រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​នឹងត្រូវ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ជំរុញ​ទៅដល់​ប្រជាពលរដ្ឋ​ទូទៅ​ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង មុនគេ​ចាប់ពី​ខែតុលា​ខាងមុខនេះ​ទៅ​។ នេះ​បើតាម​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​ ១៧ ខែកញ្ញា​នេះ​។

លោក ហ៊ុន សែន បានឱ្យ​ដឹងថា សម្រាប់​ខេត្ត​ផ្សេងទៀត​នឹង​បន្ត​ចាក់​ជា​បន្តបន្ទាប់​ផងដែរ ដោយសារ​ការចាក់​នេះ​ត្រូវ​គិតពី​ចន្លោះ​ ៤ ​ទៅ​ ៦ ​ខែ​។ ដូចនេះ កម្ពុជា​មិន​ត្រូវការ​វ៉ាក់សាំង​គំហុក​នោះទេ គឺ​ត្រូវ​រុញ​ទៅតាម​ដំណាក់កាលៗ​។

លោក​មានប្រសាសន៍​ថា៖ «​យើង​ត្រូវមាន​ប្រតិទិន​ជាក់លាក់​តាំងពី​ថ្នាក់​ខេត្ត​រហូតមកដល់​ថ្នាក់ជាតិ ដើម្បី​យើង​ចាត់ចែង​ការបញ្ជូន​វ៉ាក់សាំង​ទៅកាន់​ខេត្ត​ ឬ​ទីតាំង​នោះ​»​។

ជាមួយ​គ្នា​នេះដែរ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​ថា មិនមែន​តែ​ប្រទេស​កម្ពុជា​នោះទេ​ដែល​បាន​ចាក់​វ៉ាក់សាំង​សម្រាប់​កុមារ ប៉ុន្តែ​ក៏មាន​ប្រទេស​មួយចំនួន​ទៀត​ក៏បាន​ធ្វើ​រួចហើយ​ផងដែរ​ដូចជា ប្រទេស​ចិន គុយបា អារ៉ាប់​រួម ប៉េរ៉ូ អាសាល់វ៉ាឌ័រ អាល្លឺម៉ង់ បារ៉ែន ហើយ​ប្រទេស​អាមេរិក​ និង​ប្រទេស​អ៊ីស្រាអែល​កំពុង​រៀបចំ​សិក្សា​ពី​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ទៅដល់​កុមារ​នេះ​ផងដែរ​។

លោក ហ៊ុន សែន បាន​ថ្លែងថា៖ «​យើង​ត្រូវ​ធ្វើការ​បោះជំហាន​ទៅមុន ការពារ​កុមារ​របស់​យើង ការពារ​កូនចៅ​យើង​ឱ្យ​ពួកគេ​រស់រាន​មាន​ជីវិត​ឱ្យ​ពួកគេ​ទទួលបាន​ការថែទាំ​សុខភាព​ពី​សំណាក់​យើង​ជា​មនុស្ស​ចាស់ និង​ឱ្យ​ពួកគេ​បាន​ចូល​សាលា​ដោយមាន​សុវត្ថិភាព​ទាំង​គ្រូ​ទាំង​សិស្ស​»៕