ភ្នំពេញៈ ក្រុម​ត្រួតពិនិត្យ​នៃ​អាជ្ញាធរ​មីន​កំពុង​ចុះ​ពិនិត្យ កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​ចម្ការមីន​មូលដ្ឋាន ការបោសសម្អាត​មីន និង​ផ្ទៃដី ក្រោយពេល​បោសសម្អាត​នៅតាម​បណ្តា​ខេត្ត ដែល​រង​ផលប៉ះពាល់​ដោយសារ​មីន ក្រោយ​អនុវត្ដ​អស់​ពេល​ជាង​ ១ ​ទសវត្សរ៍ ដើម្បី​កំណត់​ផ្ទៃដី ដែលមាន​មីន​ឡើងវិញ​ឱ្យបាន​ច្បាស់លាស់ និង​ពន្លឿន​គោលដៅ​បោ​សម្អាត​មីន​ឱ្យ​អស់ពី​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៥​។

ការត្រួតពិនិត្យ​នេះ គឺ​ដើម្បី​ពង្រឹងគុណភាព​ការងារ​ស្រាវជ្រាវ ចម្ការមីន និង​ការ​បោសសម្អាត​មីន ដែល​អនុវត្ត​ដោយ​ប្រតិបត្តិករ​ជាតិ-​អន្តរជាតិ​នៅតាម​បណ្តា​ខេត្ត​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​មីន​។ ខេត្ដ​ដែល​ក្រុមត្រួតពិនិត្យ​អាជ្ញាធរ​មីន​បាន​បន្ត​ចុះ​ពិនិត្យ​ទាំងនោះ រួមមាន ខេត្ត​ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ កំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ជាដើម​។

លោក​ លី ធុជ អនុប្រធាន​ទី​ ១ ​អាជ្ញាធរ​មីន ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ នៅ​ថ្ងៃទី​ ១៥ កញ្ញា​ថា បច្ចុប្បន្ន​ប្រតិបត្តិករ​បោសសម្អាត​មីន​បាន​ប្រើប្រាស់​ផែនទី​ចម្ការមីន ដែល​បានធ្វើ​តាំងពី​ជាង​ ១០ ​ឆ្នាំមុន​។ ដូច្នេះ​មាន​ចម្ការមីន​មួយចំនួន​ត្រូវ ពិនិត្យឡើងវិញ​ថា តើ​ចម្ការមីន​ទាំងនោះ​នៅមាន​មីន​ដដែល ឬ​គ្មាន​មីន ដើម្បី​កំណត់ឱ្យ​បានច្បាស់លាស់​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវការ​ពិនិត្យ​ឡើងវិញ នូវ​ទិន្នន័យ​ដែល​យើង​បានធ្វើ​កន្លងមក ជាង​ ១ ​ទសវត្សរ៍​នេះ ជាមួយ​កិច្ចសហប្រតិបត្ដិការ​ពី​ប្រតិបត្ដិករ និង​អ្នកជំនាញ​ពាក់ព័ន្ធ​»​។

លោក​បន្តថា​៖ «​ការងារ​នេះ​ចាំបាច់​ណាស់​ដើម្បី​យើង​ដឹង​ឱ្យ​ច្បាស់​ថា តើ​ទំហំ​ការងារ​របស់​យើង​វា​នៅសល់​ប៉ុនណា ដើម្បី​យើង​ដាក់​ធនធានមនុស្ស និង​ធនធាន​ហិរញ្ញវត្ថុ ដែល​ទទួល​បាន​ពី​រាជរដ្ឋាភិបាល និង​ប្រទេស ជា​មិត្ដ​ឱ្យបាន​ចំ​គោលដៅ​។ នៅ​ខេត្ដ​ណា​មាន​ប៉ុន្មាន​ចម្ការមីន ស្ថិតនៅ​ស្រុក​ណា ឃុំ​ណា ភូមិ​ណា តែម្ដង​»​។

បើតាម​លោក​ លី ធុជ ការប្រើប្រាស់​ធនធាន​ឱ្យចំ​គោលដៅ​ពិតប្រាកដ គឺ​ចំណេញ​ពេលវេលា​ និង​ចំណេញ​ថវិកា ព្រោះថា បើ​បោសសម្អាត​មីន​នៅ​តំបន់​ណា​ដែល​គ្មាន​មីន ធ្វើឱ្យ​ខាត​ពេលវេលា ខាត​ថវិកា​របស់​រដ្ឋ និង​ថវិកា​ប្រទេស​ម្ចាស់ជំនួយ​។

លោក​បញ្ជាក់ថា​៖ «​យើង​កំពុង​បញ្ជូន​ក្រុម​អ្នកជំនាញ​របស់​យើង ចុះ​សិក្សា​ស្រាវជ្រាវ​ពិនិត្យឡើងវិញ នៅតាម​ខេត្ដ ដែល​មាន​ការគំរាមកំហែង​ដោយសារ​មីន​។ នេះ​ជា​ការងារ​ស្នូល​ក្នុង​គោលដៅ​ដើម្បី​ចំណេញ​ពេលវេលា និង​ថវិកា​។ យើង​ខិតខំ​ពន្លឿន​កិច្ចការ​នេះ ដើម្បី​កំណត់​ឱ្យ​បាន​ជាក់លាក់​ជាថ្មី​ម្ដងទៀត​នៅ​ទីតាំង​ដែលជា​ខេត្ដ​គោលដៅ​នេះ​»​។

