
ទីតាំងតូបលក់ដូររបស់ប្រជាពលរដ្ឋនៅក្បែរអាងកំពីងពួយ។ រូបថត ក្រសួងព័ត៌មាន
បាត់ដំបងៈ អាជ្ញាធរស្រុកបាណន់កំពុងសម្របសម្រួលជាមួយប្រជាពលរដ្ឋ ៣៩ គ្រួសារ ដែលមានតូបលក់ដូរនៅក្នុងអាងទឹកកំពីងពួយ ស្ថិតនៅក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ដើម្បីឱ្យមន្ត្រីជំនាញនៃមន្ទីរធនធានទឹកខេត្តបាត់ដំបងបានដំណើរការកសាងប្រព័ន្ធធារាសាស្ត្រនៅទីនោះ។
លោក ឡុច រេត អភិបាលស្រុកបាណន់ថ្លែងនៅថ្ងៃទី ១៥ ខែកញ្ញាថា គណៈបញ្ជាការឯកភាពស្រុកបាណន់កំពុងបន្តធ្វើការតាមនីតិវិធីជាបន្តបន្ទាប់ នៅមិនទាន់អាចបញ្ជាក់ថាមានការសម្រេចយ៉ាងណានៅឡើយទេ។ លោកអភិបាលស្រុកប្រាប់ថា ជំហានដំបូង លោកឱ្យអាជ្ញាធរឃុំធ្វើការសម្របសម្រួល ដោយជួបជាមួយប្រជាពលរដ្ឋធ្វើការប្រមូលព័ត៌មាន ដើម្បីដឹងថា ពលរដ្ឋមានមតិយោបល់ និងសំណូមពរយ៉ាងណាជាមុនសិន។
លោកថ្លែងថា៖ «នេះជាជំហានទី១ ដែលខ្ញុំចុះអនុវត្តសិន អាហ្នឹងនៅក្រុមការងារខ្ញុំត្រូវប្រជុំគ្នាទៀត អត់ទាន់ចប់ទេ នៅឡើងចុះឡើងចុះ បើបានលទ្ធផលយ៉ាងម៉េចអីយ៉ាងម៉េច ចាំសុំគោលការណ៍ខេត្តដើម្បីសម្រេច ប៉ុន្តែឥឡូវអត់ទាន់ថាម៉េចកើតទេ»។
លោកអភិបាលស្រុកបញ្ជាក់ថា នៅថ្ងៃទី ១៦ ខែកញ្ញានេះ គណៈបញ្ជាការឯកភាពស្រុកនឹងប្រជុំជាមួយប្រជាពលរដ្ឋនៅពេលព្រឹកដើម្បីឱ្យពលរដ្ឋបំភ្លឺបន្ថែម ព្រមទាំងធ្វើការពិភាក្សាគ្នាដើម្បីរកដំណោះស្រាយបន្តទៀត។
លោក អ៊ឹម ប៊ុនយូ មេឃុំតាគ្រាម ថ្លែងនៅថ្ងៃទី ១៥ ខែកញ្ញាថា ដំបូងប្រជាពលរដ្ឋចំនួន ៣៩ គ្រួសារដែលមានតូបនៅក្នុងទឹកអាងកំពីងពួយបានរុះរើចេញអស់ បន្ទាប់ពីអាជ្ញាធរបានណែនាំពីសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក ដើម្បីធ្វើជើងទេរទំនប់អាងកំពីងពួយ។
ប៉ុន្តែក្រោយពលរដ្ឋធ្វើការរុះរើចេញពីក្នុងអាងក៏បាននាំគ្នាទៅធ្វើតូបនៅផ្នែកខាងលើដែលនៅជាប់ក្បែរទីនោះដដែល ដោយមិនមានការស្នើសុំពីអាជ្ញាធរ ឬជំនាញណាឡើយដោយអះអាងថា ការធ្វើរបស់ពួកគាត់ដើម្បីចិញ្ចឹមជីវិត ទោះបីអាជ្ញាធរចុះសម្របសម្រួលក៏ពួកគាត់មិនយល់ព្រម។ លោកថា ក្នុងកិច្ចការងារនេះ អាជ្ញាធរស្រុកបានឱ្យអាជ្ញាធរឃុំជួយសម្របសម្រួលមួយជំហានជាមុនសិន។
លោកថ្លែងថា៖ «ខ្ញុំធ្វើការសម្របសម្រួលដោយផ្សព្វផ្សាយណែនាំថាកន្លែងខាងលើហ្នឹងក៏ខាងធនធានទឹកមិនឱ្យធ្វើអីដែរ ព្រោះប៉ះពាល់ទៅលើកិច្ចការធ្វើសំណង់របស់គេ។ គាត់ថាបើមិនឱ្យគាត់ធ្វើរកស៊ី គាត់បានអីចិញ្ចឹមជីវភាព និងដោះធនាគារ អ៊ីចឹងយើងសម្រួលថា ឥឡូវសំណូមពរយ៉ាងម៉េច គាត់ថា បើរើត្រូវរើទាំងអស់កុំឱ្យមានអ្នកលក់បាន និងលក់មិនបាន»។ លោកមេឃុំតាគ្រាមបន្តថា បើចាំបាច់ពិតជាត្រូវរុះរើដោយខានមិនបានពួកគាត់យល់ព្រមក្នុងការរុះរើចេញ ប៉ុន្តែត្រូវមានកន្លែងដោះដូរសម្រាប់ពួកគាត់ឱ្យបានត្រឹមត្រូវ។ ចំពោះការស្នើសុំនេះ ពលរដ្ឋសំអាងថា ពួកគាត់បានទៅធ្វើការលក់ដូរ ប្រកបអាជីវកម្មនៅទីនោះអស់រយៈពេលជាង ២០ ឆ្នាំកន្លងមកហើយ។
លោកថ្លែងថា៖ «ពួកគាត់សំណូមពរសុំដីខាងក្រោមទំនប់ កន្លែងផ្លូវឡើងពីថ្នល់កៅស៊ូលេខ ១ ៥៧០ ទៅហ្នឹងវាធំគ្រាន់ដែរ ដែលរបស់ធនធានទឹកគ្រោងទុក។ អ៊ីចឹងគាត់ថា បើដេញគាត់ គាត់សុំកន្លែងហ្នឹងដើម្បីលក់បណ្តោះអាសន្ន ខ្ញុំក៏ធ្វើរាយការណ៍កំណត់ហេតុហ្នឹងជូនទៅស្រុក»៕