លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើង​ថា រដ្ឋាភិបាល​បានផ្តល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​ឯកជន​អាច​នាំយក​វ៉ាក់សាំង​សម្រាប់​លក់​ផង​ដែរ ប៉ុន្តែ​មកដល់​ពេលនេះ​មិនទាន់​ឃើញមាន​ក្រុមហ៊ុន​ឯកជន​ណាមួយ​មានការ​នាំចូល​វ៉ាក់សាំង​មកលក់​នៅឡើយទេ។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​នាព្រឹក​ថ្ងៃទី ១៧ ខែកញ្ញា​ថា៖ «យើង​ផ្តល់​រួចហើយ តែ​បញ្ហា​ត្រង់ថា​ក្រុមហ៊ុន​ឯកជន​រកទិញ​វ៉ាក់សាំង​មិនបាន នេះជា​បញ្ហា។ វ៉ាក់សាំង​ខ្លះ​ត្រូវការ​សីតុណ្ហភាព​ទាបខ្លាំង​ ដើម្បី​រក្សា​គុណភាព​វ៉ាក់សាំង តើ​ក្រុមហ៊ុន​ឯកជន​អាចធ្វើ​ទៅរួចទេ?»។

ទាក់ទង​នឹង​ការ​កំណត់​តម្លៃ​សម្រាប់​ក្រុមហ៊ុន​ឯកជន​ក្នុង​ការលក់​វ៉ាក់សាំង​នេះ លោក ហ៊ុន សែន បាន​បញ្ជាក់ថា វាជា​សេដ្ឋកិច្ច​ទីផ្សារ វា​អាស្រ័យ​លើ​អ្នកទិញ និងអ្នកលក់ តែ​រដ្ឋាភិបាល​ក៏ត្រូវ​ចូលរួម​ក្នុង​ករណីនេះដែរ។

លោក ហ៊ុន សែន បាន​ថ្លែងថា៖ «បើគេ​មិន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ដែល​រដ្ឋ​ផ្តល់ឱ្យ​ទេ គេ​នឹង​ទៅរក​សេវា​ឯកជន​ហើយ។ គោលការណ៍​កំណត់​តម្លៃ រដ្ឋាភិបាល​មិនអាច​កំណត់​បានទេ តែ​រដ្ឋ​អាច​អំពាវនាវ​កុំឱ្យ​មានការ​ដាក់​តម្លៃ​ថ្លៃខ្ពស់ពេកបាន»៕

វីដេអូ៖