
រដ្ឋបាលខេត្តឧត្តរមានជ័យបានសម្រេចកំណត់ភូមិថ្មី ស្ថិតនៅឃុំថ្លាត ស្រុកអន្លង់វែង ជា “តំបន់លឿង” និងធ្វើការបិទខ្ទប់ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ១៧ ខែកញ្ញា រហូតដល់មានការសម្រេចជាថ្មី ។ រូបថត រដ្ឋបាលខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យៈ រដ្ឋបាលខេត្តឧត្តរមានជ័យបានសម្រេចកំណត់ភូមិថ្មី ស្ថិតនៅឃុំថ្លាត ស្រុកអន្លង់វែង ជា “តំបន់លឿង” និងធ្វើការបិទខ្ទប់ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ១៧ ខែកញ្ញា រហូតដល់មានការសម្រេចជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យនៅថ្ងៃទី ១៧ ខែកញ្ញា បានសម្រេចចេញលិខិតធ្វើការបិទខ្ទប់ភូមិថ្មី ស្ថិតនៅឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យជា “តំបន់លឿង” បណ្តោះអាសន្នចាប់ពីថ្ងៃទី ១៧ ខែកញ្ញា រហូតដល់មានការសម្រេចជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
លោកអភិបាលខេត្តបន្តថា ក្នុងអំឡុងពេលនៃការបិទខ្ទប់ ការធ្វើចរាចរណ៍គ្រប់ប្រភេទអាចប្រព្រឹត្តទៅបានជាធម្មតា ដោយឡែកការធ្វើដំណើរចេញពី “តំបន់លឿង” ឆ្លងកាត់ “តំបន់ក្រហម” និង “តំបន់លឿងទុំ” ឬក្រៅភូមិសាស្ត្រខេត្ត អាចត្រូវបានអនុញ្ញាតតែក្នុងករណីចាំបាច់។
ការចាំបាច់នោះដូចជា ការធ្វើដំណើរទៅប្រកបមុខរបរ ឬអាជីវកម្ម ឬបំពេញការងារក្នុងវិស័យឯកជនដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរមានសមត្ថកិច្ច ការធ្វើដំណើរទៅកន្លែងលក់ម្ហូបអាហារ ទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព និង ការធ្វើដំណើររបស់មន្ត្រីការទូត មន្ត្រី បុគ្គលិក នៃស្ថាប័នតំណាងបរទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងមន្ត្រីរបស់អង្គការហិរញ្ញវត្ថុអន្តរជាតិជាដើម។ នេះបើតាមការបញ្ចាក់របស់លោក ប៉ែន កុសល្យ ។
ក្នុងលិខិតលោកអភិបាលខេត្តឧត្តរមានជ័យបានឱ្យដឹងថា នៅ “តំបន់លឿង” នោះត្រូវអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងសកម្មភាពការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង ២១ ដល់ម៉ោង ៣ លើកលែងតែក្នុងករណីចាំបាច់ ដែលមានការធ្វើដំណើររបស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ការដឹកទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ និងសេវាសង្គ្រោះបន្ទាន់ ផ្សេងៗជាដើម។
រដ្ឋបាលខេត្តនេះបានបញ្ជាក់ប្រាប់ទៅអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវរឹតបន្តឹងការត្រួតពិនិត្យនៅតាមផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន អាហារដ្ឋានលក់អាហារវេចខ្ចប់ និងត្រូវហាមឃាត់មិនឱ្យបើកដំណើរការចំពោះផ្សារ ឬទីតាំងណាដែលមិនរៀបរយ ឬមានហានិភ័យខ្ពស់ក្នុងការចម្លង និងឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ផងដែរ។
ជាមួយគ្នានោះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវហាមឃាត់ ឬផ្អាកជាដាច់ខាតនូវរាល់ទីតាំង សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលត្រូវបានអនុញ្ញាត នៅពេលដែលទីកន្លែងនៃសកម្មភាពការងារ មុខរបរ ឬអាជីវកម្មនោះ ជាពិសេសផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគ បរិភោគ និងភោជនីយដ្ឋាន អាហារដ្ឋាន ជាដើមត្រូវបានរកឃើញ ឬសង្ស័យថា មានកូវីដ ១៩។
លោកថ្លែងថា៖ «បុគ្គល ឬនីតិបុគ្គល ទាំងឡាយណាដែលបំពានវិធានការបិទខ្ទប់ ការហាមឃាត់ការធ្វើដំណើរ វិធានការហាមឃាត់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងវិធានការហាមឃាត់ការជួបជុំមនុស្សនៅ “តំបន់លឿង” នឹងត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងឃាត់ទុកនូវមធ្យោបាយធ្វើដំណើរ និងទណ្ឌកម្មរដ្ឋបាល ដោយអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន»៕