សៀមរាបៈ អាជ្ញាធរ​ជាតិអប្សរា​ចាប់ផ្តើម​ជួសជុល​ពង្រឹង​រចនាសម្ព័ន្ធ​កាំជណ្តើរ ច្រាំង​កសិន្ធុ​ខាងលិច​ផ្នែក​ខាងត្បូង​នៃ​ស្ពាន​ហាល​ប្រាសាទ​អង្គរវត្ត ដើម្បី​ថែរក្សា​ការពារ​សំណង់​បុរាណ​ឱ្យនៅ​គង់វង្ស រក្សា​ទឹក​ទុក​ដើម្បី​ភាពរឹងមាំ​របស់​គ្រឹះ​ប្រាសាទ និង​បង្កើន​សោភណភាព​នៃ​ប្រាសាទ​អង្គរវត្ត​បន្ថែមទៀត​។

លោក​ ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៥ ខែកញ្ញា ថា ការជួសជុល​នេះ ដោយសារ​រចនាសម្ព័ន្ធ​កាំជណ្តើរ​ច្រាំងកសិន្ធុ​ខាងលិច​ផ្នែក​ខាងត្បូង​នៃ​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត នេះ​មាន​ហានិភ័យ និង​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ហើយ​ការជួសជុល​នេះ​នឹង​ធ្វើឱ្យ​រចនាសម្ព័ន្ធ​មាន​សភាព​រឹងមាំ​ឡើងវិញ​។

កិច្ចការ​ទាំងនេះ គឺជា​ចំណុច​សំខាន់​ដែល​ក្រុមការងារ​ជុសជួល​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវតែមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ការជួសជុល​ឡើងវិញ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កាំជណ្តើរ​នេះ រក្សាទុក​បាន​យូរអង្វែង និង​មិន​ឱ្យ​បែកបាក់​ដោយ​ប្រការ​ណាមួយ រួម​នឹង​ការទប់​គ្រឹះ​ប្រាសាទ​ឱ្យមាន​ភាពរឹងមាំ​យូរអង្វែង។

លោក​ថ្លែងថា​៖ «​យើង​មើលឃើញ វា​មាន​សភាព​ស្រុត ដោយសារ​តែ​ឫស​ឈើ ធ្វើឱ្យ​ប្រេះ​។ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវធ្វើ គឺ​ពង្រឹង​រចនាសម្ព័ន្ធ​ចាស់ គឺ​គ្រឹះ​ខាងក្រោម​ដែល​ស្រុត​។ យើង​នឹង​ធ្វើការ​ជួសជុល​កាំជណ្តើរ កន្លែង​ណា​ដែល​វា​បាត់បង់ និង​ខូច​រូបរាង​ដើម​»​។

ទោះជា​យ៉ាងណា លោក ​កុសល ​ថ្លែងថា​៖ «​យើង​និយាយ​វា​ស្រួល​ទេ តែ​ប៉ុន្មាន​ម៉ាត់ ចប់​បាត់​ហើយ​។ ប៉ុន្តែ​សម្រាប់​អ្នកធ្វើ​វិញ​នោះ វា​មាន​ផល​លំបាក​ជាង​អ្វីដែល​យើង​និយាយ​ទៅទៀត​។ មួយទៀត អ្វីដែល​យើង​ធ្វើការ​ជួសជុល​នេះ​ដើម្បី​សុវត្ថិភាព​របស់​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​ដែល​មកលេង​កម្សាន្ត និង​មក​អង្គុយ​លម្ហែ​អារម្មណ៍​នៅតាម​កាំជណ្តើរ​នេះ​»​។

លោក​ ម៉ៅ សុខនី មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​ឱ្យ​ដឹង​ដែរ​ថា គម្រោង​ជួសជុល​នេះ​មាន​ប្រវែង​សរុប​ ២០០ ​ម៉ែត្រ ដោយ​ចែកចេញ​ជា​ ៣ ​ដំណាក់កាល និង​ប្រើប្រាស់​ពេលវេលា​ជួសជុល​ចំនួន​ ៣ ​ឆ្នាំ​។ ដំណាក់កាល​ទី​១ ការពង្រឹង​រចនាសម្ព័ន្ធ​ចាស់ ដោយ​ចាក់​បេតុង​កាំជណ្តើរ​បន្ថែម​នៅ​គ្រឹះ​ខាងក្រោម និង​កែសម្រួល​ផ្នែក​ស្រុត​ខ្លះៗ​។ ទី​២ ធ្វើការ​ជួសជុល​នៅ​ផ្នែក​កាំជណ្តើរ​ដែល​រលស់​ខ្លះ ឬ​បាត់បង់​រូបរាង​ដើម​ផ្នែក​មធ្យម និង​ទី​៣ ធ្វើការ​ជួសជុល​កាំជណ្តើរ​ដែល​ខូចខាត​ទ្រង់ទ្រាយ​ដើម ដែល​បាន​ជួសជុល​តាំងពី​ជំនាន់​បារាំង​មក​។

លោក​ សុខនី បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​ក្រុមការងារ​កំពុង​ធ្វើការ​កល់​ទ្រ​បេតុង​ដែល​បាក់ៗ​។ បន្ទាប់មក​ធ្វើ​ទំនប់​ប្រវែង​ ៨០ ​ម៉ែត្រ ដើម្បី​បូមទឹក​ចេញ ចាប់ផ្តើម​ការងារ​សិក្សា​បុរាណវិទ្យា ពិនិត្យ​ស្ថានភាព​គ្រឹះ​ខាងក្រោម និង​អនុវត្ត​ការងារ​ពង្រឹង​គ្រឹះ​តែម្តង​»​។

បើតាម​លោក ម៉ៅ សុខនី ច្រាំង​កសិន្ធុ​ប្រាសាទអង្គរវត្ត​នេះ​ក៏​ធ្លាប់មាន​ប្រវត្តិ​ត្រូវបាន​ធ្វើការ​ជួសជុល​ជាច្រើន​ដង​រួចមក​ហើយ​ដែរ ដោយ​សាលា​បារាំង​ចុង​បូព៌ា អ្នកជំនាញការ​អ៊ីតាលី និង​អ្នកជំនាញការ​ពី​ប្រទេស​ឥណ្ឌា​។

ក្រៅពីនេះ អាជ្ញាធរ​ជាតិអប្សរា​ក៏​បាននិង​កំពុង​ដាំ​ស្មៅ​នៅក្នុង​បរិវេណ​ផ្នែក​ខាងក្នុង​ប្រាសាទអង្គរវត្ត​ក្នុង​គោលបំណង​កែលម្អ​សោភណភាព​បរិស្ថាន ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​ផងដែរ​។ ការដាំ​ស្មៅ​នេះ គឺ​ចាប់ផ្តើម​ពី​មាត់កសិន្ធុ​ខាងក្នុង​រហូត​ទៅដល់​ផ្នែក​ខាងក្នុង​ប្រាសាទ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សោភណភាព​នៃ​បរិស្ថាន​ក្នុង​ប្រាសាទអង្គរវត្ត កាន់តែ​មាន​ភាពស្រស់ស្អាត​ថែម​មួយកម្រិត​ទៀត​៕