
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចូលរួមប្រគល់ជយលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី ៣ ឆ្នាំ ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ «សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន «ព្រឹទ្ធាចារ្យលឹមណៃ»។ រូបថត ក្រសួងបរិស្ថាន
ព្រះសីហនុៈ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចូលរួមប្រគល់ជយលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី ៣ ឆ្នាំ ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ «សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន «ព្រឹទ្ធាចារ្យលឹមណៃ» នៅទីតាំងវិទ្យាល័យ ហ៊ុនសែន មិត្តភាពខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៧ ខែកញ្ញា។ នេះបើតាមហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅព្រឹកនេះ។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា សមិទ្ធផលដែលបានកើតឡើងក្នុងវិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្នុងក្រុងព្រះសីហនុបានបណ្តុះគំនិតឱ្យសិស្សានុសិស្សបន្តវប្បធម៌នៃការកសាង និងអភិវឌ្ឍន៍ប្រទេសទៅអនាគត។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សួនជីវៈចម្រុះព្រឹទ្ធាចារ្យ ជុំ ហ៊ុល សួនអំណានព្រឹទ្ធាចារ្យ លឹម ណៃ និងសមិទ្ធផលមួយចំនួនទៀតនៅទីនៅក្នុងវិទ្យាល័យហ៊ុនសែនមិត្តភាពខេត្តព្រះសីហនុបានកសាងឡើង ដើម្បីឱ្យសិស្សានុសិស្សមានការស្រាវជ្រាវពីជីវៈចម្រុះ ដើម្បីឱ្យសាលាមានសោភណ្ឌភាពស្អាតជាងមុន មានកន្លែងអានសៀវភៅស្ងប់ស្ងាត់ល្អ និងជាពិសេសគឺដើម្បីឱ្យរំឭកដល់ព្រឹទ្ធាចារ្យជាអ្នកមានគុណចំពោះជាតិ ដែលបានតស៊ូ លះបង់កម្លាំងកាយចិត្ត អាយុជីវិត ខិតខំកសាង និងអភិវឌ្ឍខេត្តព្រះសីហនុនាពេលកន្លងមក។
លោកថ្លែងថា៖ «ការខិតខំដាំដុះរបស់ចាស់ព្រឹទ្ធាចារ្យនាពេលកន្លងមកបានផ្តល់ជាផ្លែផ្កាសម្រាប់យុវជនបន្តវេន»។
លោក សាយ សំអាល់ បានចាត់ទុកគោលដៅសំខាន់នៃការអភិវឌ្ឍខេត្តព្រះសីហនុ គឺការបណ្តុះបណ្តាលធនធានមនុស្សឱ្យក្លាយជាអ្នកធុរៈកិច្ច ក្នុងពេលអនាគត។ លោកថាការពង្រឹងការរៀន និងបង្រៀន និងការថែទាំសុខភាពឱ្យប្រសើរថែមទៀតជារឿងសំខាន់។ លោកថ្លែងថា៖ «មានសាលារៀនល្អហើយ ត្រូវធ្វើយ៉ាងណាឱ្យសិស្សរៀនពូកែ ហើយកាលណាមនុស្សមានចំណេះដឹងខ្ពង់ខ្ពស់ ការមើលឃើញពីការអភិវឌ្ឍប្រទេសជាតិកាន់តែមានប្រសិទ្ធភាពថែមទៀត»។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបន្ថែមទៀតថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី ៣ ទទួលបានមេដាយមាស និងទទួលបានរង្វាន់ជយលាភីសាលាមេត្រីបរិស្ថាននាពេលនេះ ជាចំណែកមួយក្នុងការគាំពារបរិស្ថាន ដើម្បីចូលរួមប្រកួតប្រជែង ព្រោះសាលាជាថ្នាលបណ្តុះនូវចំណេះដឹង និងបណ្តុះបណ្តាលធនធានមនុស្ស ភាសា កីឡា ដើម្បីប្រែក្លាយធនធានសិស្សឱ្យស្របតាមការវិវឌ្ឍនៃសង្គមរីកចម្រើន ផ្នែកវិទ្យាសាស្ត្រ បង្កើតបានអ្នកធុរកិច្ចកាន់តែច្រើននាពេលខាងមុខ។
លោក ជួប ប៉ារីស អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានថ្លែងថា ឆ្នាំ ២០២១ ជាឆ្នាំប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី ៣ ដែលប្រារព្ធធ្វើជារៀងរាល់ ២ ឆ្នាំម្តង។ កម្មវិធីនេះចាប់ផ្តើមរៀបចំតាំងពីឆ្នាំ ២០១៧ មក ដើម្បីលើកកម្ពស់ប្រតិបត្តិមេត្រីបរិស្ថានសំដៅចូលរួមការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបញ្ជាក់ថា ជាលទ្ធផលសាលាបឋមសិក្សាចំនួន ៦ និងវិទ្យាល័យចំនួន ៦ ត្រូវបានជ្រើសរើសជាសាលាមេត្រីជយលាភីសម្រាប់ឆ្នាំ ២០២១ នេះ ក្នុងនោះរួមមាន ជយលាភីមាសបានទៅវិទ្យាល័យហ៊ុនសែន មិត្តភាព ខេត្តព្រះសីហនុ ជយលាភីប្រាក់បានទៅវិទ្យាល័យ ហ៊ុន សែន សម្ភុបុរៈ ខេត្តក្រចេះ ជយលាភីសំរិទ្ធបានទៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហនុ ខេត្តកំពង់ឆ្នាំង។
ដោយឡែកជយលាភីសាលាបឋមសិក្សារួមមាន ជយលាភីមាសបានទៅសាលាបឋមសិក្សាវត្តចែង ខេត្តបាត់ដំបង ជយលាភីប្រាក់ បានទៅសាលាបឋមសិក្សាក្រវ៉ាន់ ខេត្តសៀមរាប ជយលាភីសំរិទ្ធបានទៅសាលាបឋមសិក្សាឈើខ្លឹម ខេត្តត្បូងឃ្មុំ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងកោតសរសើរគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា នៅវិទ្យាល័យហ៊ុន សែន មិត្តភាព ដែលបានខិតខំប្រឹងប្រែងថែរក្សាការពារបរិស្ថានរហូតទទួលបានជយលាភីសាលាមេត្រីបរិស្ថានឆ្នាំ ២០២១។
លោកថ្លែងថា៖ «ជយលាភីមាសពីក្រសួងបរិស្ថានលើការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រលាញ់បរិស្ថាន និងជំរុញប្រតិបត្តិការមេត្រីភាពបរិស្ថាន គឺសំដៅគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របមាននិរន្តរភាព និងការរស់នៅដោយចីរភាព»៕