បន្ទាយមានជ័យៈ គិត​ត្រឹម​ថ្ងៃ​​ទី​ ១៦ ខែកញ្ញា ឆ្នាំនេះ ជំនន់​ទឹកភ្លៀង​កំពុង​បន្ត​ជន់​លិច​ផ្លូវ​ និង​លំនៅឋាន​ពលរដ្ឋ​ក្នុង​ក្រុង-ស្រុក​ចំនួន​ ៣ ​នៃ​ខេត្ត​បន្ទាយមានជ័យ ខណៈ​នៅ​ខេត្ត​ព្រះវិហារ​ទឹក​ស្ទឹងសែន​នៅ​បន្ត​ឡើង​​ជិត​ដល់​កម្រិត​ប្រកាសអាសន្ន​ស្រប​ពេល​ដែល​ទឹកទន្លេ​មេគង្គ​បាន​ជន់​ឡើង និង​លិច​ចូល​តាម​ប្រព័ន្ធ​ព្រែក​មួយចំនួន​ជា​បណ្ដើរៗ​​ដែល​ទាមទារ​ឱ្យ​ពលរដ្ឋ​នៅតាម​​តំបន់​ទំនាប​ជាប់​មាត់ទឹក បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ​ទឹកជំនន់​នេះ​។

លោកស្រី រស់ សុផានី អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ផ្លូវលំ​ជនបទ​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​ម៉ាឡៃ ស្រុក​មង្គលបុរី និង​ក្រុង​ប៉ោយប៉ែត បាន​រង​ផលប៉ះពាល់​​ដោយ​ជំនន់​ទឹកភ្លៀង​។ ​ទន្ទឹមនឹងនេះ​ទឹក​ក៏បាន​ជន់លិច​ហូរ​ចូលក្នុង​លំនៅឋាន​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ផងដែរ​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​នៅថ្ងៃនេះ ទឹក​កំពុង​បន្ត​លិច​ក្នុង ឃុំ​សឿ​,​ឃុំ​ចំណោម និង​ឃុំ​រហាត់ទឹក​នៃ​ស្រុក​មង្គលបុរី ប៉ុន្តែ​ទឹក​នៅ​ប៉ែក​ស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោយប៉ែត បាន​ស្រក​វិញ​ហើយ ដោយ​ទឹកបាន​ហូរ​ចុះ​​ទៅកាន់​ស្ទឹង​មង្គលបុរី​»​។

បើតាម​លោកស្រី សុផានី ពេលនេះ​សមត្ថកិច្ច​នៃ​ស្ថាប័ន​ និង​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ខេត្ត​កំពុង​ចុះ​អន្តរាគមន៍​ជួយ​ដល់​គ្រួសារ​ពលរដ្ឋ​មួយចំនួន​ទៅកាន់​ទីទួល​សុវត្ថិភាព​។ ទោះជា​យ៉ាងណា ជំនន់​ទឹកភ្លៀង​នេះ​បាន​ជួយ​ដល់​ការលូតលាស់​នៃ​ដំណាំ​ស្រូវ​របស់​កសិករ និង​បាន​ជំរុញ​ឱ្យ​ការងារ​បង្កបង្កើនផល​ស្រូវវស្សា​សរុប​បាន​ ២៥៦ ២៣៣ ​ហិកតា​នៅ​ឆ្នាំនេះ ដោយមាន​​ការកើនឡើង​ប្រមាណ​ ១,៥៥ ​ភាគរយ​លើស​ផែន​ការដាំដុះ ដែលមាន​ផ្ទៃដី​សរុប ២៥២ ៣២០ ​ហិកតា ។

ចំណែក​នៅ​ខេត្តព្រះវិហារ អាជ្ញាធរ​កំពុង​ត្រៀម​ចុះជួយ​អន្តរាគមន៍​ដល់​គ្រួសារ​ពលរដ្ឋ​ដែល​រស់នៅ​តាម​ទី​ទំនាប​ជាប់មាត់​ស្ទឹងសែន និង​ដងអូរ​នានា​គ្រា​ទឹក​ហូរ​ចាក់​ពី​តំបន់​ជួរ​ភ្នំ​ដងរែក​កំពុង​ជំរុញ​ឱ្យ​ទឹកស្ទឹងសែន​ហក់​ឡើង​ជិត​ដល់​កម្រិត​ប្រកាសអាសន្ន​។

