ភ្នំពេញៈ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​បាន​ចុះ​ណែនាំ​ម្ចាស់​យានដ្ឋាន​កែ​ចង្កូតរថយន្ត​ពី​ស្តាំ​មក​ឆ្វេង ចំនួន​ ២ ​ទីតាំង ដើម្បី​ធានាបាន​នូវ​ស្តង់ដា​លក្ខណៈ​បច្ចេកទេស​ និង​សុវត្ថិភាព​ខ្ពស់ ចំពោះ​យានយន្ត​ឯកជន ដែល​ជ្រក​ក្រោម​ស្លាក​លេខ ក្រសួង ស្ថាប័នរដ្ឋ ជាពិសេស​ស្លាក​លេខ ខ.ម. និង ន.ប. ដើម្បី​មានលទ្ធភាព បង់ពន្ធ​ស្របតាម​ច្បាប់​។

លោក​ ឈួន វ៉ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦ កញ្ញា ថា ការចុះពិនិត្យ​តាម​យានដ្ឋាន​កែ​ចង្កូតរថយន្ត​ពីស្តាំ​មក​ឆ្វេង​ទាំង​ ២ ​យានដ្ឋាន​នេះ គឺមាន​យានដ្ឋាន​របស់​ក្រុមហ៊ុន អេស.ធី.ភី អ៊ិនធើណេស្យូណល (​ខេមបូឌា) ​ផាប្លិក​ (STP) ​និង​យានដ្ឋាន​របស់​ក្រុមហ៊ុន សុវណ្ណ យន្ត​ (S-Y)​។ ការចុះពិនិត្យ​នេះ ស្របពេល​រដ្ឋាភិបាល​បាននិងកំពុង​អនុវត្ត​វិធានការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​ពន្ធ​នាំចូល​លើ​យានយន្ត គ្រប់​ប្រភេទ​នៅ​ឆ្នាំ​ ២០២១​។

លោក​ថា យានយន្ត​ឯកជន​ដែល​ជ្រក​ក្រោម​ស្លាក​លេខ ក្រសួង ស្ថាប័នរដ្ឋ ជាពិសេស​ស្លាក​លេខ ខ.ម. និង​ ន.ប. តម្រូវ​ឱ្យ​ម្ចាស់​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​នាំចូល​ស្របតាម​ច្បាប់ និង​បទប្បញ្ញត្តិ​ស្តីពី​គយ​។ ក្នុងនោះ​ក៏​អនុញ្ញាត​ឱ្យ​បង់ពន្ធ​នាំចូល​ និង​អាករ​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ​មាន​ស្រាប់​ក្នុង​ស្រុក ជា​លើកចុងក្រោយ និង​តម្រូវឱ្យ​រថយន្ត​ចង្កូត​ស្តាំ​មាន​ស្រាប់​ក្នុងស្រុក​ត្រូវ​កែ​ចង្កូត​ពីស្តាំ មក​ឆ្វេង ដើម្បី​ឱ្យ​ស្របតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ និង​គោលការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។

លោក​ថ្លែងថា​៖ «​យានដ្ឋាន​ដែល​ទទួលបាន​សិទ្ធិ​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុង​ការកែច្នៃ​ចង្កូតរថយន្ត​ពី​ឆ្វេង​មក​ស្តាំ​នេះ មាន​តែ​ ២ ​ទេ ប៉ុន្តែ​បើ​មាន​យានដ្ឋាន​ក្រៅពីនេះ ធ្វើការ​កែ​ដែរនោះ​គឺ​ខុសច្បាប់​ហើយ​»​។

បើតាម​លោក​ ឈួន វ៉ន់ រាជរដ្ឋាភិបាល​បានចេញ​សេចក្តី​ប្រកាស​រួចហើយ បើ​ម្ចាស់​រថយន្ត​ណាមួយ ដែល​ប្រើប្រាស់​ជ្រក​ក្រោម​ស្លាកលេខ ខ.ម. និង​ ន.ប. មិនបាន​ចូលខ្លួន​មក​កែ​ចង្កូត​ឱ្យស្រប​តាមច្បាប់​អាច​នឹង​ទទួល​រង​នូវ​ការពិន័យ​។

ទោះបីជា​យ៉ាងណា លោក​ថា​រថយន្ត​ចង្កូត​ស្តាំ ដែល​បាន​ចុះបញ្ជី និង​បង់ពន្ធ​ត្រឹមត្រូវ មាន​ចំនួន​ប្រមាណ ៥ ០០០ ​គ្រឿង (​ស្លាក​ពណ៌​ក្រហម​) គឺ​មិន​តម្រូវ​ឱ្យមក​កែ​ចង្កូត​នោះទេ ប៉ុន្តែ​បើ​ម្ចាស់​ចង់បាន​សុវត្ថិភាព​ក៏​អាចមក​កែ​ចង្កូត​ផងដែរ​។

លោក​ គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ នា​ថ្ងៃទី​ ១៥ កញ្ញា ឱ្យដឹងថា ចំពោះ​រថយន្ត​ចង្កូត​ស្តាំ​ជា​រថយន្ត​ត្រូវបាន​ហាមឃាត់​ការនាំចូល​ និង​មិន​អនុលោម​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​កម្ពុជា​។

