ភ្នំពេញៈ គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ (​គ.វ.ក-១៩) នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រភេទ​ស៊ីណូវ៉ាក់​ដូស​ទី​ ១ និង​ដូស​ទី​ ២ ​ដល់​កុមារ​ដែលមាន​អាយុ​ចាប់ពី​ ៦ ​ឆ្នាំ ដល់​អាយុ​ក្រោម ១២ ​ឆ្នាំ នៅ​រាជធានី-ខេត្ត​ចំនួន​ ៤ ដែល​ចាប់ផ្តើម​បើក​យុទ្ធនាការ​ចាប់ពី​ថ្ងៃទី​ ១៧ ខែកញ្ញា និង​ខេត្ត​ចំនួន​ ២១ ​ទៀត​នឹងត្រូវ​ចាប់ផ្តើម​បើក​យុទ្ធនាការ​ចាប់ពី​ថ្ងៃទី​ ១៨ ខែ កញ្ញា ឆ្នាំ​ ២០២១​។ រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ផ្តើម​បើក​យុទ្ធនាការ​ចាក់​មុនគេ​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ និង​ជា​ (​គ.វ.ក-១៩) បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៦ ខែកញ្ញា ថា ចំពោះ​កូនចៅ​របស់​មន្ត្រីរាជការ និង​មន្ត្រី​ជាប់​កិច្ចសន្យា ដែល​កំពុង​បម្រើការ​នៅ​ថ្នាក់ជាតិ​ត្រូវ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ចាប់ពី​ថ្ងៃទី​ ១៧ ខែកញ្ញា នៅតាម​មន្ទីរពេទ្យ​ជាតិ​នានា​។

ចំពោះ​កូនចៅ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា និង​សមាជិក​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ​រដ្ឋសភា និង​សមាជិក​រដ្ឋសភា និង​កូនចៅ​ឥស្សរជន​ដែលមាន​តួនាទី ជា​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។

កូនចៅ​ឥស្សរជន​ដែលជា​អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬ​មាន​ឋានៈ​ស្មើ​ចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​​ព្រះអង្គឌួង​។

សម្រាប់​មន្ទីរពេទ្យ​កុមារ​ជាតិ មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ទារក មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត និង​មន្ទីរពេទ្យ​គន្ធបុប្ផា ជា​ទីតាំង​ចាក់​វ៉ាក់សាំង​​កូវីដ​ ១៩ សម្រាប់​កូនចៅ​មន្ត្រីរាជការ​ចាប់ពី​ថ្នាក់​ប្រធាន​នាយកដ្ឋាន​ចុះ និង​មន្ត្រី​ជាប់កិច្ចសន្យា​ថ្នាក់ជាតិ​នៃ​ក្រសួង​ស្ថាប័ន មួយ​ចំនួន​ទៀត​។

ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ទាំង​ដូស​ទី​១ និង​ដូស​ទី​២ សម្រាប់​កូនចៅ​មន្ត្រី​អង្គការ​សហប្រជាជាតិ មន្ត្រី និង​បុគ្គលិក​ស្ថានទូត​នានា មន្ត្រី និង​បុគ្គលិក​អង្គការ​ជាតិ អន្តរជាតិ អ្នកឧកញ៉ា និង​លោក​ឧកញ៉ា នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ចាប់ពី​ថ្ងៃទី​ ៥ ដល់​ថ្ងៃទី​ ១៣ ខែតុលា​។

ចំពោះ​កូនចៅ​មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា​ព្រមទាំង​កូនចៅ​ប្រជាពលរដ្ឋ​ទូទៅ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និង​​ខេត្តកោះកុង​នឹងត្រូវ​រៀបចំ​ចាក់​ជូន​ដោយ​រដ្ឋបាល​រាជធានី​ខេត្ត​ទាំង​ ៤ ​នេះ​តាម​ពេលវេលា និង​ទីតាំង​ដែល​បានកំណត់​។

លោកស្រី ឱ វណ្ណឌីន ថ្លែងថា​៖ «​ការចាក់​វ៉ាក់សាំង​សម្រាប់​កុមារ​នេះ ដោយ​ចាប់ផ្តើម​ចាក់​ចាប់ពី​ថ្ងៃទី​ ១៧ ខែកញ្ញា នេះ ដែល​គម្លាត​រវាង​ដូស​ទី​១ និង​ទី​២ គឺ​រយៈពេល​ ២១ ​ថ្ងៃ​»​។

