ភ្នំពេញៈ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​បាន​ជួយ​អន្តរាគមន៍​បញ្ជូន​ពលរដ្ឋ​កម្ពុជា​ចំនួន​ ៤ ​នាក់​ដែល​ជាប់គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​ ដោយសារ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ​ត្រឡប់មក​កម្ពុជា​វិញ​នៅថ្ងៃនេះ​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ឱ្យដឹងថា​៖ «​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​បាន​អន្តរាគមន៍​ជួយ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​ ៤ ​នាក់​ត្រឡប់មក​កម្ពុជា​វិញ តាមរយៈ​ជើងយន្តហោះ​អាកាសចរណ៍​សិង្ហបុរី​លេខ SQ158 ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ​ ២០២១ វេលា ម៉ោង​ ៥:៣០ ​នាទី​ល្ងាច​នៅ​ព្រលាន​យន្តហោះ​ភ្នំពេញ​»​។

លោក​ថ្លែងថា ដោយសារ​មាន​ជីវភាព​ក្រីក្រ​ខ្លាំង ប្រជាពលរដ្ឋ​ទាំង​ ៤ ​នាក់​ពុំមាន​លទ្ធភាព​ទិញ​សំបុត្រ​យន្តហោះ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិ ទេសន្តរប្រវេសន៍​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ ដើម្បី​ផ្តល់​សំបុត្រ​យន្តហោះ​ជូន​ពួកគាត់​ត្រឡប់មក​កម្ពុជា​វិញ​។

លោក កុយ គួង បន្តថា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​បាន​ជួយ​ចេញ​លិខិត​ធ្វើដំណើរ​បណ្តោះអាសន្ន និង​សម្របសម្រួល​ជាមួយ​មន្ត្រី​អន្តោប្រវេសន៍​ម៉ាឡេស៊ី ព្រមទាំង​បាន​ចាត់​មន្ត្រី​ជូន​ដំណើរ ពលរដ្ឋ​ទាំង​ ៤ ​នាក់​មកកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​គូឡាឡាំពួ​ផងដែរ​។

កាលពី​ថ្ងៃទី​ ១៦ ខែកញ្ញា ស្ថាន​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សាកែវ ប្រទេស​ថៃ​បាន​អន្តរាគមន៍​សម្របសម្រួល​បញ្ជូន​ពលករ​កម្ពុជា​ចំនួន ​៥ ​នាក់ ដែល​មកពី​តំបន់​នានា​ក្នុងប្រទេស​ថៃ​ឱ្យ​វិល​ត្រឡប់មក​កម្ពុជា​វិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ខ្លង​លឹកប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​បាន​ប្រគល់ជូន​អាជ្ញាធរ​កម្ពុជា ដើម្បី​ដំណើរការ​តាម​នីតិវិធី​សុខាភិបាល​៕