លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា លោក​នៅតែ​បន្ត​ឱ្យ​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ពិនិត្យ​ និង​ត្រូវយក​នូវ​ស្តង់ដា​មួយ​ថា «​បើ​ចាក់​វ៉ាក់សាំង​ដូស​ទី​១ ទី​២ ​ហើយត្រូវតែ​មាន​ដូស​ទី​៣»​។

លោក ហ៊ុន សែន បាន​ស្នើឡើង​ដូចនេះ​ក្នុង​ពេល​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដល់​កុមារ​អាយុ​ ៦ ​ឆ្នាំ​ដល់​ក្រោម​ ១២ ​ឆ្នាំ​ នា​ព្រឹក​ថ្ងៃទី​ ១៧ ខែកញ្ញា​នេះ​។

លោក​មានប្រសាសន៍​ថា៖ «​យើង​ត្រូវយក​ស្តង់ដា​នេះ បើ​មិន​ដូច្នេះ​ទេវា​នឹង​មិនមាន​ភាពស៊ាំ​នៅក្នុង​សហគមន៍​»​។

ជាមួយ​គ្នា​នេះដែរ លោក ហ៊ុន សែន ក៏​ស្នើសុំ​ប្រជាពលរដ្ឋ​កុំ​ទិញ​ប្រដាប់​ធ្វើតេស្ត​រក​អង់ទីក័រ​ការពារ​វីរុស​កូវីដ​ ១៩ ហើយ​អង់ទីក័រ​នេះ​ក៏​អាស្រ័យ​លើ​មនុស្ស​ផងដែរ ដែល​អ្នកខ្លះ​មាន​អង់ទីក័រ​ច្រើន អ្នកខ្លះ​មាន​តិច និង​អ្នកខ្លះ​មិនមាន​ទេ​។

លោក​ថា៖ «​ប៉ុន្តែ​យើង​ចាក់​វ៉ាក់សាំង​ប្រសើរ​ជាង​មិន​ចាក់​។ ពេទ្យ​បាន​ជួស​ឈាម​ខ្ញុំ​យក​ទៅ​រក​អង់ទីក័រ ប៉ុន្តែ​ឃើញថា​ខ្ញុំ​មាន​តិច​។ ខ្ញុំ​បាន​ចាក់​ដូស​ទី​៣ ​រួចហើយ បាន​រយៈពេល​ ៧២ ​ម៉ោង​ហើយ​ដែរ​»៕