បាត់ដំបងៈ ការប្រមូល​ទិន្នផល​អាចម៍​ប្រចៀវ​ក្នុង​រដូវវស្សា​នេះ​មាន​ការធ្លាក់ចុះ​ពី​ ៤០-៥០ ​ភាគរយ បើ​ធៀប​ទៅនឹង​រដូវប្រាំង ដោយសារ​ស្ថានភាព​នៃ​ល្អាង​សត្វប្រចៀវ​មាន​ភាពរអិល និង​ក្លិនឆ្អេះ​ខ្លាំង​​ដែល​ងាយ​នឹង​បង្ក​ផលប៉ះពាល់​ដល់​​សុខភាព និង​អាយុជីវិត​។ ​នេះ​បើតាម​ការអះអាង​របស់​តំណាង​សហគមន៍​គ្រប់គ្រង​ល្អាង​ប្រចៀវ​ភ្នំសំពៅ និង​ភ្នំ​រំសាយសក់​ខេត្ត​បាត់ដំបង​។

លោក ដាំ ឆាង ប្រធាន​សហគមន៍​គ្រប់គ្រង​ល្អាង​ប្រចៀវ​ភ្នំ​សំពៅ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៥ ខែកញ្ញា ឆ្នាំនេះ​ថា ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំងពេក​ក្រុម​ការងារ​របស់​សហគមន៍​លោក​មិន​​អាច​ចុះ​ប្រមូល​ទិន្នផល​អាចម៍​ប្រចៀវ​ពី​ក្នុង​បាត​ល្អាង​ដូច​មុន​បានទេ ព្រោះ​ការចូល​ទៅ​បាត​ល្អាង​មាន​ការប្រឈម​គ្រោះថ្នាក់​ដល់​សុខភាព និង​អាយុជីវិត​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រៅពី​ក្លិនឆ្អេះ​នៃ​អាចម៍​ប្រចៀវ​ដែល​ពិបាក​នឹង​ទ្រាំ​នោះ​ផ្លូវ​ចុះ​ទៅក្នុង​ល្អាង​នៃ​សត្វ​ប្រចៀវ​ គឺ​មាន​ភាព​ងងឹត​មាន​ស្លែ​កាន់​ជាប់​នឹង​ថ្មភ្នំ​ងាយ​រអិល​ដោយសារ​សំណើម​ទឹកភ្លៀង ដូច្នេះ​ក្រុម​ការងារ​យើង​មិនអាច​ចុះ​ប្រមូល​វា បាន​ច្រើន​ដូច​មុន​នោះទេ ព្រោះ​ខ្លាច​ប៉ះពាល់​សុខភាព​ និង​គ្រោះថ្នាក់​ដល់​ជីវិត​»​។

យ៉ាងណាក្ដី ក្រុមការងារ​របស់​លោក​នៅតែ​មិន​បោះបង់​ការចុះ​ប្រមូល​ទិន្នផល​អាចម៍​ប្រចៀវ​តាម​ពេល​កំណត់​ ២ ​ដង​ក្នុង​ ១ ​ខែ​។ លោក​ ឆាង ​បាន​ថ្លែងថា​៖ «​បច្ចុប្បន្ន​ក្រុមការងារ​យើង​ចុះ​ប្រមូល​ទិន្នផល​អាចម៍​ប្រចៀវ​បាន​ប្រមាណ​ពី​ ១,៥ ​តោន​ទៅ​ ២ ​តោន​ប៉ុណ្ណោះ​ក្នុង​ ១ ​លើក គឺ​ថយចុះ​ប្រមាណ​ពី​ ៤០-៥០ ​ភាគរយ​បើ​ធៀប​ទៅនឹង​ការប្រមូលផល​ក្នុង​រដូវប្រាំង​»​។

បើតាម​លោក ឆាង ទោះបី​ជា​ការប្រមូល​ទិន្នផល​អាចម៍​ប្រចៀវ​បាន​តិចជាង​មុន​ក្ដី ក៏​ការលក់​អាចម៍​ប្រចៀវ​ដល់​​អ្នកយក​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​ដាំដុះ​​មិន​ឡើងថ្លៃ​ដែរ​ ពោល​គឺ​នៅតែ​រក្សា​តម្លៃ ២៥ ០០០ ​រៀល ក្នុង​ ១ ​ការុង​ទម្ងន់​ ១៥ ​គីឡូក្រាម​ដដែល​។

ចំណែក លោក រឿត សាវន ដែលជា​សមាជិក​សកម្ម​ម្នាក់​នៃ​សហគមន៍​គ្រប់គ្រង​ល្អាង​ប្រចៀវ​ភ្នំសំពៅ​បាន​ឱ្យដឹង​ដែរ​ថា កាលពី​ខែមិថុនា​កន្លងទៅ សត្វ​ប្រចៀវ​ប្រមាណ​ជាង​ ២ ​លាន​ក្បាល បាន​ងាប់​ដោយសារ​មាន​សត្វ​សង្កើច​ខាំ និង​ការលួច​ដាក់មង​ចាប់​សម្លាប់​យក​សាច់​លក់​ធ្វើ​ជា​ម្ហូប​ដោយ​ខុសច្បាប់​។

