ភ្នំពេញៈ ក្រសួង​ការងារ​ប្រកាស​ប្រាប់​ម្ចាស់​រោងចក្រ សហគ្រាល «​ត្រូវ​» អនុញ្ញាត​ឱ្យ​កម្មករ​រោងចក្រ​ឈប់សម្រាក​ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​ ៣ ​ថ្ងៃ ហើយ​កម្មករ​ដែល​ធ្វើការ​ក្នុង​ថ្ងៃ​ឈប់សម្រាក​នេះ​ត្រូវ​ទទួលបាន​ប្រាក់​បំណាច់​បន្ថែម​។

ក្រសួង​ការងារ​បញ្ជាក់​ក្នុង​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​ ១៧ ខែកញ្ញា​ថា​៖ «​សូម​ជម្រាបជូន​ដល់ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ទាំងអស់ ដែល​ស្ថិតក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តីពី​ការងារ​ត្រូវ​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ទាំងអស់​របស់ខ្លួន​ឈប់​សម្រាក​ដោយមាន​ប្រាក់​ឈ្នួល​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​»​។

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​រយៈពេល​ ៣ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ៥ ដល់​ថ្ងៃទី​ ៧ ខែតុលា​។

ក្រសួង​ការងារ​បញ្ជាក់ថា ម្ចាស់​រោងចក្រ សហគ្រាស អាច​ពិភាក្សា​ជាមួយ​តំណាង​កម្មករ​ដើម្បី​ផ្លាស់ប្តូរ​ការឈប់​សម្រាក​នេះ​នៅពេល​ណាមួយ​ផ្សេងទៀត ក្នុង​ករណី​មាន​ការព្រមព្រៀង​ពី​កម្មករ​។

ក្រសួង​បញ្ជាក់ថា រោងចក្រ សហគ្រាស​ដែលមាន​អាជីវកម្ម​ជា​លក្ខណៈ​សកល​ហើយ​ត្រូវ​ដំណើរការ​ជាប្រចាំ ហើយ​ការឈប់​សម្រាក​បុណ្យ​របស់​កម្មករ​ព្រម​គ្នា​ក្នុង​ពេល​តែមួយ​ដែល​ធ្វើឱ្យ​ខូច​ដំណើរការ​របស់​រោងចក្រ ម្ចាស់​រោងចក្រ​ត្រូវ​បែងចែក​ឱ្យ​កម្មករ​បាន​ឈប់សម្រាក​ទៅតាម​ថ្ងៃបុណ្យ​នីមួយៗ​ដោយ​ផ្លាស់ប្តូរ​គ្នា ហើយ​រក្សាទុក​បញ្ជី​បែងចែក​នោះ​ជាប្រចាំ​សម្រាប់​ការត្រួតពិនិត្យ​របស់​អធិការ​ការងារ​របស់​ក្រសួង​។

ក្រសួង​បញ្ជាក់ថា​៖ «​កម្មករនិយោជិត​ដែល​ធ្វើការ​ថ្ងៃ​ឈប់​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់​បំណាច់​បន្ថែម​ដែល​មាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា​»​។

ក្រសួង​អំពាវនាវ​ដល់​កម្មករ​ដែល​ឈប់សម្រាក​អនុវត្តតាម​សេចក្តី​ណែនាំ​របស់​ក្រសួងសុខាភិបាល​ស្តីពី​ការការពារ​ការចម្លង​វីរុស​កូវីដ ១៩ និង​ការពុល​ចំណីអាហារ​ក្នុង​អំឡុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ និង​វិធាន​សុខាភិបាល​៕

វីដេអូ៖