ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​បានរៀបចំ​ទីតាំង ២ ​កន្លែង គឺ​វិទ្យាល័យ​ទួលស្វាយព្រៃ និង​វិទ្យាល័យ​ជាស៊ីម​បឹងកេងកង សម្រាប់​ការធ្វើ​តេស្ត​លោកគ្រូ អ្នកគ្រូ ដែល​មាន​បំណង​ចង់​ធ្វើតេស្ត​រក​មេរោគ​​កូវីដ​ ១៩ ចាប់ពី​ថ្ងៃទី​ ១៥ ដល់​ថ្ងៃទី​ ២២ ខែកញ្ញា​។ យោងតាម​ការឱ្យ​ដឹង​របស់​អនុគណៈកម្ម​ការស្រាវជ្រាវ​ជំងឺ​កូវីដ​ ១៩​។

អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ​ ១៩ បានធ្វើការ​ប្រកាស​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃទី​ ១៥ ខែកញ្ញា​ថា លោកគ្រូ អ្នកគ្រូ ដែល​មានបំណង​ធ្វើតេស្ត​សំណាក​អាច​អញ្ជើញ​ទៅកាន់​ទីតាំង​សាធារណៈ​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ទីតាំង​ ២ ​កន្លែង ប៉ុន្តែ​លោកគ្រូ​អ្នកគ្រូ​ក៏​អាច​ទៅកាន់​ទីតាំង​ធ្វើតេស្ត​សំណាក​ផ្សេងៗ​ទៀត​ក៏បាន​។

លោកគ្រូ អ្នកគ្រូ ក៏​អាច​ទៅធ្វើ​តេស្ត​សំណាក​នៅ​កោះពេជ្រ នៅ​ពីក្រោយ​អគារ City Hall វិហារ​យេស៊ូ នៅ​ច្រមុះជ្រូក​ស្ទឹងមានជ័យ មជ្ឈមណ្ឌល ម៉ូឌើន​ ៥ ផ្លូវជាតិ​លេខ​ ៥ សាលា​បឋមសិក្សា​កន្ទោក វិហារ​យេស៊ូ ជិត​ស្ពាន​អាកាស​ពេទ្យ​លោកសង្ឃ ខាងលិច​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ RUPP និង​ជិត​ផ្សារ​ព្រៃទា សង្កាត់​ចោមចៅ​ ៣ ខណ្ឌ​ពោធិ៍សែនជ័យ​។

ការធ្វើ​តេស្ត​រក​មេរោគ​​កូវីដ​ ១៩ ​ទៅដល់​លោកគ្រូ​​អ្នកគ្រូ​ទាំង​រដ្ឋ និង​ឯកជន​នេះ​ធ្វើឡើង​ បន្ទាប់ពី​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅតាម​បណ្តា​រាជធានី-ខេត្ត​ទូទាំងប្រទេស​បានចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ជា​បណ្តើរៗ ដែល​សាលា​នៃ​ខេត្ត​ខ្លះ​បាន​បើក​សាកល្បង​ពីថ្ងៃ​ទី​ ១៣ និង​សាលា​ខ្លះ​បើក​នៅ​ថ្ងៃទី​ ១៥ ខែកញ្ញា​កន្លងមក​។

រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក​ ហង់ជួន ណារ៉ុន បានចេញ​សេចក្តី​ណែនាំ​ពី​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​ការលើកកម្ពស់​សុខភាព និង​សុវត្ថិភាព​សិក្សា​ក្នុង​ការបង្រៀន និង​រៀន​តាម​បណ្តុំ សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ដើម្បី​ពង្រឹង​យន្តការ​លើកកម្ពស់​សុខភាព និង​សុវត្ថិភាព​សិក្សា​ផងដែរ​។

ជាមួយ​គ្នា​នោះ លោក​បាន​ណែនាំ​ឱ្យ​គ្រឹះស្ថានសិក្សា​ត្រូវ​រៀបចំ​ផែនការ​ធ្វើតេស្ត​រហ័ស​តាមបែប​ជម្រើស​ដោយ​ចៃដន្យ ដែលមាន​លក្ខណៈ​ជា​វដ្ត និង​សមស្រប​នឹង​ហានិភ័យ​ស្ថាប័ន ឬ​អង្គភាព និង​ប្រព្រឹត្ត​ទៅជា​ប្រចាំ​លើ​អ្នកសិក្សា និង​បុគ្គលិក​អប់រំ​ចំនួន​យ៉ាងតិច ៥% ទៅ ១០% នៃ​បុគ្គលិក​អប់រំ​ក្នុង​ស្ថាប័ន ឬ​អង្គភាព​។

លោក​ ហង់ជួន ណារ៉ុន បាន​លើកឡើងថា​៖ «​ផែនការ​នេះ​គួរ​ធានាថា​បុគ្គលិក​អប់រំ​ទាំងអស់​ដែល​មាន​វត្តមាន​នៅ​បរិវេណ​ស្ថាប័ន ឬ​អង្គភាព​ទទួលបាន​ការធ្វើតេស្ត​រហ័ស​ជាប្រចាំ​យ៉ាងតិច​ ១ ​ដង​ក្នុង​ចន្លោះ ១ ទៅ​ ២ ​សប្តាហ៍ កំណត់​បុគ្គលិក​ដែលមាន​ហានិភ័យ​ខ្ពស់​»​។

កាលពី​ថ្ងៃទី​ ១៤ ខែកញ្ញា មាន​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​អប់រំ​ចំនួន​ ១០ ៤៤៣ ​នាក់ ​បានធ្វើ​តេស្ត​ក្នុង​នោះ​មាន​វិជ្ជមាន​កូវីដ​ ១៩ ​ចំនួន ២៤ ​នាក់​៕