រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានសម្រេច​បង្កើត​ក្រុមការងារ​ដឹកនាំ​រៀបចំ​បទដ្ឋាន​គតិយុត្ត​ទាក់ទង​នឹង​លក្ខន្តិកៈ​នៃ​សារការី ក្រឡាបញ្ជី និង​អាជ្ញាសាលា ដើម្បី​សិក្សា​ស្រាវជ្រាវ​លើ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​ឧត្តមានុវត្តន៍​ជាតិ និង​អន្តរជាតិ​នានា សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការពិនិត្យ រៀបចំ និង​កែសម្រួល​បទដ្ឋាន​គតិយុត្ត​ទាក់ទង​នឹង​លក្ខន្តិកៈ​នៃ​សារការី ក្រឡាបញ្ជី និង​អាជ្ញាសាលា​។

យោងតាម​សេចក្តី​សម្រេច​ដែល​ចុះហត្ថលេខា​ដោយ​លោក កើត រិទ្ធ នៅ​ថ្ងៃទី​ ១៧ ខែកញ្ញា​នេះ​បាន​ឱ្យដឹងថា ក្រុមការងារ​ដឹកនាំ​ការរៀបចំ​បទដ្ឋាន​គតិយុត្ត​នេះ មាន​ក្រុមការងារ​បច្ចេកទេស​មួយ​ដែល​ទទួលបន្ទុក​សិក្សា​ស្រាវជ្រាវ រៀបចំ និង​កែសម្រួល​បទដ្ឋាន​គតិយុត្ត ទាក់ទង​នឹង​លក្ខន្តិកៈ​នៃ​សារការី ក្រឡាបញ្ជី និង​អាជ្ញាសាលា ជា​សេនាធិការ​។

សេចក្តី​សម្រេច​ដដែល​បាន​បញ្ជាក់ថា ក្រុមការងារ​បច្ចេកទេស​មាន​ភារកិច្ច​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​ឧត្តមានុវត្តន៍​ជាតិ និង​អន្តរជាតិ​នានា សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការពិនិត្យ រៀបចំ និង​កែសម្រួល​បទដ្ឋាន​គតិយុត្ត​ទាក់ទង​នឹង​លក្ខន្តិកៈ​នៃ​សារការី ក្រឡាបញ្ជី និង​អាជ្ញាសាលា​។

ប្រភព​ដដែល​បាន​បន្តថា៖ «​សិក្សា​ស្រាវជ្រាវ រៀបចំ ពិនិត្យ​ និង​ផ្តល់យោបល់​ជា​ធាតុ​ចូល​បន្ថែម​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​អាជ្ញាសាលា សិក្សា​ស្រាវជ្រាវ និង​លើក​យោបល់​ទាក់ទង​នឹង​សង្គតិភាព និង​អនុលោមភាព​គតិយុត្ត​រវាង​បទដ្ឋាន​គតិយុត្ត​ទាក់ទង​នឹង​លក្ខន្តិកៈ​នៃ​សារការី ក្រឡាបញ្ជី​»​។

មិនតែ​ប៉ុណ្ណោះ​ក្រុមការងារ​នេះ​ក៏មាន​តួនាទី​ក្នុង​ការធ្វើ​កិច្ចសហការ​តាម​ការចាំបាច់​ជាមួយ​ដៃគូ​អភិវឌ្ឍ​ជាតិ និង​អន្តរជាតិ ដើម្បី​រៀបចំ​បទដ្ឋាន​គតិយុត្ត ទាក់ទង​នឹង​លក្ខន្តិកៈ​នៃ​សារការី ក្រឡាបញ្ជី និង​អាជ្ញាសាលា ព្រមទាំង​ធ្វើ​របាយការណ៍​ជាប្រចាំ​អំពី​វឌ្ឍនភាព​ការងារ​ជូន​ប្រធាន​ក្រុមការងារ​ដឹកនាំ​នេះ​ផងដែរ​។

លោក កើត រិទ្ធ បាន​បញ្ជាក់ថា ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការបំពេញ​ភារកិច្ច​របស់​ខ្លួន ប្រធាន​ក្រុមការងារ​បច្ចេកទេស​អាច​ស្នើសុំ​ការសម្រេច​ពី​ប្រធាន​ក្រុមការងារ​ដឹកនាំ​ការរៀបចំ​បទដ្ឋាន​គតិ​យុត្ត​ទាក់ទង​នឹង​លក្ខន្តិកៈ​នៃ​សារការី ក្រឡាបញ្ជី និង​អាជ្ញាសាលា​ក្នុង​ការបង្កើត​ផ្នែក​ចំណុះ​មួយចំនួន​តាម​ការចាំបាច់ ដើម្បី​ទទួលបន្ទុក​សិក្សា​ស្រាវជ្រាវ រៀបចំ និង​កែសម្រួល​បទដ្ឋាន​គតិយុត្ត​នេះ​៕