បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប.ស.ស.) បាន​ផ្តល់​ទឹកប្រាក់​វិភាជន៍​បូជាសព​ចំនួន ១០ ​លាន​រៀល ជូន​ក្រុមគ្រួសារ​សព​សមាជិក ប.ស.ស. ជា​មន្ត្រីរាជការ ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ការងារ ដែល​នេះ​ជា​លើក​ទី​ ១ បន្ទាប់ពី ប.ស.ស. បាន​ដាក់​ឱ្យ​ដំណើរការ​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រីរាជការ​សាធារណៈ​កាលពី​ដើម​ខែមករា ឆ្នាំ​ ២០២១ កន្លងទៅ​។

យោងតាម​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប.ស.ស.) ​បាន​ឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​ ១៦ ខែកញ្ញា ប.ស.ស. បាន​បើក​ផ្តល់ជូន​ប្រាក់​វិភាជន៍​បូជាសព​ចំនួន ១០ លាន​រៀល​ជូន​ដល់​ក្រុមគ្រួសារ​សព​សមាជិក ប.ស.ស. ជា​មន្ត្រីរាជការ​សាធារណៈ​។

ប្រភព​ដដែល​បាន​លើកឡើង​ថា៖ «​នេះ​ជា​លើកដំបូង​ហើយ ដែល​បេឡា​ជាតិ​សន្តិសុខ​សង្គម​បាន​បើក​ផ្តល់ជូន​ប្រាក់​វិភាជន៍​បូជាសព​ជូន​ដល់​សមាជិក​របស់​ខ្លួន​ជា​មន្ត្រីរាជការ​សាធារណៈ ដែល​បាន​គ្រោះថ្នាក់​ការងារ​រហូត​បាត់បង់​ជីវិត បន្ទាប់ពី ប.ស.ស. បាន​ដាក់​ឱ្យ​ដំណើរការ​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រីរាជការ​សាធារណៈ កាលពីដើម​ខែមករា​ឆ្នាំ​នេះ​»​។

លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប.ស.ស. បានឱ្យដឹងថា នេះ​ជា​ការយកចិត្ត​ទុកដាក់​ខ្ពស់បំផុត ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា តែងតែង​គិតគូរ​ដល់​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​កម្មករ​និយោជិត និង​មន្ត្រីរាជការ​សាធារណៈ​ផងដែរ​៕