ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ប្រកាស​ប្រាប់​អភិបាល​រាជធានី-ខេត្ត​ទាំង​អស់​ឱ្យ​ពង្រឹង​ការ​អប់រំ​ផ្សព្វផ្សាយ និង​ជំរុញ​ការ​ចូលរួម​របស់​សហគមន៍​ក្នុង​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន បន្ទាប់​ពី​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ មាន​ការ​ហក់​ឡើង​វិញ​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី ១៨ ខែ​កញ្ញា​នេះ បាន​ប្រកាស​ប្រាប់​ដល់​អភិបាល​រាជធានី-ខេត្ត​ទាំង ២៥ ឱ្យ​ពង្រឹង​ការ​អប់រំ​ផ្សព្វផ្សាយ និង​ជំរុញ​ការ​ចូលរួម​របស់​សហគមន៍​ក្នុង​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន ក្រោយ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ មាន​ការ​ហក់​ឡើង​វិញ​ក្នុង​រយៈពេល​ថ្មីៗ​នេះ។

ក្នុង​លិខិត​ផ្ញើ​ជូន​អភិបាល​រាជធានី-ខេត្ត​នៅ​ថ្ងៃ​នេះ លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លើក​ឡើង​ថា ក្នុង​ពេល​កន្លង​មក​ការងារ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ មាន​លទ្ធផល​ល្អ​ប្រសើរ រី​ឯ​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ក៏​មាន​វឌ្ឍនភាព​គួរ​ជា​ទីមោទនៈ។ ប៉ុន្តែ​ទោះបី​ប្រជាជន​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​ក៏​ដោយ ក៏​មិន​ត្រូវ​ភ្លេច​ខ្លួន​ក្នុង​ការ​ការពារ​ការ​ចម្លង​វីរុស​កូវីដ ១៩ នោះ​ដែរ។

លោក ម៉ម ប៊ុនហេង កត់​សម្គាល់​ថា ក្នុង​ពេល​ថ្មីៗ​នេះ មាន​ការ​ហក់​ឡើង​វិញ​នូវ​ការ​ចម្លង​កូវីដ ១៩ នៅ​តាម​ខេត្ត​មួយ​ចំនួន ដែល​តម្រូវ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​បន្ថែម​ទៀត​នូវ​ការ​បន្ត​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព​ក្រោម​ប្រធានបទ “រួម​គ្នា​ទទួល​ខុស​ត្រូវ​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូវីដ ១៩”។

បើ​តាម​លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល យុទ្ធនាការ​អប់រំ​សុខភាព​នេះ ត្រូវ​ប្រើប្រាស់​ខ្លឹម​សារ​វិធានការ ៣ ការពារ និង ៣ កុំ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ-ឃុំ-សង្កាត់-ក្រុង-រាជធានី-ខេត្ត​ នៅ​ទូទាំង​ប្រទេស និង​បង្កើន​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​លើ​ការ​ថែទាំ​សុខភាព​ផ្ទាល់​ខ្លួន និង​ជំរុញ​ការ​ចូលរួម​របស់​សហគមន៍ ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូវីដ ១៩។

លោក​ថ្លែង​ថា៖ «ខ្ញុំ​សូម​ក្រើន​រំឭក​ដល់​អាជ្ញាធរ​រាជធានី-ខេត្ត​ទាំង​អស់ សូម​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បន្ត​ទៀត​អនុវត្ត​យុទ្ធនាការ​ជាតិ​រួម​គ្នា​ទទួល​ខុស​ត្រូវ​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូវីដ ១៩ ឱ្យ​បាន​ខ្ជាប់ខ្ជួន»។

លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​អភិបាល​រាជធានី-ខេត្ត បន្ត​ការ​អប់រំ​ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​យុទ្ធនាការ​ជាតិ​រួម​គ្នា​ទទួល​ខុស​ត្រូវ​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូវីដ ១៩ ដល់​បុគ្គល គ្រួសារ សហគមន៍ តាមរយៈ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​ដោយ​មាន​ការ​ចូលរួម​ពី​សហគមន៍ ដូចជា​ការ​ផ្សព្វផ្សាយ​តាមរយៈ​ឧគ្ឃោសនស័ព្ទ ការ​បិទ​តាំង​រូប​ភាព​ផ្ទាំង​ធំៗ ចែកចាយ ខិត្តបណ្ណ ការ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ និង​បណ្តាញ​សង្គម​ដល់​ប្រជាជន។

ជាមួយ​គ្នា​នោះ លោក ម៉ម ប៊ុនហេង ក៏​បាន​រំឭក​ពី​ការ​អនុវត្ត​​ឱ្យ​បាន​ខ្ជាប់ខ្ជួន​វិធានការ ៣ ការពារ ដែល​មាន​ការ​ពាក់​ម៉ាស់ លាង​ដៃ​ឱ្យ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង ៣ កុំ គឺ​កុំ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន កុំ​ទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ-ចូល កុំ​ប៉ះពាល់​គ្នា។ លោកថា វិធានការ​នេះ​នៅ​តែ​ចាំបាច់​បំផុត និង​ត្រូវ​អនុវត្ត​ជាប់​ជា​ប្រចាំ ទោះបី​បុគ្គល​ទាំង​អស់​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​ក៏​ដោយ។

បន្ថែម​លើ​នោះ​ លោក​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ឱ្យ​ចាត់​វិធានការ​អប់រំ​ផ្សព្វផ្សាយ និង​តាមដាន​ជា​ប្រចាំ​លើ​ការ​អនុវត្តន៍​វិធានការ​សុខាភិបាល​នៅ​តាម​ទីតាំង​នានា ជាពិសេស​ទីតាំង​ដែល​មាន​ហានិភ័យ​ខ្ពស់​ដូចជា ទីតាំង ៣”ជ” (ទីតាំង​មាន​មនុស្ស​ច្រើន​ជួបជុំ​គ្នា ទីតាំង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់ និង​ទីតាំង​ដែល​មាន​មនុស្ស​នៅ​ជិតៗ​គ្នា) ដូចជា​ទីផ្សារ​ទីប្រជុំជន ភោជនីយដ្ឋាន ទីកន្លែង​លក់​អាហារ ផ្សារ​ទំនើប រោងចក្រ ធនាគារ និង​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេងៗ​ទៀត។

លោក​ថ្លែង​ថា៖ «ពង្រឹង និង​យក​ចិត្ត​ទុក​ដាក់​បន្ថែមទៀត​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​បង្ការ​ការ​ឆ្លង​ជាយថាហេតុ​នូវ​វីរុស​កូវីដ ១៩ នៅ​ពេល​ជួប​ជាមួយ​អតិថិជន​នៅ​ក្នុង​ទីតាំង​ខាង​លើ។ ចាត់​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ដល់​បុគ្គល ឬ​អាជីវកម្ម​ណា ដែល​មិន​គោរព​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ស្រប​តាម​ច្បាប់​ជាធរមាន» ៕