លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​សម្រេច​បន្ដ​ផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​រយៈពេល ១៤​ ថ្ងៃ​បន្ថែមទៀត ចាប់ពី​ថ្ងៃទី​ ១៧ ដល់​ថ្ងៃទី​ ៣០ ខែកញ្ញា នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ ដោយសារ​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​មិនទាន់​ទប់ស្កាត់​បាន​ទាំងស្រុង​នៅឡើយ ហើយ​កំពុង​មាន​ការឆ្លង​រាលដាល​ជា​បន្តបន្ទាប់​ទៀត​។

លោក​បានលើកឡើង​នៅក្នុង​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី​ ១៦ ខែកញ្ញា ថា ការផ្អាក​នេះ​គឺ​ដើម្បី​ធានា​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ ក៏ដូចជា​សណ្តាប់ធ្នាប់​សង្គម​ក្នុង​ខេត្ត​ព្រះសីហនុ​។

លោក គួច ចំរើន ​ថា៖ «​បន្ត​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ រយៈពេល​ ១៤ ​ថ្ងៃ​បន្តទៀត ដោយ​គ្រប់​ផ្សារ​រដ្ឋ ផ្សារ​ឯកជន និង​ផ្សារម៉ាត ព្រមទាំង​ដេប៉ូ​ចែកចាយ​គ្រឿង​ស្រវឹង​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ត្រូវតែ​បន្ត​ផ្អាក​ការលក់ដូរ និង​ចែកចាយ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​»​។

អភិបាលខេត្ត​រូបនេះ​បាន​បន្តទៀត​ថា គ្រប់​ភោជនីយដ្ឋាន អាហារដ្ឋាន តូប​លក់​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ អាជីវ​កម្មដ្ឋាន​អាហារ​ភេសជ្ជៈ និង​អាជីវករ​លក់ដូរ អ្នក​ចែកចាយ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ត្រូវ​បន្ត​ផ្អាក​រាល់​ការបម្រើ​គ្រឿង​ស្រវឹង​ជូន​ភ្ញៀវ​ជា​បណ្តោះអាសន្ន​។

លោក គួច ចំរើន បាន​បន្តថា៖ «​ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ អ្នកគ្រប់គ្រង​ផ្សារ អ្នកគ្រប់គ្រង​ក្រុមហ៊ុន ឬ​ដេប៉ូ​ចែកចាយ ម្ចាស់​ហាង ម្ចាស់​តូប​លក់ដូរ ក៏ដូចជា​ម្ចាស់​ទីតាំង​អាជីវកម្ម​ពាក់ព័ន្ធ​ការលក់ដូរ​គ្រឿង​ស្រវឹង​មិន​អនុវត្តតាម​សេចក្តីណែនាំ​នេះ ត្រូវ​ទទួល​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ដោយ​គ្មាន​ការលើកលែង​ឡើយ​»៕