ភ្នំពេញ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង នា​ព្រឹក​ថ្ងៃទី​ ១៧ ខែកញ្ញា​នេះ ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ​១៩ ជូន​កុមារ​អាយុ​ពី ​៦ ​ឆ្នាំ ដល់​អាយុ​ក្រោម​ ១២ ​ឆ្នាំ នៅ​វិមាន​សន្តិភាព​ថា ពលករ​ខ្មែរ​ប្រមាណ​ជាង ​៥ ​ម៉ឺន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​រួចហើយ នៅ​ប្រទេស​ថៃ​។​

​លោក​មានប្រសាសន៍ថា៖ «​ជាមួយគ្នានេះដែរ​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​តាម​ព្រំដែន​នៅសល់​ប្រមាណ​ជាជាង​ ៧​ ពាន់​នាក់​។ ពលករ​ដែល​វិល​ត្រលប់​មកពី​ថៃ ភាគច្រើន​ឆ្លង​វីរុស​កូ​វីដ​ ១៩ ហើយ​វា​សុទ្ធតែជា​ប្រភេទ​ដែល​តា​»​។​

​ទន្ទឹមនឹង​នេះដែរ លោក​ក៏បាន​លើក​ពី​ការថយចុះ​នៃ​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ​ក្នុង​រាជធានី​ភ្នំពេញ ​និង​ខេត្តកណ្តាល បន្ទាប់ពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ​រួចហើយ​។​

​លោក​បាន​បញ្ជាក់ថា ភ្នំពេញ ​និង​ខេត្តកណ្តាល​ជា​តំបន់​ដែល​ឆ្លង​ខ្លាំង​តែ​ពេលនេះ​មានការ​ធ្លាក់ចុះ បើ​ប្រៀបធៀប​ជាមួយនឹង​ខែមេសា​និង​ឧសភា ទាំង​ការឆ្លង ការវិវត្ត​ទៅជា​ធ្ងន់ធ្ងរ និង​ការស្លាប់​ផងដែរ​។​

​លោក ហ៊ុន សែន បាន​ថ្លែងថា៖ «​នៅពេល​វ៉ាក់សាំង​ជ្រាប​ក្នុង​ខ្លួន ទោះបីជា​ឆ្លង​ក៏​មិន​វិ​វត្ត​ទៅ​ធ្ងន់ធ្ងរ​ដែរ ប៉ុន្តែ​កុំ​អាង​លើ​វ៉ាក់សាំង​នាំគ្នា​ភ្លេច​ការការពារ​នោះទេ​។ វិធានការ​ ៣​ ការពារ ៣ ​កុំ វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ត្រូវតែ​បន្ត មិនមាន​ការលើកលែង​ទេ​»៕​

វីដេអូ៖