បើតាម​លោក​ លី ធុជ ផ្ទៃដី​ចម្ការមីន ដែល​នៅសល់​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រមាណ ៨០០ ​គីឡូម៉ែត្រ​ក្រឡា​។ ចំណែក​ការត្រួតពិនិត្យ​គុណភាព​ការស្រាវជ្រាវ​ចម្ការមីន និង​ការបោសសម្អាត​មីន​នេះ គឺ​ធ្វើ​ទៅតាម​ខេត្ដ​គោលដៅ​អាទិភាព​ដែលជា​ខេត្ដ​មាន​មីន​ច្រើនជាងគេ ដូចជា​ខេត្ដ​បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ដ​សៀមរាប​ជាមុន​។

បើតាម​អាជ្ញាធរ​មីន ការត្រួតពិនិត្យ​គុណភាព​ការស្រាវជ្រាវ​ចម្ការមីន និង​ការបោសសម្អាត​មីន​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង​គុណភាព​ការងារ​របស់​ប្រតិបត្តិករ​ក្នុងពេល​កំពុង​អនុវត្ត និង​ដើម្បី​ធានាថា ទិន្នន័យ​នៃ​ការស្រាវជ្រាវ​ចម្ការមីន​មូលដ្ឋាន​មាន​សុក្រឹតភាព​។ សកម្មភាព​ពេល​កំពុង​បោសសម្អាត​មីន​មាន​លក្ខណៈ​ត្រឹមត្រូវ​ស្របតាម​ស្តង់ដា​ជាតិ និង​មាន​សុវត្ថិភាព​។ ផ្ទៃដី​ដែល​បាន​បោសសម្អាត​រួច​មាន​សុវត្ថិភាព មុន​ប្រគល់ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​។

លោក​ លី ធុជ ឱ្យដឹងថា ការត្រួតពិនិត្យ​គុណភាព​ការស្រាវជ្រាវ​ចម្ការមីន និង​ការបោសសម្អាត​មីន​នេះ ដឹកនាំ​ដោយ​អាជ្ញាធរ​មីន និង​មាន​ក្រុម​អ្នកជំនាញ​ប្រតិបត្ដិការ ការត្រួតពិនិត្យ​គុណភាព​ការស្រាវជ្រាវ​ចម្ការមីន និង​ការបោសសម្អាត​មីន​ចូលរួម​ផងដែរ​។

លោក​ថា ការត្រួតពិនិត្យ​គុណភាព គឺ​ធ្វើឡើង​តាមរយៈ​ការធ្វើ​បទសម្ភាស​ជាមួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន អាជ្ញាធរ​ដែនដី បន្ទាប់មក​ក្រុម​អ្នកជំនាញ​សកម្មភាព​មីន​នៅតាម​ខេត្ដ​។ ក្រៅពីនេះ​ក៏មាន​ការប្រើប្រាស់​សម្ភារ​អេឡិចត្រូនិក ដូចជា ថេប្ល៊ិត (Tablet) ដើម្បី​ប្រមូល​ទិន្នន័យ​ឱ្យបាន​ច្បាស់លាស់ និង​លឿន​ផងដែរ​។

លោក​អះអាងថា ប្រតិបត្ដិករ​បោសសម្អាត​មីន​នៅ​កម្ពុជា​ទាំង​ប្រតិបត្ដិករ​ជាតិ និង​អន្តជាតិ​គឺ​មាន​ជំនាញ​ច្បាស់លាស់​។ ក្រោយពេល​បោសសម្អាត គឺ​កម្រ​មាន​សេសសល់​មីន​ណាស់ ហើយ​មុននឹង​ប្រគល់​ផ្ទៃដី​ចម្ការមីន​ដែល​បោសសម្អាត​រួច​ទៅឱ្យ​ប្រជាពលរដ្ឋ​វិញ គឺ​អាជ្ញាធរ​មីន​មាន​ក្រុម​ត្រួតពិនិត្យ​ទៅលើ​គុណភាព​នៃ​ការបោសសម្អាត​នេះ ដើម្បី​ឱ្យ​ប្រាកដថា ផ្ទៃដី​ដែល​បោស​សម្អាត​នោះ​មាន​សុវត្ថិភាព​។

បើតាម​អាជ្ញាធរ​មីន សមិទ្ធផល​ការងារ​សម្រេច​បាន​ក្នុង​ការអនុវត្ត ផែនការ​សកម្មភាព ឆ្នាំ​ ២០១៨-២០២០ ​កន្លងមក កម្ពុជា​បាន​រំដោះ ផ្ទៃដី​ចំនួន​ ៤២១ ​គីឡូម៉ែត្រ​ក្រឡា ស្មើនឹង​ ៦៦% នៃ​ផែនការ​ ៣ ​ឆ្នាំ​។ ក្នុងនោះ​រកឃើញ និង​កម្ទេច​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន​ ៤៩ ២៥៦ ​គ្រាប់មីន ប្រឆាំង​រថក្រោះ​ចំនួន​ ៩៥៦ ​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​ ២២១ ៣៧២ ​គ្រាប់ ព្រមទាំង​មាន​អ្នកទទួលផល​ចំនួន​ប្រមាណ ២ ​លាន​នាក់​។ ក្នុងនោះ​ក៏មាន​ប្រជាពលរដ្ឋ ចំនួន​ ២៨៤០ ៦១២ ​នាក់​ បាន​ទទួល​សារ​អប់រំ​អំពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ផងដែរ​៕

វីដេអូ៖