កែបៈ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រកាស​ខេត្ដ​កែប​ជា​ខេត្ដ​ដែល​គ្មាន​គ្រាប់មីន​មុនគេ ខណៈ​អាជ្ញាធរ​មីន​តាមរយៈ​ក្រុម​ប្រតិបត្ដិករ​ដោះមីន​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) បច្ចុប្បន្នកំពុង​ធ្វើ​សកម្មភាព​បោសសម្អាត​មីន​ក្នុង​ខេត្ដ​នេះ ដើម្បី​ឱ្យអស់​នៅមុន​ដំណាច់ឆ្នាំ​ ២០២១​។

លោក​ លី ធុជ អនុប្រធាន​ទី​១ ​អាជ្ញាធរ​មីន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ១៥ ខែកញ្ញាថា ​ខេត្ដ​កែប​ជា​ខេត្ដ​មាន​ផ្ទៃដី​មាន​ចម្ការមីន​តិចជាងគេ​ក្នុង​ចំណោម​ខេត្ដ​ទាំងអស់​ទូទាំងប្រទេស​។ ដូច្នេះ​ទើប​រាជរដ្ឋាភិបាល​សម្រេច​យក​ខេត្ដ​នេះ ជា​ខេត្ដ​ដែល​គ្មាន​មីន​មុនគេ​។

លោក​ថ្លែងថា​៖ «​សម្ដេចនាយក​រដ្ឋមន្ដ្រី [​ហ៊ុន សែន​] កាលពី​ ២ ​សប្ដាហ៍​កន្លងទៅ​បាន​អនុញ្ញាត​ឱ្យ​ខ្ញុំ​ប្រើប្រាស់​ធនធាន ជំនួយ​ឥតសំណង​របស់​ប្រទេស​ហុងគ្រី​ទៅ​បោសសម្អាត​វា​ [​ចម្ការមីន​] ​ឱ្យអស់​។ យើង​នឹងដាក់​កម្លាំង​ស៊ីម៉ាក់​របស់​យើង ដែលជា​ប្រតិបត្ដិករ​ក្នុង​ការបោសសម្អាត​មីន​ទៅ​បោសសម្អាត​នៅ​ខេត្ដ​កែប​នេះ ដើម្បី​យើង​អាច​ប្រកាសថា ខេត្ដ​កែប​ជា​ខេត្ដ​គ្មាន​មីន​មុនគេ​»​។

លោក​បានឱ្យដឹងថា បន្ទាប់ពី​ប្រកាស​ខេត្ដ​កែប​ជា​ខេត្ដ​គ្មាន​មីន​មុនគេ ខេត្ដ​ដែលមាន​ចម្ការមីន​តិចតួច​ផ្សេងទៀត ដូចជា​ខេត្ដ​ព្រះសីហនុ អាជ្ញាធរ​មីន​ក៏​កំពុង​ព្យាករ​ធនធាន​ពី​សប្បុរសជន ដើម្បី​ចូលរួម​បោសសម្អាត​មីន​នៅ​ខេត្ដ​នេះ​ឱ្យអស់​នៅពេល​ខាងមុខ​ បន្ទាប់ពី​ខេត្ដ​កែប​ផងដែរ​។

លោក​ លី ធុជ ថ្លែងថា លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​មីន ខិតខំ​កៀរគរ​ធនធាន​ពី​វិស័យ​ឯកជន សប្បុរសជន និង​ដៃគូ​អភិវឌ្ឍន៍​នានា ចូលរួម​បោសសម្អាត​មីន​។ គោលដៅ​របស់​រាជរដ្ឋាភិបាល​នឹង​ប្រកាស​ចាប់ពី​ភូមិ​ដែល​គ្មាន​មីន​ផងដែរ​ (Mine Free Villages)​។

លោក​បន្តថា​៖ «​ដូច្នេះ​ឥស្សរជន​ខ្លះ ប្រទេស​ខ្លះ ឬក៏​ស្ថានទូត​ខ្លះ គាត់​អាច​គាំទ្រ ភូមិ​ណាមួយ តាមរយៈ​ការផ្ដល់​ថវិកា​បោសសម្អាត​ចម្ការមីន​នៅតាម​ភូមិ​ទាំងនោះ​។ ដូចជា​ភូមិ​ ១ មាន​ចម្ការមីន​ ១ មាន​ពលរដ្ឋ ៥០ គ្រួសារ ឬ ​២០ ​គ្រួសារ​កំពុង​រស់នៅ ពលរដ្ឋ​អាច​ទទួលផល​ពី​សប្បុរសជន តាមរយៈ​ការគាំទ្រ​ថវិកា​បោសសម្អាត​មីន​បែបនេះ​។ នេះ​ក៏​ជា​ការពន្លឿន​គោលដៅ​សម្រាប់​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​ ២០២៥ ​ដែរ​»​។

លោក​ លី ធុជ បញ្ជាក់ថា​៖ «​យើង​នឹង​បោសសម្អាត​ឱ្យអស់​នៅមុន​ដំណាច់ឆ្នាំ​ ២០២១ ​នេះហើយ​មិនឱ្យ​ឆ្លង​ឆ្នាំ​ទេ​»​។

លោក​ វៅ សុខា អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​កែប​ថ្លែង​នៅ​ថ្ងៃទី​ ១៦ កញ្ញា ថា រដ្ឋបាល​ខេត្ដ​បានទទួល​លិខិត​ពី​អាជ្ញាធរ​មីន​រួចហើយ កាលពី​ថ្ងៃទី​ ១៣ ខែកញ្ញា ក្នុង​ការចូលរួម​សហការ​ជាមួយ​កងកម្លាំង​ស៊ីម៉ាក់ ធ្វើការ​បោសសម្អាត​មីន​ដែល​នៅ​សេសសល់​ក្នុង​ខេត្ដ​កែប​។

