី​ ០១ ខែកក្កដា​កន្លងមក​ដែរ​។​

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ដើម្បីឱ្យ​ការអនុវត្ត​ប្រព័ន្ធ​ថ្មី​នៃ​ការគ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវធ្វើ​ការញែក ការ​វេច​ខ្ចប់ ការ​ទុកដាក់ និង​ការបញ្ចេញ​សំរាម សំណល់​រឹង​ដោយ​បែង​ចែកជា​ ២​ ប្រភេទ ​គឺ​សំរាម​ និង​សំណ​ល់​រឹង​មុននឹង​បញ្ចេញ​មក​ក្រៅ​។​

សេចក្តីណែនាំ​នេះ បាន​បញ្ជាក់ថា៖ «​សំរាម និង​សំណល់​រឹង មុននឹង​បញ្ចេញ ត្រូវ​សម្រិតទឹក​ចេញ​ដាក់ចូល​ទៅក្នុង​ប្រព័ន្ធ​លូ​ឱ្យបាន​ត្រឹមត្រូវ​។ ត្រូវ​ញែក​សំរាម សំណល់​រឹង ជា​ ០២ ​ប្រភេទ គឺ​សំរាម​សើម និង​សំរាម​ស្ងួត ដោយ​ដាក់​នៅក្នុង​ថង់​ដាច់ដោយឡែក​ពីគ្នា​»​។​

សំរាម​សើម​មានដូចជា សំណល់​ម្ហូបអាហារ សំណល់​សរីរាង្គ ផ្លែឈើ ផ្កា ដោយ​ត្រូវដាក់​នៅក្នុង​ថង់​ពណ៌​ខ្មៅ រីឯ សំរាម​ស្ងួត​ដែលមាន​ដូចជា ក្រដាស ក្រដាសកាតុង ឡាំង គ្រឿង​ប្លា​ស្ទីក ហ្វូ​ម ជ័រ ដែក កំប៉ុង ដប​...​ត្រូវដាក់​ក្នុង​ថង់​ពណ៌​ស​។

លោក ឃួ​ង ស្រេង បានធ្វើការ​បញ្ជាក់​ក្នុង​សេចក្តីណែនាំ​នេះ​ថា ក្រុមហ៊ុន​នឹងធ្វើ​ការប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង ដែល​បានដាក់​ក្នុង​ថង់​ដែល​បានកំណត់​ទាំង​ ០២ ​ប្រភេទ​នេះ​តែប៉ុណ្ណោះ ទៅតាម​កម្មវិធី​ដាច់ដោយឡែក​ពីគ្នា​។ ការដាក់​សំរាម សំណល់​រឹង ក្នុង​ថង់​ពណ៌​ផ្សេង​ក្រៅពី​ព​ណ៏​ខ្មៅ និង​ពណ៌​ស ក្រុមហ៊ុន​នឹងមិន​ប្រមូល​ឡើយ​។

​លោក​បាន​បន្ថែមទៀតថា៖ «​បងប្អូន​ប្រជាពលរដ្ឋ មិនត្រូវ​វេច​ខ្ចប់​សំណល់​ដែល​បង្ក​គ្រោះថ្នាក់ ដូចជា អំបែង​កញ្ចក់ និង​សំណ​ល់មុត​ស្រួច​នានា លាយឡំ​ជាមួយនឹង​សំរាម​សើម និង​សំរាម​ស្ងួត​ជាដាច់ខាត គឺ​ត្រូវ​ទុកដាក់​សំណល់​ដែល​បង្ក​គ្រោះថ្នាក់​ទាំងនេះ​ចូលក្នុង​ធុងសំរាម ឬ​ប្រអប់​ដោយឡែក​ឱ្យបាន​ត្រឹមត្រូវ ហើយ​ក្រុមហ៊ុន​នឹង​ប្រមូល​នៅ​រៀងរាល់​ថ្ងៃអាទិត្យ​»​។

