លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើឱ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ា់ក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស និង​ក្រុម​ជំនាញ​វេជ្ជសាស្រ្ត​ជាន់ខ្ពស់​ធ្វើការ​សិក្សា​បន្ថែម​លើ​លទ្ធភាព​ចាក់​វ៉ាក់សាំង​ចំពោះ​កុមារ​ដែលមាន​អាយុ​ពី ៣ ឆ្នាំ​ទៅ ៦ ឆ្នាំ ដែល​មាន​ចំនួន ៩១៥ ០៤៦ នាក់។

លោក​បាន​លើកឡើង​ដូចនេះនា​ព្រឹក​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ ថា គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ា់ក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស និង​ក្រុមជំនាញ​វេជ្ជសាស្រ្ត​ជាន់ខ្ពស់ ត្រូវ​រាយការណ៍​ឱ្យ​លោក ពេល​ធ្វើការ​សិក្សា​រួចរាល់។

លោក​មាន​ប្រសាសន៍​ថា ៖ «នេះជា​កិច្ច​ទី១ ដែល​នឹងត្រូវ​ធ្វើ​នាពេល​ខាងមុខនេះ ហើយ​ការងារ​នេះ​ក៏​ចាត់ទុក​បាន​ប្រគល់​ទៅឱ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ា់ក់សាំង​កូវីដ ១៩ និង​អ្នកជំនាញ​ជាន់ខ្ពស់​ធ្វើ​កិច្ចការ​នេះ​ផងដែរ ដែល​អាច​នឹង​ត្រូវ​ប្រើប្រាស់​វ៉ាក់សាំង​ប្រមាណ​ជា ២ លានដូស»។

លោក ហ៊ុន សែន ថា ការ​ចាក់​វ៉ាក់សាំង​ទៅដល់​កុមារ​អាយុនេះ​គឺ​ដើម្បី​បាន​ពួកគេ​ទៅ​សិក្សា​នៅ​ថ្នាក់​កម្រិតមតេ្តយ្យ​បាន​ដូច​ក្មេងធំៗ​ដែរ។

ជាមួយគ្នា​នេះដែរ លោក​ក៏បាន​លើកឡើង​ស្ថានភាព​នៃ​អ្នកជំងឺ​ដែលមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មានការ​ថយចុះ​បន្ទាប់ពី​មាន​ការ​ចាក់​វ៉ាក់សំាង​បានច្រើន។

លោក​បាន​ថ្លែងថា ការ​ព្យាបាល​មាន ៣ បែប គឺ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ ការ​ព្យាបាល​នៅ​តាមតំបន់​ដែល​បាន​រៀបចំ និង​ការ​សម្រាក​ព្យាបាល​នៅតាមផ្ទះ។

លោកថា ៖ «យើង​នៅតែ​លើក​ទឹកចិត្ត​ឱ្យមាន​ការ​សម្រាក​ព្យាបាល​តាមផ្ទះ ប៉ុន្តែ​យើង​ក៏​នៅតែ​បន្ត​ឱ្យ​ធ្វើ​ការព្យាបាល​នៅតាម​តំបន់​ទាំងនោះ ដោយសារ​តែ​អ្នកខ្លះ​មិនមាន​លទ្ធភាព​ព្យាបាល​នៅផ្ទះ ដែល​មាន​ទំហំតូច»។

ដោយឡែក ក្នុងឱកាស​នេះ​ផងដែរ លោក ហ៊ុន សែន ក៏បាន​លើកឡើង​ពី​គម្រោង​នៃការ​ពិភាក្សា​ជាមួយ​មិត្តចិន​ឱ្យ​និស្សិត​កម្ពុជា បាន​ត្រឡប់​ទៅរៀន​នៅ​ប្រទេសចិនវិញ។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ៖ «សុំឱ្យ​លោក ហង់ជួន ណារ៉ុន ធ្វើការ​ពិភាក្សា​ជាមួយ​មិត្តចិន​ដើម្បី​ឱ្យ​ពួក​និស្សិត​របស់យើង​បាន​វិលត្រលប់​ទៅ​រៀន​ផ្ទាល់​នៅ​ប្រទេសចិនវិញ»៕