លោកស្រី​ថា សម្រាប់​ឯកសារ​ត្រូវ​ភ្ជាប់​ជាមួយ​នៅពេល​ទៅ​ចាក់​វ៉ាក់សាំង​ត្រូវមាន​សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត ឬ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ​ ឬ​លិខិត​ឆ្លងដែន​ និង​បណ្ណ​សម្គាល់​ខ្លួន​មន្ត្រីរាជការ ឬ​បណ្ណ​សម្គាល់​មន្ត្រី​ជាប់កិច្ចសន្យា​របស់​ឪពុកម្តាយ (​ចំពោះ​កូនចៅ​មន្ត្រី​រាជការ​ថ្នាក់ជាតិ​)​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ដែលមាន​អាយុ​ចាប់ពី​ ៦ ​ឆ្នាំ ដល់​ក្រោម​ ១២ ​ឆ្នាំ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល​សម្រាប់​ដូស​ទី​១ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១៧ ខែកញ្ញា ដល់ ថ្ងៃទី​ ៣ ខែតុលា ឆ្នាំ​ ២០២១ ​និង​សម្រាប់​ដូស​ទី​២ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ៨ ដល់​ថ្ងៃទី​ ២៤ ខែតុលា ឆ្នាំ​ ២០២១ តាមរយៈ​ការអញ្ជើញ និង​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដែលមាន​ទីតាំង​ចំនួន ៤២ ទីតាំង​ដែល​បានកំណត់​រួច​ជាស្រេច​។

លោក ឃួង ស្រេង បាន​បញ្ជាក់ថា អ្នកមាន​អាយុ​ត្រូវ​ចាក់​វ៉ាក់សាំង​ត្រូវ​មាន​សំបុត្រ​កំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត ឬ​លិខិតឆ្លងដែន ឬ​សៀវភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ ហើយ​ចំពោះ​កុមារ ដែល​រស់នៅ​ជាមួយ​មាតាបិតា​អាណាព្យាបាល​ត្រូវ​មាន​លិខិត​ព្រមព្រៀង​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ជា​លាយលក្ខណ៍​អក្សរ​ពី​សំណាក់​មាតាបិតា​អាណាព្យាបាល​ពួកគេ​។

ចំពោះ​កុមារ​ដែល​ស្នាក់នៅ​ឆ្ងាយ​ពី​មាតាបិតា អាណាព្យាបាល តម្រូវឱ្យ​មាតាបិតា​អាណាព្យាបាល បំពេញ​នូវ​លិខិត​ព្រមព្រៀង​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ជា​លាយលក្ខណ៍អក្សរ ហើយ​ផ្ញើ​តាម​ប្រព័ន្ធ​​អនឡាញ​មក​បុត្រធីតា​ ឬ​សាច់ញាតិ ដើម្បី​ផ្តល់ឱ្យ​គ្រូពេទ្យ​នៅ​ទីតាំង​ចាក់​វ៉ាក់សាំង​ផ្ទាល់​។

ចំពោះ​កុមារកំព្រា​ដែល​រស់នៅ​តាម​មណ្ឌល​នានា ត្រូវមាន​លិខិត​ព្រមព្រៀង​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ជា​លាយលក្ខណ៍​អក្សរ​ពី​សំណាក់​អ្នកគ្រប់គ្រង​មណ្ឌល​ថែទាំ​កុមារ រីឯ​កុមារ​ដែល​ជា​ជនអនាថា មិនអាច​កំណត់​អត្តសញ្ញាណ​មាតាបិតា គ្មាន​អាណាព្យាបាល និង​មិនមាន ទីតាំង​ស្នាក់នៅ​ពិតប្រាកដ អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ ដើម្បី​ចេញ​លិខិតបញ្ជាក់ និង​នាំយក​ពួកគេ​មក​ទទួល​វ៉ាក់សាំង​​បាន​ឱ្យ​គ្រប់ៗ​គ្នា​។

ទន្ទឹមគ្នា​នេះដែរ អភិបាលខេត្ត​ប៉ៃលិន លោកស្រី បាន ស្រីមុំ លោកស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុង អភិបាល​ខេត្ត​ព្រះសីហនុ លោក​ គួច ចំរើន ផ្ដើម​យុទ្ធនាការ​តាម​កាលបរិច្ឆេទ​នៃ​ការសម្រេច​របស់ (​គ.វ.ក-១៩) គឺ​នៅ​ថ្ងៃទី​ ១៧ ខែកញ្ញា​។

លោកស្រី បាន ស្រីមុំ បានកំណត់​ទីតាំង​ចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន មណ្ឌល​សុខភាព​ផ្សារព្រំ មណ្ឌល​សុខភាព​ភ្នំស្តង់ និង​មណ្ឌល​សុខភាព​ភ្នំ​ព្រាល​។

