
អាជ្ញាធរខេត្តស្វាយរៀងសម្រេចបិទជាបណ្តោះអាសន្ននូវដំណើរការតូបលក់ដូរនៅទីប្រជុំជនផ្សារវាលយន្ត ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ រូបថត រដ្ឋបាលខេត្តស្វាយរៀង
ស្វាយរៀង/កំពង់ឆ្នាំងៈ អាជ្ញាធរខេត្តស្វាយរៀងសម្រេចបិទជាបណ្តោះអាសន្ននូវដំណើរការតូបលក់ដូរនៅទីប្រជុំជនផ្សារវាលយន្ត ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខណៈខេត្តកំពង់ឆ្នាំងបើកឱ្យដំណើរការឡើងវិញខាងក្នុង និងបរិវេណជុំវិញផ្សារលើក្រុងកំពង់ឆ្នាំងទាំងស្រុង។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅថ្ងៃទី ១៧ ខែកញ្ញា បានចេញលិខិតសម្រេចបិទជាបណ្តោះអាសន្ននូវដំណើរការតូបលក់ដូរ នៅទីប្រជុំជនផ្សារវាលយន្ត ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង រយៈពេល ៨ ថ្ងៃគិតចាប់ពីវេលាម៉ោងសូន្យថ្ងៃទី ១៨ រហូតដល់ថ្ងៃទី ២៥ ខែកញ្ញានេះ ក្នុងគោលបំណងការពារការរីករាលដាលជំងឺកូវីដ ១៩។
លោកអភិបាលខេត្តបញ្ជាក់ថា អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវសហការទៅធ្វើតេស្តរកមេរោគកូវីដ ១៩។ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទនេះ ត្រូវហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សលើកលែងតែករណីចាំបាច់ប៉ុណ្ណោះ។
លោកថ្លែងថា៖ «រាល់ការលើកលែងបុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល ពិសេសវិធានការ ៣កុំ ៣ការពារ ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩»។
លោក ម៉ែន វិបុល បានប្រគល់ភារកិច្ចជូនរដ្ឋបាលក្រុងស្វាយរៀង ដើម្បីបង្កើតក្រុមការងារប្រចាំការនៅទីតាំងផ្សារ ដែលត្រូវបានបិទជាបណ្តោះអាសន្ន សម្រាប់ការអនុវត្ត និងសម្របសម្រួលលើការងារចាំបាច់ រួមមាន ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការងារទាក់ទងនឹងការអនុវត្តវិធានការសុខាភិបាល និងការផ្តល់សេវាសុខាភិបាលទូទៅក្នុងទីតាំង ដែលត្រូវបានបិទ។
លោកថ្លែងថា៖ «បុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចត្រូវទទួលទណ្ឌកម្មដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន»។
ដោយឡែកនៅថ្ងៃដដែលនោះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញខាងក្នុង និងបរិវេណជុំវិញផ្សារលើ ក្រុងកំពង់ឆ្នាំង ទាំងស្រុង ចាប់ពីថ្ងៃទី ១៧ ខែកញ្ញាតទៅ។
លោកថ្លែងថា៖ « រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមឱ្យប្រជាពលរដ្ឋ និងអាជីវករទាំងអស់បន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយ និងអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាលគឺ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន»៕