លោក​ ចាប កុយ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តព្រះវិហារ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធទាប ប្រព័ន្ធ​សម្ពាធ​ទាប​ឥណ្ឌា និង​ឥទ្ធិពល​ខ្យល់មូសុង​និរតីខ្យោយ បានធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម អូសបន្លាយ​ពេល​ ១ ​សប្ដាហ៍​ទៀត​ដែល​ជំរុញ​ឱ្យ​មាន​ការជន់លិច​នៅ​ផ្នែក​ខ្លះ​នៃ​តំបន់​ទំនាប​ជាប់​មាត់ទឹក ហើយ​ក៏បាន​ជំរុញ​ឱ្យ​ទឹកស្ទឹង​សែន​ហក់​ឡើង​គួរឱ្យ​បារម្ភ​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​ថ្វីដ្បិត​និន្នាការ​នៃ​ទឹកភ្លៀង​បាន​ថមថយ ប៉ុន្តែ​ទឹកស្ទឹង​នៅតែ​បន្ត​ជន់​ឡើង​។ ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ១៦ ខែកញ្ញា​ ទឹកស្ទឹងសែន​បាន​ហក់​ឡើងដល់​ ១១,២៥ ​ម៉ែត្រ ជិត​ដល់​ចំណុច​ប្រកាសអាសន្ន​ ១១,៥០ ​ម៉ែត្រ ដែល​ទាមទារ​ឱ្យមាន​ការប្រុងប្រយ័ត្ន​»​។

ស្រដៀង​គ្នា​នេះ​ទឹកទន្លេ​មេគង្គ​​ក្នុង​ខេត្តកំពង់ចាម ពេលនេះ​កំពុង​ជន់ឡើង និង​ហូរ​ចូល​តាម​ប្រព័ន្ធ​ដៃទន្លេ​មួយចំនួន​ដែល​​ពលរដ្ឋ​នៅតាម​ទំនាប​ជាប់មាត់​ព្រែក ស្ទឹង បឹងបួ ត្រូវ​ប្រុងប្រយ័ត្ន និង​រួសរាន់​ប្រមូល​កសិផល​ទុក​ដាក់ឱ្យ​បានល្អ ចៀសវាង​ការខូចខាត​ដោយ​ប្រការ​ណាមួយ​។ នេះ​បើ​យោងតាម លោក លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​ ១៦ ខែកញ្ញា ។

លោក​បាន​ថ្លែងថា​៖ «​ស្ថានភាព​ទឹកទន្លេ​មេគង្គ ពិនិត្យ​ត្រឹម​ថ្ងៃទី​ ១៦ ខែកញ្ញា មាន​កម្ពស់​ ១១,៩២ ​ម៉ែត្រ​បាន​ហូរ​ចូល​ព្រែក​ចំនួន​ ១៦ ​ក្នុង​ចំណោម​ ៤១ ​ព្រែក​។

ប៉ុន្តែ​ស្ថានភាព​ទឹក​ពេលនេះ​ គឺ​​មាន​លក្ខណ:​ល្អប្រសើរ​សម្រាប់​​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​របស់​ប្រជាពលរដ្ឋ​»​។

លោក​បានឱ្យដឹង​ដែរ​ថា គិត​មកទល់​ពេល​នេះ ខេត្ត​កំពង់ចាម​ល្បឿន​នៃ​ការបង្កបង្កើន​​ផល​ស្រូវ​រដូវវស្សា​អនុវត្តបាន​ចំនួន ៩៥ ២០៩ ​ហិកតា ស្មើ​ ១១០,០៧ ​ភាគរយ​លើស​ផែនការ​​ចំនួន ៨៦ ៥០០ ​ហិកតា​។ ក្នុងនោះ​ការប្រមូលផល​ស្រូវ​បង្កើន​រដូវ​បាន ១៣ ៩៧៧ ​ហិកតា ស្មើ​ ១៤,៩២ ​ភាគរយ ជាមួយ​​ទិន្នផល​ចំនួន​ជាង​ ៣,៥ ​តោន​​ ក្នុង​ ១ ​ហិកតា​៕