ខេត្តស្វាយរៀង​នឹង​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ចាប់ពី​ថ្ងៃទី​ ២៧ ខែកញ្ញា ឆ្នាំ​ ២០២១ ដោយ​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ ប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​ ១៩ ​នេះ​។

យោងតាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្តស្វាយរៀង​នៅ​ថ្ងៃទី​ ១៧ ខែកញ្ញា​ថា​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ចំពោះ​ការបើក​ដំណើរការ​ឡើងវិញ​នេះ គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ក្នុង​ភូមិសាស្ត្រ​ខេត្តស្វាយរៀង ត្រូវ​ធ្វើការ​បែងចែក​វេន​សិក្សា​របស់​សិស្សានុសិស្ស​ឱ្យ​ស្របតាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ (SOP) ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ឱ្យបាន​ត្រឹមត្រូវ​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ នា​ថ្ងៃទី​ ១៣ ខែកញ្ញា ឆ្នាំ​ ២០២១​នេះ បាន​លើកឡើងថា គ្រឹះស្ថានសិក្សា​រដ្ឋ​ និង​ឯកជន ត្រូវបង្កើត​គណៈកម្មការ​សុខភាព​សិក្សា​នៅតាម​គ្រឹះស្ថានសិក្សា និង​ត្រូវបង្កើត និង​ពង្រឹង​ភារកិច្ច​របស់​គណៈកម្មការ​សុខភាព​សិក្សា នៅតាម​គ្រឹះស្ថានសិក្សា​ដោយ​កំណត់​សមាសភាព និង​ភារកិច្ច​ច្បាស់លាស់ ស្របតាម​បទដ្ឋាន​គតិយុត្ត​ដែលមាន​ជា​ធរមាន​។

លោក​បាន​បន្តថា ត្រូវ​រៀបចំ​បន្ទប់​សុខភាព​ក្នុង​គ្រឹះស្ថានសិក្សា ដោយ​បំពាក់​នូវ​សម្ភារ​ចាំបាច់​សម្រាប់​សង្គ្រោះ​បឋម និង​ឧបករណ៍​វាស់​ស្ទង់កម្ដៅ ម៉ាស់ ទឹក​អាល់កុល ឬ អាល់កុល​ជែល សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។

គួរបញ្ជាក់​ផងដែរ ចាប់ពី​ថ្ងៃទី​ ១៥ ដល់​ថ្ងៃទី​ ១៧ ខែកញ្ញា សាលា​ចំនួន​ជាង​ ២ ០០០ ​សាលា​ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ​៕