សៀមរាបៈ អាជ្ញាធរ​ខេត្តសៀមរាប​ដាក់​ភូមិ​ចំនួន ​៣ និង​សង្កាត់​ចំនួន​ ៤ ក្នុង​ក្រុង​សៀមរាប ជា​តំបន់​ក្រហម និង​បាន​បិទខ្ទប់​តំបន់​ទាំងនោះ​រយៈពេល​ ១ ​សប្តាហ៍​ចាប់ពី​ថ្ងៃទី​ ១៧ ​ដល់​ថ្ងៃទី​ ២៣ ខែកញ្ញា ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ​មិនឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​។

តំបន់​ទាំងនោះ​រួមមាន សង្កាត់​ស្លក្រាម សង្កាត់​ស្វាយដង្គំ សង្កាត់​គោកចក សង្កាត់​ជ្រាវ ភូមិ​តាវៀន​ស្ថិតក្នុង​សង្កាត់​សាលាកំរើក និង​ភូមិ​ព្រៃធំ និង​ភូមិ​ស្រង៉ែ​ស្ថិត​ក្នុង​សង្កាត់​ស្រង៉ែ​។

សេចក្តី​សម្រេច​រដ្ឋបាល​ខេត្តសៀមរាប​បញ្ជាក់​នៅ​ថ្ងៃទី​ ១៧ ខែកញ្ញា ថា បុគ្គល​គ្រប់រូប​ត្រូវ​បាន​ហាមឃាត់​មិនឱ្យ​ធ្វើដំណើរ​ចេញពី​លំនៅឋាន និង​ធ្វើ​សកម្មភាព​កីឡា​នៅ​ក្រៅ​លំនៅឋាន ហើយ​ក្នុងករណី​បំពាន​បម្រាម អាជ្ញាធរ​ត្រូវអនុវត្ត​វិធានការ​ច្បាប់ «​យ៉ាង​ម៉ឺងម៉ាត់​» និង​ឃាត់​ទុកជា​បណ្តោះអាសន្ន​នូវ​មធ្យោបាយ​ធ្វើដំណើរ​។

ផ្សារ និង​ទីកន្លែង​លក់​ម្ហូបអាហារ និង​គ្រឿង​ឧបភោគបរិភោគ សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ទាំងអស់​នៅក្នុង​តំបន់​ក្រហម​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​។

សេចក្តី​សម្រេច​បញ្ជាក់ថា​៖ «​រាល់​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន និង​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ការចាក់​ឧបករណ៍​បំពង​សំឡេង ការច្រៀង ឬ​រាំ​កម្សាន្ត ត្រូវបាន​ហាមឃាត់​»​។

ការធ្វើដំណើរ​ឆ្លងកាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ និង​ពី​សង្កាត់​មួយ​ទៅ​សង្កាត់​មួយ​ក្នុង ក្រុង​សៀមរាប ក៏​ត្រូវបាន​ហាមឃាត់​ផងដែរ​៕