
ក្រុមគ្រូពេទ្យចុះយកសំណាកអាជីវករផ្សារខេអឌី ក្រោយពីការរកឃើញមានឆ្លងជាសហគមន៍នូវជំងឺកូវីដ ១៩ ដល់អាជីវករក្នុងផ្សារ កាលពីថ្ងៃទី ១០ កញ្ញា។ រូបថត រដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី ១៧ ខែកញ្ញា បានកំណត់ភូមិសាស្ត្រខេត្តបាត់ដំបង ជាខេត្តតម្រូវឱ្យពលរដ្ឋគ្រប់រូបត្រូវបំពេញកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាប់ជានិច្ច ខណៈខេត្តកែបបន្តអនុវត្តវិធានការរដ្ឋបាល ១៤ ថ្ងៃបន្ថែមទៀត ដើម្បីការពារជំងឺកូវីដ ១៩។
អាជ្ញាធរខេត្តបាត់ដំបងបានកំណត់ភូមិសាស្ត្រខេត្តបាត់ដំបង ជាខេត្តតម្រូវឱ្យពលរដ្ឋគ្រប់រូបត្រូវបំពេញកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាប់ជានិច្ច។ ព្រមទាំងផ្អាកជាបណ្តោះអាសន្នចំពោះការប្រមូលផ្តុំមនុស្ស សកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ ១៩ គិតចាប់ពីថ្ងៃទី ១៧ ខែកញ្ញា រហូតដល់មានការសម្រេចជាថ្មី។
លិខិតចេញថ្ងៃទី ១៧ ខែកញ្ញា របស់រដ្ឋបាលខេត្តនេះ បានឱ្យដឹងថា អំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ ១៩។
ក្នុងលិខិតបង្ហាញថា សកម្មភាពការងារទាំងនោះមានដូចជា អាជីវកម្មក្លិបកម្សាន្តគ្រប់ប្រភេទជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ។ តំបន់រមណីយដ្ឋាននានា សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា ព្រមទាំងអាជីវកម្មម៉ាស្សា កោសជប់ សូណា ស្ទឹមគ្រប់ប្រភេទ ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទជាដើមផងដែរ។
លិខិតរដ្ឋបាលខេត្តសរសេរថា៖«អំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាលត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០ នាក់»។
ចំពោះទីតាំងដែលមានករណីវិជ្ជមានកូវីដ ១៩ ដែលត្រូវបានបិទទីតាំងមុនពេលសេចក្តីសម្រេចនេះចូលជាធរមាន និងទីតាំងដែលត្រូវបានអនុញ្ញាតឱ្យព្យាបាលអ្នកជំងឺកូវីដ ១៩ នៅតាមផ្ទះ រដ្ឋបាលក្រុង ស្រុក ទាំង ១៤ មន្ទីរសុខាភិបាល និងមន្ទីរ ឬអង្គភាពជំនាញពាក់ព័ន្ធត្រូវបន្តគ្រប់គ្រង និងចាត់វិធានការឱ្យបានចប់សព្វគ្រប់ដើម្បីកាត់ផ្តាច់ ឫសគល់នៃប្រភពចម្លងជំងឺកូវីដ ១៩។
ចំណែកទីតាំងដែលមានករណីវិជ្ជមានកូវីដ ១៩ ថ្មី ក្រោយសេចក្តីសម្រេចនេះចូលជាធរមានរដ្ឋបាលក្រុង ស្រុក ទាំង ១៤ មន្ទីរសុខាភិបាល និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធត្រូវចាត់វិធានការសុខាភិបាល និងវិធានការរដ្ឋបាលជាបន្ទាន់ ដោយត្រូវបិទទីតាំងជាផ្ទះ បន្ទប់ជួល ឬអគារ ឬអាជីវកម្មដ្ឋានជាច្រកផ្លូវ ឬជាប្លុកតូចៗ ឬដាក់ស្លាកសញ្ញាមេរោគកូវីដ ១៩ ព្រមទាំងត្រូវអនុវត្តវិធានការចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
នៅថ្ងៃជាមួយគ្នានោះដែរ រដ្ឋបាលខេត្តកែប ក៏បានសម្រេចដាក់ចេញវិធានការរដ្ឋបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងភូមិសាស្ត្រខេត្តកែប សម្រាប់រយៈពេល ១៤ ថ្ងៃបន្ថែមទៀត គិតចាប់ពីថ្ងៃទី ១៧ ខែកញ្ញា រហូតដល់ថ្ងៃទី ៣០ ខែកញ្ញានេះ ក្នុងគោលបំណងធានាដល់ការអនុវត្តវិធានការ ប្រយុទ្ធ និងទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព និងជោគជ័យផងដែរ ៕