រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បាន​សម្រេច​ធ្វើការ​ផ្អាក​ដំណើរការ​ថ្នាក់រៀន​មួយចំនួន​ជា​បណ្តោះអាសន្ន ១៤ ថ្ងៃ​ នៅក្នុង​សាលា​ចំនួន ៥ និង​តម្រូវឱ្យ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ធ្វើ​ចត្តាឡីស័ក​ឱ្យបាន​ត្រឹមត្រូវ។

យោងតាម​លិខិត​ផ្ញើជូន​ប្រធានមន្ទីរ​អប់រំ យុវជន និងកីឡា​រាជធានីភ្នំពេញ ដែល​ចុះហត្ថលេខា​ដោយ​លោក ហង់ជួន ណារ៉ុន នៅ​ថ្ងៃទី ១៧ ខែកញ្ញានេះ បានឱ្យដឹងថា ៖ «ខ្ញុំសូមជម្រាប លោកប្រធាន​ថា ដោយ​ចូលរួម​ទប់ស្កាត់ ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្រសួង​សម្រេច​ផ្អាក​ដំណើរការ​ថ្នាក់រៀន នៅតាម​គ្រឹះស្ថានសិក្សា​ចំនួន ៥ រយៈពេល ១៤ ថ្ងៃ និង​ធ្វើ​ចត្តាឡីស័ក​អ្នក​ពាក់ព័ន្ធផ្ទាល់»។

គ្រឹះស្ថាន​សិក្សា​ទាំងនោះ​រួមមាន វិទ្យាល័យ ហ៊ុនសែន ពញាពន់ (ថ្នាក់ 9B), វិទ្យាល័យបឹងប្រិយ៍ (ថ្នាក់ 12A I, 9CI, 9DI), វិទ្យាល័យបឹងធំ (ថ្នាក់ 7A2), វិទ្យាល័យវត្តភ្នំ (ថ្នាក់ 9H2, 9D2, 9B2, 9BI, 9H2, 12C2, I2B2, 12H2) និងវិទ្យាល័យវត្តកោះ (ថ្នាក់ 7F)។

លោក​រដ្ឋមន្រ្តី​បានបញ្ជាក់​ទៀតថា ចំពោះ​ថ្នាក់​ដទៃទៀត​ត្រូវ​បន្ត​ដំណើរការ​ជាធម្មតា ប៉ុន្តែ​ត្រូវធ្វើ​ការ​រឹតត្បិត​ការចេញ​លេង និង​បន្ត​ពាក់ម៉ាស់ និង​លាងដៃ​ជាប្រចាំ។

លោក ហង់ជួន ណារ៉ុន បាន​លើកឡើង​ថា៖ «មិន​អនុញ្ញាត​ឱ្យមាន​ការ​ទាក់ទង ពី​សិស្ស​ថ្នាក់​មួយ​ទៅ​ថ្នាក់​មួយទៀតទេ ហើយ​មិន​អនុញ្ញាត​ឱ្យមាន​ការ​ជួបជុំ ឬ​ប្រជុំ​ក្រៅពី​ការ​សិក្សា​ក្នុង​សាលារៀន​ឡើយ»។

លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ ធ្លាប់បាន​លើកឡើង​កាលពី​ថ្ងៃទី ១៥ ខែកញ្ញាថា សាលា​រាជធានីភ្នំពេញ ​នឹង​ធ្វើការ​សម្រេច​បិទផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សាលា ឬ​ថ្នាក់ណា​ដែលមាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ចាប់ពី​ក្រោម ១០ ភាគរយ នៃ​ចំនួន​សិស្ស​ក្នុងថ្នាក់​ដើម្បី​បង្ការ​ការ​រីករាលដាល​នៃ​មេរោគ​កូវីដ ១៩៕

វីដេអូ៖