លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើកឡើងថា លោក​នៅ​បន្តធ្វើ​ការតាមដាន​លើ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ និង​ការអនុវត្ត​ជាក់ស្តែង​របស់​ពិភពលោក ថា​តើ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី​៤ ​អាច​នឹង​តម្រូវឱ្យ​ចាក់​ឬ​អត់​។

លោក ហ៊ុន សែន បាន​ថ្លែង​នៅក្នុងពេល​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​សម្រាប់​កុមារ​អាយុ​ពី​ ០៦ ​ឆ្នាំ​ដល់​ក្រោម​ ១២ ​ឆ្នាំ​នា​ព្រឹក​ថ្ងៃទី​ ១៧ ខែកញ្ញា​ថា ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី​៤ ​អាច​នឹងត្រូវ​ចាក់​ ឬ​មិន​ចាក់ អាស្រ័យ​លើ​ការវិវត្ត​របស់​វីរុស​កូវីដ​ ១៩ និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​។

លោក​មានប្រសាសន៍​ថា៖ «​យើង​ត្រូវ​តាមដាន​លើ​ការងារ​នេះ ដោយ​ការអនុវត្ត​ជាក់ស្តែង​របស់​ពិភពលោក​ជាមួយនឹ​ង​ប្រសិទ្ធភាព​វ៉ាក់សាំង​ដែល​ត្រូវ​បន្ត ផ្គួប​ផ្សំ​ជាមួយ​នឹង​ការណែនាំ​ពី​អង្គការ​សុខភាព​ពិភពលោក​ផងដែរ​។ ខ្ញុំ​បានដឹងថា​មិត្តភក្តិ​បរទេស​របស់​យើង​មួយចំនួន​បាន​ដើរទៅ​ដល់​ដូស​ទី​៤ ​រួចស្រេច​ទៅហើយ ប៉ុន្តែ​ខ្ញុំ​សុំ​មិន​បញ្ចេញ​ថា​ តើ​ជា​ប្រទេស​ណា​នោះទេ​»​។

លោក ហ៊ុន សែន បាន​បន្ថែមថា ប្រសិនបើ​មាន​តម្រូវការ​ចាក់​ដូស​ទី​៤ ​មែន គឺ​តម្រូវឱ្យ​រដ្ឋាភិបាល​ត្រូវ​ចំណាយលុយ​បន្តទៀត​ក្នុង​ការទិញ​វ៉ាក់សាំង​សម្រាប់​ចាក់​ទៅដល់​ប្រជាពលរដ្ឋ ដែល​នេះ​ជា​ករណី​មួយ​ដែល​លោក​ចៀស​មិនបាន ប៉ុន្តែ​បញ្ហា​នេះ​ទាមទារ​ឱ្យ​មាន​ការសិក្សា​ការវិវត្ត​នាពេលខាងមុខ​ទៀត​។

ទន្ទឹមនឹង​នេះដែរ លោក​នាយក​រដ្ឋមន្ត្រី​បានឱ្យដឹង​ដែរ​ថា ប្រសិនបើ​សភាពការណ៍​នៃ​ស្ថានភាព​របស់​វីរុស​កូវីដ វិល​មកជា​ល្អ​វិញ លោក​នឹង​សម្រេច​ឱ្យ​បើក​ដំណើរការ​អាជីវកម្ម​ ឬ​ការងារ​ផ្សេងៗ​ទៀត​ទាំងអស់​ឡើងវិញ​។

លោក​ថា៖ «​គ្មាន​អ្នកណា​ចង់ឱ្យ​មាន​ការបិទ​ដូចនេះ​ទេ សព្វថ្ងៃ​ពលរដ្ឋ​របស់​យើង​ចង់​ដើរលេង​។ ជាដំបូង​ខ្ញុំ​ចង់ឱ្យ​ចាប់ផ្តើម​បើក​មុនគេ​គឺ​វិស័យ​អប់រំ បន្ទាប់មក​នឹង​បើក​វិស័យ​សេវា ដោយ​យើង​ចង់​ធ្វើ​ ២ ​ជំហាន គឺ​ជំហាន​ទី​១ ​ការបើក​ឡើងវិញ​នូវ​ទេសចរណ៍​ក្នុងស្រុក ដោយសារ​ប្រជាពលរដ្ឋ​ក៏មាន​តម្រូវ​ការដើរ​កម្សាន្ត​ថ្ងៃ​សៅរ៍ អាទិត្យ និង​ថ្ងៃបុណ្យ​»៕

វីដេអូ៖