គ្រឹះស្ថានសិក្សា​ចំនួនជាង ២ ០០០ សាលា ត្រូវបាន​បើក​ដំណើរការ​ឡើង​វិញ ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ១៧ ខែកញ្ញា ដោយ​ក្នុងនោះ រាជរដ្ឋាភិបាល​ផ្តល់​អាទិភាព​សម្រាប់​កម្រិត​ថ្នាក់ទី ៩ និងទី ១២ ដែលជា​កម្រិត​ត្រូវប្រឡង។ នេះបើតាម​ការ​ថ្លែង​ឱ្យដឹង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹក​ថ្ងៃទី ១៧ ខែកញ្ញានេះ។

លោក​បាន​ឱ្យដឹង​ថា ការ​បើក​សាលា​ឡើងវិញ មាន​សាលា​ចំនួន ២ ៦៤១ សាលា ក្នុង​នោះ​មាន​កម្រិត​មតេយ្យសិក្សា​ចំនួន ១៥៣ សាលា​បឋមសិក្សា​ចំនួន ១ ៥០០ អនុវិទ្យាល័យ​ចំនួន ៧១៦ និង​វិទ្យាល័យ​ចំនួន ២៧២។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ៖ «ដំណើរការ​នៃការ​បើក​សាលា​ឡើងវិញ​របស់យើង ខ្ញុំ​សុំផ្តាំ​ពីការ​បើក​សាលា​ទៅដល់​អាជ្ញាធរ រាជធានី​-ខេត្ត​ថា គ្រឹះស្ថាន​អាច​បើក​ដំណើរការ​ដោយ​ការរៀន​បណ្តុំ​មិនលើស​ពី ១៥ នាក់ ដោយ​គោរព​តាម​ស្តង់ដា​របស់​ក្រសួងអប់រំ យុវជន និងកីឡា និង​ក្រសួងសុខាភិបាល»។

លោក​នាយករដ្ឋមន្រ្តី​បាន​បន្ថែមថា ត្រូវ​ផ្តល់​អាទិភាព​ក្នុងការ​បើក​ដំណើរការ​សាលា​នេះ​សម្រាប់ ថ្នាក់ទី ៩ និង ១២ ដែលជា​ថ្នាក់​សម្រាប់​ប្រឡង ប៉ុន្តែ​មិនទាន់​កំណត់​កាល​បរិច្ឆេទ​នៃ​ការ​ប្រឡង​នៅឡើយទេ។

លោក ហ៊ុន សែន ថា៖ «សុំ​បន្តរៀន​អនឡាញ​សម្រាប់​ភូមិសាស្ត្រ​ដែល​មានការ​ឆ្លងច្រើន ហើយ​សុំឱ្យ​អាជ្ញាធរ​ខេត្ត​-រាជធានី ត្រូវបន្ត​ប្រុងប្រយ័ត្ន និង​តាមដាន​ការ​រីករាល​នៃជំងឺ​កូវីដ ១៩ ដើម្បី​ឈាន​ទៅដល់​ការ​ទប់ស្កាត់​ទាន់​ពេលវេលា»៕