លោក ឃួ​ង ស្រេង បញ្ជាក់ថា ក្នុងករណី​ទុកដាក់​ខុសពី​ការណែនាំ​នេះ ក្រុមការងារ​ផាកពិន័យ នឹងធ្វើ​កំណត់ហេតុ​អំពី​កំហុសឆ្គង​លើក​ទី​១​។ បើ​នៅតែ​ទុកដាក់​ខុស​ទៀត នឹង​ទទួល​ការផាកពិន័យ​ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ព្រមទាំង​ប្តឹងទៅ​តុលាការ​តាម​កំហុស​ជាក់ស្តែង​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្ថែមទៀតថា ថង់​សំរាម​សំណល់​រឹង ត្រូវ​ចង​មាត់​ឱ្យបាន​ជិត​ត្រឹមត្រូវ និង​មិនត្រូវ​ហែក​ឡើយ​។ ជាមួយគ្នានេះដែរ​សម្រាប់​ផ្សារ​ទំនើប ផ្សារ​រដ្ឋ ផ្សារ​ឯកជន អគារ​ពាណិជ្ជកម្ម សណ្ឋាគារ ផ្ទះសំណាក់​អាគារ​ស្នាក់នៅ ភោជនីយដ្ឋាន កន្លែង​កម្សាន្ត សាលារៀន មន្ទីរពេទ្យ លំនៅឋាន​ក្នុង បុរី សហគ្រាស រោងចក្រ សិប្បកម្ម អគារ​ក្រសួង ស្ថាប័នរដ្ឋ ត្រូវមាន​កាតព្វកិច្ច​ដាក់​ធុងសំរាម​ដោយ​ខ្លួនឯង​ជា​ចាំបាច់​។

ចំណែក​នៅតាម​វត្ត​អារាម ព្រះវិហារ អាជីវកម្ម​លក់ដូរ​ចល័ត ផ្ទះ​ស្នាក់នៅ​ទូទៅ និង​ផ្សារ​ក្រមួន​...​អាចមាន ​០២ ​ប្រភេទ​ គឺមាន​ធុងសំរាម​ខ្លួនឯង​ស្រាប់ និង​មាន​ធុងសំរាម​ដែល​ផ្តល់ឱ្យ​ដោយ​ប្រតិបត្តិ​ករ​ថ្មី ដែល​អាច​ត្រូវ​បានរៀបចំ​ដាក់ពង្រាយ​ជាពិសេស​នៅតាម​តំបន់​ផ្ទះល្វែង​ខ្ពស់ៗ​។

សេចក្តីណែនាំ​ដដែល​នេះ​បាន​បញ្ជាក់ថា៖ «​ត្រូវ​ទុកដាក់​សំរាម សំណល់​រឹង​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ទីកន្លែង​ដែល​បាន​កំណត់ដោយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​ប្រមូល​សំរាម តាម​ការជាក់ស្តែង ហើយ​ហាម​ដាច់ខាត​ចោល​សំរាម សំណល់​រឹង នៅ​មាត់​អណ្តូង​លូ ប្រឡាយ តាម​ទីសាធារណៈ និង​តាម​អាង​ស្តុក​ទឹក​និង​ហាម​ដុត​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ជា​កំហិត​»​។

