កុមារ​អាយុ​ពី​ ៦ ​ឆ្នាំ​ដល់​ក្រោម​ ១២ ​ឆ្នាំ​នៅ​ទូទាំង​ប្រទេស​ដែល​នឹងត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​មាន​ប្រមាណ​ជា​ ១,៩ ​លាន​នាក់ ហើយ​ការចាក់​វ៉ាក់សាំង​នេះ​ក៏​នៅតែ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត​ដដែល​។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ​ ២០២១ ​នេះ​។

លោក​បានឱ្យដឹងថា៖ «​យើង​នៅតែ​ប្រកាន់​យក​ការចាក់​វ៉ាក់សាំង​តាម​គោលការណ៍​ស្ម័គ្រចិត្ត ដោយសារ​កុមារ​ខ្លះ​នៅ​ក្មេង​ពេក សុខភាព​របស់​ពួកគេ​មិន​គ្រប់គ្រាន់​។ ខ្ញុំ​នៅសល់​ចៅ​ ៣ ​នាក់ (​ស្រី​ ២ ​ប្រុស ​១) ដែល​គ្រូពេទ្យ​មិនទាន់​អនុញ្ញាត​ឱ្យ​ចាក់​ទេ​ ដោយសារ​នៅ​បន្ត​តាមដាន​សុខភាព​របស់​ពួកគេ​សិន​»​។

លោក ហ៊ុន សែន បាន​បន្តថា ការចាក់​នេះ​គឺ​ត្រូវមាន​ការយល់ព្រម​ពី​ឪពុកម្តាយ​របស់​ពួកគេ ដូចនេះ​ហើយ​វា​នៅមាន​ភាពស៊ាំ​ញ៉ាំ​បន្តិច​ក្នុង​ការចាក់​វ៉ាក់សាំង​កុមារ​នេះ​។ ក្រុមគ្រូពេទ្យ​ត្រូវ​ធ្វើការ​សម្ភាសន៍​ក្មេង​តាមរយៈ​ឪពុកម្តាយ​របស់​ពួកគេ​។

លោក​បាន​បន្ថែមថា បន្តិចទៀត​វ៉ាក់សាំង​នេះ​នឹង​ក្លាយជា​បញ្ហា​ធម្មតា​ហើយ ដោយ​ក្រសួង​សុខាភិបាល​មាន​ចាក់​វ៉ាក់សាំង​ការពារ​សម្រាប់​កុមារ​ចំនួន​ ១២ ​មុខ​។

ដូចនេះ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​នឹង​អាច​ក្លាយជា​វ៉ាក់សាំង​សម្រាប់​ការពារ​កុមារ​ទី​ ១៣ ​ហើយ​។

លោក ហ៊ុន សែន បាន​បញ្ជាក់ថា៖ «​វ៉ាក់សាំង​កូវីដ​ ១៩ ​នឹង​ក្លាយជា​វ៉ាក់សាំង​កាតព្វកិច្ច​របស់​មនុស្ស​តែម្តង​»៕