លោក អ៊ុំ រាត្រី ក៏បាន​សម្រេច​កំណត់​ទីតាំង​ចាក់​នៅ​ក្រុង​សិរីសោភ័ណ ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ស្រុក​មង្គលបុរី ស្រុក​ម៉ាឡៃ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក ស្រុក​ភ្នំស្រុក និង​ស្រុក​ព្រះនេត្រព្រះ​។

លោកស្រី មិថុនា ភូថង កំណត់​យក សាខា​កាកបាទក្រហម​ខេត្ត មណ្ឌល​សុខភាព​នាងកុក មណ្ឌល​សុខភាព​ត្រពាំងរូង មណ្ឌល​សុខភាព​​ឫស្សីជ្រំ​មណ្ឌល​សុខភាព​អណ្តូងទឹក មណ្ឌល​សុខភាព​ភ្ញីមាស និង​សាលាបឋមសិក្សា​បឹងព្រាវ​។

លោក​ គួច ចំរើន កំណត់​យក ក្រុង​ព្រះសីហនុ ក្រុង​កោះរ៉ុង ស្រុក​ព្រៃនប់ ស្រុក​ស្ទឹងហាវ និង​ស្រុក​កំពង់សីលា​។

ស្ត្រី​ម្នាក់​បាន​ប្រាប់ថា​៖ «​ខ្ញុំ​បារម្ភ​ពី​សុវត្ថិភាព​សុខភាព​របស់​កូន​ខ្ញុំ ទើប​ពួកខ្ញុំ​សម្រេចចិត្ត​យក​កូន​ទៅ​ទទួល​វ៉ាក់សាំង​នេះ​ ដើម្បី​ការពារ​ពី​វីរុស​កូវីដ-១៩ ហើយ​ក៏​ដើម្បី​កូន​បាន​ចូលរៀន​នៅឯ​សាលា​វិញ​ដែរ​។ កូនប្រុស​ខ្ញុំ​អាយុ​ជាង​ ១១ ​ឆ្នាំ និង​កូនស្រី​ ៦ ​ឆ្នាំ​ជាង​ហើយ​»​។

អ្នកនាង អោម វ៉ាស្រីលីន អាយុ​ ៣២ ​ឆ្នាំ​រស់នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នឹង​នាំ​កូនប្រុស​ និង​ស្រី​ទាំង​ ២ ​ទៅ​ចាក់​វ៉ាក់សាំង​តាម​ការជូនដំណឹង​របស់​អាជ្ញាធរ​សង្កាត់ មិន​ខ្លាច​ ឬ​បារម្ភ​ពី​ការប៉ះពាល់​សុខភាព​កូនៗ​នោះទេ​។

អ្នកនាង វ៉ាស្រីលីន បាន​ថ្លែងថា​៖ «​យើង​មិន​ខ្លាច​ ឬ​បារម្ភ​ពី​ការប៉ះពាល់​សុខភាព​កូនៗ​ដោយសារ​វ៉ាក់សាំង​របស់​ចិន​នោះទេ ប៉ុន្តែ​ផ្ទុយ​មកវិញ​វ៉ាក់សាំង​ចិន​នេះ​នឹង​ជួយ​ការពារ​សុខភាព​កូន​របស់​នាង​ពី​ការឆ្លង​មេរោគ​នេះ​»​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាស​កាលពី​ថ្ងៃទី​ ១៥ ខែកញ្ញា​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​សម្រាប់​កុមារ អាយុ​ពី​ ៦ ​ឆ្នាំ​ដល់​ក្រោម​ ១២ ​ឆ្នាំនេះ​នឹង​ត្រូវ​ធ្វើ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ និង​ថ្នាក់ជាតិ​ចាប់ពី​ថ្ងៃទី​ ១៧ ខែកញ្ញា ដែល​មាន​កុមារ​សរុប​ជាង​ ១ ​លាន​ ៨ ​សែន​នាក់​។ ការចាក់​វ៉ាក់សាំង​ដល់​ក្រុម​កុមារ​អាយុ​នេះ គឺ​ដើម្បី​ផ្តល់​លទ្ធភាព​ក្នុង​ការបើក​សាលារៀន​ថ្នាក់​បឋមសិក្សា​ឡើងវិញ ដូច​គ្រឹះសា្ថន​សិក្សា​សាធារណៈ​ និង​ឯកជន​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ដែល​បានចាប់ផ្តើម​បើក​សាលារៀន​ឡើងវិញ​បណ្តើរៗ​កាលពី​ថ្ងៃទី​ ១៥ ខែកញ្ញា​ផងដែរ​៕