លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើកឡើងថា រាជធានី​នៃ​ប្រទេស​កម្ពុជា​ បាន​ចាក់​វ៉ាក់សាំង​ច្រើនជាងគេ​នៅក្នុង​ពិភពលោក មិនមែន​ដោយសារ​តែ​កម្ពុជា​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រទេស​ចិន​នោះទេ តែ​ដោយសារ​រដ្ឋាភិបាល​កម្ពុជា​មាន​វិធីសាស្ត្រ​ក្នុង​ការគ្រប់គ្រង និង​បែងចែក​វ៉ាក់សាំង​បានល្អ​។

លោក​បាន​ថ្លែង​នៅក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ទៅដល់​កុមារ​អាយុ​ ៦ ​ឆ្នាំ​ ដល់​ក្រោម​ ១២ ​ឆ្នាំ​ នា​ព្រឹក​ថ្ងៃទី​ ១៧ ខែកញ្ញា​ថា សារព័ត៌មាន​របស់​ប្រទេស​អូស្ត្រាលី​បាន​និយាយថា ដោយសារ​តែ​ប្រទេស​កម្ពុជា​ជិតស្និទ្ធ​ជាមួយ​ចិន​ធ្វើឱ្យ​រដ្ឋធានី​របស់​ប្រទេស​កម្ពុជា​មាន​ប្រជាជន​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​បាន​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក​។

ទាក់ទង​នឹង​ការលើកឡើង​របស់​សារព័ត៌មាន​អូស្ត្រាលី​នេះ​លោក ហ៊ុន សែន បាន​បញ្ជាក់ថា៖ «​បើ​គ្មាន​វិធីសាស្ត្រ​ក្នុង​ការគ្រប់គ្រង​បញ្ជា​ក្នុង​ការចាក់​វ៉ាក់សាំង​ទេ វ៉ាក់សាំង​នេះ​នឹង​រាយប៉ាយ​ដដែល​។ មិនមែន​ដោយសារ​យើង​ជិតស្និទ្ធ​ជាមួយ​ចិន​នោះទេ ទើប​យើង​ចាក់​វ៉ាក់សាំង​បាន​ច្រើន​ជាងគេ​ក្នុង​ទីក្រុង​លើ​ពិភពលោក​នោះទេ​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ការចាក់​បាន​ច្រើន​នេះ​គឺ​ដោយសារ​កម្រិត​នៃ​ការបញ្ជា​ទៅដល់​រាជធានី​ខេត្ត​ដែលមាន​ហានិភ័យ​ខ្ពស់ ទើប​ធ្វើឱ្យ​មាន​ភាពស៊ាំ​ក្នុង​សហគមន៍​មាន​ប្រសិទ្ធភាព​៕