ទន្ទឹមនឹង​នេះដែរ សាលា​រាជធានី​ភ្នំពេញ​ក៏បាន​ធ្វើការ​កំណត់​នូវ​កម្មវិធី​បញ្ចេញ​សំរាម​សំណល់​រឹង ដោយ​ក្នុងនោះ​សម្រាប់​សំរាម​សើម ខណ្ឌ​ចំនួន​០៥ រួមមាន ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ​៧​មករា ខណ្ឌទួលគោក និង​ខណ្ឌ​បឹង​កេងកង ក្រុមហ៊ុន​នឹង​ប្រមូល និង​ដឹកជញ្ជូន​រៀងរាល់ថ្ងៃ នៅពេល​យប់ ចាប់ពី​ម៉ោង ៩ ដល់​ម៉ោង ៥ ទៀបភ្លឺ​។ ដូច្នេះ ម៉ោង​បញ្ចេញ​សំរាម​មានតែ​៣​ម៉ោង​ទេ​គឺ​ពី​ម៉ោង ​៦ ​យប់ ដល់​ម៉ោង ​៩​ យប់​ប៉ុណ្ណោះ​។ ការបញ្ចេញ​សំរាម​ខុសពី​ម៉ោង​នេះ នឹង​ទទួល​ការផាកពិន័យ​។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​ថា ចំណែក ខណ្ឌ​ ០៩​ ទៀត​ ដែលមាន ខណ្ឌឫស្សីកែវ ខណ្ឌ​សែន​សុខ ខណ្ឌ​ជ្រោយចង្វារ ខណ្ឌដង្កោ ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​កំបូល ខណ្ឌមានជ័យ និង​ខណ្ឌ​ច្បារអំពៅ ក្រុមហ៊ុន​នឹង ប្រមូល និង​ដឹកជញ្ជូន​តាម​ប្រភេទ​ផ្លូវ គឺ​ផ្លូវជាតិ ត្រូវ​ប្រមូល និង​ដឹកជញ្ជូន​រៀងរាល់ថ្ងៃ នៅពេល​យប់ វេលា​ម៉ោង ៩​ យប់​។ ដូច្នេះ ការបញ្ចេញ​សំរាម​ត្រូវ​ចាប់ផ្តើម​ចន្លោះ​ពី​ម៉ោង ​៦ ​យប់ រហូតដល់​ម៉ោង ៩​ យប់​។

ឯ​ផ្លូវធំ​ត្រូវ​​ប្រមូល និង​ដឹកជញ្ជូន​រៀងរាល់ថ្ងៃ គឺ​ពេល​ថ្ងៃ វេលា​ម៉ោង ៨​ ព្រឹក ឬ ពេលយប់ វេលា​ម៉ោង ៩ ហើយ​ផ្លូវ​រណប ត្រូវ​ប្រមូល និង​ដឹកជញ្ជូន​រៀងរាល់ ២ ​ថ្ងៃ​ម្តង គឺ​ពេល​ថ្ងៃ វេលា​ម៉ោង ៨​ព្រឹក ឬ​ពេលយប់ វេលា​ម៉ោង ៩​។​

ចំណែកឯ​សំរាម សំណល់​រឹង​ស្ងួត ក្រុមហ៊ុន​នឹង​ប្រមូល និង​ដឹកជញ្ជូន ២​ ដង​ក្នុង​ ១​ សប្តាហ៍ គឺ​នៅ​រៀងរាល់ថ្ងៃ​ចន្ទ និង​ថ្ងៃ​សុក្រ​។

សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា៖ «​ក្នុងករណី​ខកខាន​មិនបាន​បញ្ចេញ​សំរាម សំណល់​រឹង​តាម​ម៉ោង​ពេល​កំណត់ (​ពេល​ថ្ងៃ​ត្រឹម​ម៉ោង ៨ ​ព្រឹក​ និង​ពេលយប់ ត្រឹម​ម៉ោង ៩​ យប់​) ត្រូវ​រង់ចាំ​បញ្ចេញ​នៅ​វេន​ក្រោយ ហើយ​មិន​ត្រូវយក​សំរាម​នេះ​មក​ទុក គ្មាន​សណ្តាប់ធ្នាប់​ឡើយ​»​។​