កន្លងមក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​បង្ក្រាប និង​ទប់ស្កាត់​ការនាំ​ចូល​តាម​ច្រក​របៀង​ផ្សេងៗ​តាម​ព្រំដែន​កម្ពុជា-ថៃ និង​មួយចំនួន​ទៀត ត្រូវបាន​នាំចូល​លួចលាក់​ពី​ជនខិលខូច ហើយ​ត្រូវបាន​ប្រើប្រាស់​ក្នុង​ប្រទេស និង​គ្មាន​គោលការណ៍​ណាមួយ​ឱ្យ​បង់ពន្ធ​នោះទេ ព្រោះ​វា​ខុស​ទៅនឹង​ច្បាប់​។ ចង់​បង់ពន្ធ​ប៉ុន្មាន​ភាគរយ ក៏​បង់​មិនបាន​ដែរ​។

លោក​ថា បច្ចុប្បន្ន អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ទទួល​គោលការណ៍​ពី​រាជរដ្ឋាភិបាល​តម្រូវឱ្យ​រថយន្ត​ចង្កូត​ស្តាំ​អាច​បង់ពន្ធ​បាន ប៉ុន្តែ​ត្រូវតែ​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង​ជាមុនសិន​។

លោក​ថ្លែងថា​៖ «​យើង​ក៏​ត្រៀម​ដើម្បី​អនុវត្ត​លើ​កិច្ចការ​នេះ​ផងដែរ​។ រថយន្ត​ដែលមាន​ចង្កូត​ស្តាំ ដែល​កំពុង​ប្រើប្រាស់​ជ្រក​ក្រោម​ស្លាកលេខ​ផ្សេងៗ​ត្រូវយក​រថយន្ត​នោះ​ទៅ​កែ​ចង្កូត​។ នៅពេលដែល​កែ​រួចហើយ ត្រូវ​យកមក​បង្ហាញ​ដល់​មន្ត្រី​គយ នៅពេល​នោះ​មន្ត្រី​ឱ្យ​បង្កាន់ដៃ​ពន្ធ​។ ទៅ​បង់ពន្ធ​ហើយ​អាច​ចុះបញ្ជី ធ្វើ​ស្លាក​លេខ គាត់​អាច​ជិះ​បាន​ហើយ​»​។

យានដ្ឋាន​កែ​ចង្កូតរថយន្ត​ ១ កន្លែង ក្នុងខណ្ឌចំការមន កាលពីថ្ងៃទី ១៥ កញ្ញា។ រូបថត MPWT

បើតាម​លោក​ គុណ ញឹម រថយន្ត គ្មាន​ពន្ធ​ដែល​កំពុង​ជ្រក​ក្រោម​ស្លាក​លេខ ន.ប.ឬ​ ខ.ម. និង​ស្លាកលេខ​ផ្សេងទៀត ដែល​បាននិង​កំពុង​ប្រើប្រាស់ និង​ចរាចរ​ក្នុង​ប្រទេស​កម្ពុជា​សរុប​ទាំងអស់​មាន​ជិត​ ១ ​ម៉ឺន​គ្រឿង​។

លោក​ គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP) ធ្លាប់​ថ្លែង​កាលពីដើម​ខែកញ្ញា ថា លោក​គាំទ្រ​ចំណាត់ការ​នេះ​។ ជាពិសេស​រថយន្ត​ជ្រក​ក្រោម​ស្លាក​លេខ ខ.ម. និង ន.ប. ព្រោះ​តាមច្បាប់​មិនត្រូវ​បានអនុញ្ញាត​ឱ្យមាន​ការប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។

លោក​ពន្យល់ថា ការប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ នៅពេល​វ៉ា​ជែង បង្កឱ្យ​មាន​គ្រោះថ្នាក់​ខ្លាំងណាស់ ព្រោះ​ត្រូវ​វ៉ា​ជែង​ខាងឆ្វេង ដែល​នេះ​ត្រូវតែ​ចេញ​មក​ឱ្យ​ផុត​ផ្លូវ​ទើប​អាច​វ៉ា​ជែង​បាន​។ រថយន្ត​ប្រភេទ​នេះ​មាន​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ផង និង​អ្នកដទៃ​ផង​នៅពេល​វ៉ា​ជែង​។

លោក​បាន​ថ្លែងថា​៖ «​កាលពី​ឆ្នាំ​ ២០១៥ ឬ ២០១៦ មិនឱ្យ​កែ​ចង្កូត​ទេ ជា​ជំនួស​ចេញ​ស្លាក​លេខពណ៌​ក្រហម តាំងពី​នោះមក ខ្ញុំ​ថា បិទ​លែងឱ្យ​នាំចូល​ហើយ ប៉ុន្តែ​ឥឡូវ​បែរ​ជា​លេច​ធ្លាយ មាន​ការនាំចូល​មកទៀត និង​ប្រើប្រាស់​ច្រើន​។ ជាគោលការណ៍​ខ្ញុំ​គាំទ្រ​ចំពោះ​ស្ថាប័ន​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ហាម​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​បន្តទៀត​៕