លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើង​ថា នៅក្នុង​ខែកញ្ញានេះ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ប្រភេទ​ស៊ីណូវ៉ាក់​ចំនួន ៩​ លានដូស​ នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា ទាំង​វ៉ាក់សាំង​ជាការ​បញ្ជាទិញ និង​ការ​ផ្តល់ជូន​ពី​សាធារណរដ្ឋ​ប្រជាមានិតចិន។

លោក​បានថ្លែង​ដូចនេះ នាព្រឹក​ថ្ងៃទី ១៧ ខែកញ្ញា ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ជូន​កុមារ​អាយុពី ៦ ឆ្នាំ ដល់​អាយុ​ក្រោម ១២ ឆ្នាំ នៅ​វិមានសន្តិភាព​ថា នៅ​ថ្ងៃទី ២៤ ខែកញ្ញានេះ វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន ៣ លានដូស​នឹង​មកដល់ និង​នៅ​ថ្ងៃទី ២៦ ឬ ២៧ ខែកញ្ញា ចំនួន ៣ លានដូស​ក៏​នឹង​មកដល់​បន្ថែមទៀត។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «វ៉ាក់សាំង ៦ លានដូស​ដែល​នឹង​មកដល់​បន្ថែម​នេះ ជាការ​បញ្ជា​ទិញ​របស់​រាជរដ្ឋាភិបាល ហើយ​វ៉ាក់សាំង​ចំនួន ៣ លានដូស​ ដែល​លោក វ៉ាង យី សន្យា​ផ្តល់ឱ្យ​មក​កម្ពុជា​ក៏នឹង​ដឹក​មកដល់​ផងដែរ»។

លោក​ក៏បាន​បញ្ជាក់​បន្ថែម​ថា វ៉ាក់សាំង​កូវីដ ១៩ នៅក្នុង​ឃ្លាំង​មានចំនួន​ជាង​ ៤ លានដូស ហើយ​នៅ​ថ្ងៃទី ១៧ ខែកញ្ញានេះ ដែលជា​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ដល់​កុមារ​អាយុ ៦ ឆ្នាំ​ដល់ក្រោម ១២ ឆ្នាំ វ៉ាក់សាំង​ចំនួន ៧៧៣ ៤៣៧ ដូស សម្រាប់​កុមារ​ចំនួន ៣៨៦ ៧១៩ នាក់ សម្រាប់​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង។

លោកថា វ៉ាក់សាំង​ដែល​នៅសល់​ប្រមាណ​ជា ៤ លានដូស​ នឹងត្រូវ​ដឹកចេញ​ទៅ​តាម​បណ្តា​រាជធានី-ខេត្ត​ផ្សេងៗ​ សម្រាប់​ចាក់​ជូន​កុមារ​នៅ​ថ្ងៃ​បន្តបន្ទាប់​ផងដែរ៕