ចំពោះ​សំណល់​ដើមឈើ​, មែកឈើ​, សំណល់​សំណង់​, អាចម៍ដី​, កម្ទេច​ថ្ម​, ខ្សាច់​,​ គ្រឿង​សង្ហា​រិម​, គ្រឿង​អេឡិចត្រូនិក​, គ្រឿងអគ្គិសនី​, សម្បក​កង់​, និង​វត្ថុ​កែច្នៃ​ឡើងវិញ​បាន​ ត្រូវ​ទុកដាក់​ដោយឡែក​ឱ្យបាន​ត្រឹមត្រូវ រួច​ធ្វើការ​ទំនាក់ទំនង​មក​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ស្នើសុំ​ប្រមូល និង​ដឹកជញ្ជូន​ចេញ​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៦ ខែកញ្ញា ថា ​លោក​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ការញែក​សំរាម​ទៅតាម​ប្រភេទ​ផ្សេងៗ​គ្នា ដែល​នេះ​ជា​យន្តការ​មួយ​ក្នុងការ​ឈានទៅ​គ្រប់គ្រង​បានល្អ​នូវ​សំរាម​​។​

លោក​ថា សម្រាប់​ប្រទេស​កម្ពុជា មួយថ្ងៃ​សំរាម​ដែល​បង្កើតឡើង​មាន​ប្រមាណ​ជាជាង ​១​ ម៉ឺន​តោន ដែល​ក្នុងនោះ​រាជធានី​ភ្នំពេញ​មាន​ចន្លោះ​ពី​ ២ ៧០០ ​ទៅ​ ៣ ០០០​ តោន ​ក្នុង ១ ថ្ងៃ​។ ចំណែក​ ១​ ឆ្នាំ កម្ពុជា​បង្កើត​សំរាម​បាន​ប្រមាណ​ជាង ​៤​ លាន​តោន​។​

លោក​ នេត្រ ភក្ត្រា បាន​ថ្លែងថា៖ «​ការកែទម្រង់​របស់​រា​ជ​រដ្ឋាភិបាល​លើ​ការគ្រប់គ្រង​សំណល់​សំរាម តាមរយៈ​ការដាក់​ចុះ​នូវ​គោលនយោបាយ​គ្រប់គ្រង​សំណល់​រឹង​សំរាម​តាម​ទីប្រជុំជន ហើយនិង​ការតម្រង់ទិស​ឱ្យមាន​ការគ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ច្រើន និង​ការចូលរួម​ពីសា​ធារណ​ជន​ក្នុងការ​គ្រប់គ្រង​សំរាម​នេះ​»​។​

លោក លី សុ​វ៉ាន់ ពលរដ្ឋ​មួយរូប​នៅក្នុង​ខណ្ឌដង្កោ បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​ថ្មី​របស់​សាលាក្រុង ប៉ុន្តែ​លោក​បារម្ភ​ថា ប្រសិទ្ធភាព​នៃ​ការទទួលបាន​លទ្ធផល​អាច​នឹងមិន​ដូច​ទៅនឹង​ការចង់បាន​របស់​អាជ្ញា​ធរ តែ​លោក​នឹងចូលរួម​អនុវត្តតាម​ការណែនាំ​ថ្មី​នេះ​។​

លោក​ថា៖ «​ខ្ញុំ​គិតថា​ល្អ ប្រសិនបើ​ប្រទេស​យើង​អាចអនុវត្ត​នូវ​ការណែនាំ​ថ្មី​នេះ​បាន ពី​ការ​ទុកដាក់​សំរាម ដោយសារ​ប្រទេស​យើង ពិសេស​រាជធានី​ទទួលរង​នូវ​ផលប៉ះពាល់​ច្រើនណាស់​ពី​សំរាម​នេះ ពិសេស​គឺ​ការ​ស្ទះលូ ដែលនាំឱ្យ​មានទឹក​លិច​ផ្លូវ​និង​ផ្ទះ​ប្រជាពលរដ្ឋ​»​។​

បើតាម​លោក ​នេត្រ ភក្ត្រា នៅក្នុង​សំណល់​ ១០០% គឺ​ ៦៨%​ ជា​សំណល់​សរីរាង្គ ២០%​ ជា​សំណល់​ប្លា​ស្ទិ​ក ហើយ​ប្រមាណ​ជា ​១០% សំណល់​រឹង​ជា​សំណល់​គ្រោះថ្នាក់​៕

វីដេអូ៖