លោក​ថ្លែងថា​៖ «​កម្លាំង​បោសសម្អាត​មីន​របស់​ស៊ីម៉ាក់ ពួកគាត់​ចុះមក​ដល់​ខេត្ដ​កែប​តាំងពី​ថ្ងៃទី​ ១៣ ខែកញ្ញា​ម្ល៉េះ​។ ពេលនេះ​ពួកគាត់​កំពុង​ចុះទៅ​បោសសម្អាត​មីន​នៅ​ទីតាំង ភូមិ​ដំណាក់​ចង្អើរ ដែល​ទីតាំង​នេះ ជា​អតីត​ទីតាំង​កងកម្លាំង​ឈរជើង​កាលពី​សម័យ​សង្គ្រាម​»​។

លោក​ សុខា ​ឱ្យដឹងថា អាជ្ញាធរ​ខេត្ដ ក្រុង ស្រុក កំពុង​សហការ ជាមួយ​កងកម្លាំង​ដោះមីន​ស៊ីម៉ាក់ ចុះទៅ​ទីតាំង​ដែលមាន​មីន ដើម្បី​បោសសម្អាត​មីន​ជា​បណ្ដើរៗ​ហើយ​។ ការបោសសម្អាត​មីន​ឱ្យ​អស់ពី​ខេត្ដ​កែប​នឹង​អាច​ផ្ដល់​ដី​ប្រកបដោយ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​។ កំណើន​ភ្ញៀវទេសចរ ប្រកប​ដោយ​សុវត្ថិភាព​នៅក្នុង​ខេត្ដ​កែប​ផងដែរ​។

បើតាម​អ្នក​នាំពាក្យ​រូបនេះ​ក្នុង​បរិវេណ​ផ្ទៃ​ដីគោក​របស់​ខេត្ដ​កែប​ប្រមាណ​ជាង​ ១០០ ​គីឡូ​ម៉ែត្រក្រឡា គឺ​ផ្ទៃដី​ដែលមាន​ចម្ការមីន​មាន​ប្រមាណ​ ១០ ​ទីតាំង ដែល​កងកម្លាំង​ស៊ីម៉ាក់ និង​អាជ្ញាធរ​មូលដ្ឋាន កំពុង​ពិនិត្យ និង​ធ្វើការ​បោសសម្អាត​។

លោក​ ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) រវល់​ប្រជុំ​នា​ព្រឹក​ថ្ងៃទី​ ១៦ កញ្ញា មិន​អាចធ្វើ​អត្ថាធិប្បាយ​បានទេ​។

លោក​ នូ សំណាត មន្ដ្រី​សកម្មភាព​មីន​ខេត្ដ​កែប​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១៦ ខែកញ្ញា ដែរ​ថា ខេត្ដ​កែប​កាលពី​សម័យ​សង្គ្រាម​ជា​តំបន់ក្ដៅ​មួយ​ដែរ ក្នុង​ចំណោម​ខេត្ដ​ដទៃទៀត​។ ដូច្នេះ​មាន​សេសសល់​សំណល់​គ្រាប់មីន​មិនទាន់​ផ្ទុះ​មួយចំនួន​ដែល​ត្រូវ​បោសសម្អាត​ឡើងវិញ​ដែរ​។

លោក​បាន​ថ្លែងថា​៖ «​ចម្ការមីន​នៅក្នុង​ខេត្ដ​កែប គឺ​បាន​កំណត់​ច្បាស់លាស់​។ ចំពោះ​ការត្រៀម​ដោះមីន​ជំហាន​ដំបូង​ក្នុង​ពេលនេះ ស្ថិតនៅ​ទីតាំង​ភូមិ​ដំណាក់​ចង្អើរ​លើ​ផ្ទៃដី​ចម្ការមីន​ប្រមាណ​ ៥ ​ហិកតា​»​។

លោក​ឱ្យដឹងថា ក្នុង​ចំណោម​ផ្ទៃដី​គោក​ខេត្ដ​កែប​ជាង​ ១០០ គីឡូម៉ែត្រ​ក្រឡា តំបន់​ដែល​បាន​កំណត់ថា មាន​ចម្ការមីន​មាន​ជាង​ ៧០ ​ហិកតា ស្ថិតនៅ​ក្រុងកែប និង​ស្រុក​ដំណាក់​ចង្កើរ​។ ប៉ុន្ដែ​តំបន់​ទាំងនេះ មិនមាន​សេសសល់​សំណល់​គ្រាប់មីន​ច្រើន​ទេ ដោយសារ​ពលរដ្ឋ​បាន​ប្រើប្រាស់​ដី​នៅ​តំបន់​នោះ​ជាច្រើន​ឆ្នាំ​កន្លងមក​ហើយ​។

លោក នូ សំណាត ក៏បាន​បញ្ជាក់ដែរថា កាលពីមុន​សកម្មភាព​បោសសម្អាត​មីន​នេះ អាជ្ញាធរ​សកម្មភាព​មីន​ខេត្ដ​កែប​ក៏​បាន​ប្រមូល​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បាន​ប្រមាណ​ ១០ ​គ្រាប់​ស្ថិតនៅ​ទីតាំង​នៃ​ស្រុក​ដំណាក់​ចង្អើរ និង​ក្នុង​ក្រុងកែប ក្រោយពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​៕