លោក​ សាវន បាន​ថ្លែងថា​៖ «​យើង​ពិតជា​សោកស្ដាយ​នៅពេល​ប្រទះឃើញ​គេ​លក់​សាច់សត្វ​ប្រចៀវ​នៅក្នុង​តំបន់​ទេសចរណ៍​នៃ​ស្រុក​ឯក​ភ្នំ​ និង​ស្រុក​សង្កែ​ក្នុងតម្លៃ ៧ ០០០ ​រៀល​ក្នុង​ប្រចៀវ​ ១ ​ផ្លូន​ (៤០ ​ក្បាល​) ​ហើយ​យើង​រឹតតែ​ស្លុតចិត្ត​ទៀត​នៅ​ពេលឮ​អ្នកលក់​អះអាង​ថា ១ ​យប់​គេ​អាច​ដាក់មង​ចាប់​សត្វ​ប្រចៀវ​បាន​រហូតដល់​ ៣-៤ ​ផ្លូន​»​។

យ៉ាងណា​ក៏ដោយ ក្រោយពី​មាន​ការជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ និង​មន្ត្រី​អភិរក្ស​បរិស្ថាន ករណី​ដាក់​មង​ចាប់​សត្វ​ប្រចៀវ​នេះ​បាន​ស្ងប់ស្ងាត់​ទៅវិញ​។ នេះ​បើតាម​សម្ដី​លោក​ សាវន​។

ទន្ទឹម​នឹងនេះ លោក​បាន​ប្រាប់​ឱ្យដឹងទៀតថា ដោយសារ​មានការ​ផ្ដល់​យោបល់​ពី​មន្ត្រី​ជំនាញ ក្រុមការងារ​ក្នុង​សហគមន៍​របស់លោក​បាន​ទិញ​ថ្នាំ​សម្លាប់សត្វ​សង្កើច​បាញ់​ចូលទៅក្នុង​ល្អាង ដើម្បី​បណ្ដេញ​សង្កើច​ចេញ ហើយ​បច្ចុប្បន្ន​សត្វ​ប្រចៀវ​ក្នុង​ល្អាង​ភ្នំ​សំពៅ​ទាំង​ ២ ​ទីតាំង គឺ​ល្អាង​ខាងកើត​ និង​ខាងលិច​មាន​ចំនួន​ប្រមាណ​ ១០ ​លាន​ក្បាល​។

ស្រដៀង​គ្នា​នេះ លោក លន់ គឹមលឿន ប្រធាន​សហគមន៍​ភ្នំ​រំសាយសក់​ដែល​ធ្វើការ​អភិរក្ស​ល្អាង​សត្វ​ប្រចៀវ​ ១ ​កន្លែង​នៅ​ភ្នំ​ចាក់​អង្កាម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពេលនេះ​ក្រុមការងារ​ប្រមូល​ទិន្នផល​អាចម៍​ប្រចៀវ​ក្នុង​សហគមន៍​លោក​បាន​​ផ្អាក​សកម្មភាព​ប្រមូល​អាចម៍​ប្រចៀវ​ជា​បណ្ដោះអាសន្ន ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ធ្វើឱ្យ​ផ្លូវ​ចុះទៅ​ក្នុង​ល្អាង​ប្រចៀវ​រអិលខ្លាំង​ និង​មាន​ក្លិនឆ្អេះ​ខ្លាំងពេក​។

លោក​ថ្លែងថា​៖ «​ជាទូទៅ​ក្រុមការងារ​យើង​ចុះ​ប្រមូល​ទិន្នផល​អាចម៍​ប្រចៀវ​រៀងរាល់​ ១ ​ខែ​កន្លះ​ម្ដង លើកលែង​តែ​​ក្នុង​រដូវភ្លៀង​ធ្លាក់​អាច​ត្រូវ​ពន្យារ​ពេលទៅដល់​ ២ ​ខែ​ ឬ​ ៣ ​ខែម្ដង ព្រោះ​ដើម្បី​ការពារ​សុខភាព និង​ការពារ​គ្រោះថ្នាក់​​ដល់​អាយុជីវិត​»​។

បើតាម​លោក គឹម លឿន ការប្រមូលផល​អាចម៍​ប្រចៀវ​ក្នុង​ ១ ​លើកៗ​ក្រុម​ការងារ​របស់​លោក​ប្រមូលបាន​ចន្លោះ​ពី​ ១៧ ​ទៅ​ ២០ ​តោន ហើយ​អាចម៍​ប្រចៀវ​ក្នុង​ ១ ​ការុង​ទម្ងន់​ ១៧ ​គីឡូក្រាម សហគមន៍​លក់បាន​ក្នុងតម្លៃ​ពី​ ២៥ ០០០​ រៀល​ទៅ ៣០ ០០០ ​រៀល​។ ​

លោក​ថា ថវិកា​ដែល​លក់បាន​គឺ​ត្រូវ​បែងចែក​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​នៃ​អង្គភាព​ពាក់ព័ន្ធ​ចំនួន​ ៩ ​នាក់ ដែល​បាន​យាម​ប្រចាំការ​ ២៤ ​ម៉ោង​ក្នុង​តំបន់​ជួរ​ភ្នំ​រំសាយសក់​ចំនួន​ ៤៥ ​ភាគរយ​ និង ៣០ ​ភាគរយ​បែងចែក​ដល់​ក្រុម​ការងារ​សហគមន៍​ចំនួន​ ១០ ​នាក់ ដែលជា​អ្នក​ចុះ​ប្រមូល​អាចម៍​ប្រចៀវ​ផ្ទាល់ ហើយ​នៅសល់​ ២៥ ​ភាគរយ គឺ​ត្រូវ​ដាក់បញ្ចូល​ទៅក្នុង​បេឡា​របស់​សហគមន៍​សម្រាប់​ជួយ​ដល់​គ្រួសារ​ក្រីក្រ​៕

វីដេអូ៖