សៀមរាប៖ រដ្ឋបាល​ខេត្ត​សៀមរាប​សម្រេច​បិទ​ផ្សារ​រលួស​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ដូនទាវ ឃុំ​រលួស ស្រុក​ប្រាសាទ​បាគង ដែល​ជា​ទីតាំង​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ រយៈពេល ២ សប្តាហ៍ ចាប់​ពី​ថ្ងៃទី ១៨ ខែ​កញ្ញា ដល់ ថ្ងៃទី ១ ខែ​តុលា។

រដ្ឋបាល​ខេត្ត​សៀមរាប​បញ្ជាក់​ក្នុង​សេចក្តី​សម្រេច​នៅ​ថ្ងៃទី ១៨ ខែ​កញ្ញា​ថា ការ​បិទ​ផ្សារ​រលួស​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ធានា​ដល់​ប្រសិទ្ធ​ភាព​នៃ​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ទីតាំង​ផ្សារ​នេះ និង​ទប់​ស្កាត់​ជំងឺ​នេះ​មិន​ឱ្យ​ឆ្លង​រាលដាល​ទៅ​កាន់​តំបន់​ផ្សេង​ទៀត។

កាល​ពី​ថ្ងៃទី ១៧ ខែ​កញ្ញា អាជ្ញាធរ​ខេត្ត​សៀមរាប​ដាក់​ភូមិ​ចំនួន ៣ និង​សង្កាត់​ចំនួន ៤ ក្នុង​ក្រុង​សៀមរាប ជា​តំបន់​ក្រហម និង​បាន​បិទ​ខ្ទប់​តំបន់​ទាំង​នោះ​រយៈពេល ១ សប្តាហ៍ ចាប់​ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ២៣ ខែ​កញ្ញា ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ មិន​ឱ្យ​ឆ្លង​រាល​ដាល​ទៅ​តំបន់​ផ្សេង​ទៀត។

តំបន់​ទាំង​នោះ​រួមមាន សង្កាត់​ស្លក្រាម សង្កាត់​ស្វាយដង្គំ សង្កាត់​គោកចក សង្កាត់​ជ្រាវ ភូមិ​តាវៀន ស្ថិត​ក្នុង​សង្កាត់​សាលាកំរើក និង​ភូមិព្រៃធំ និង​ភូមិ​ស្រង៉ែ ស្ថិត​ក្នុង​សង្កាត់​ស្រង៉ែ៕