
សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។ រូបថត ក្រសួងសុខាភិបាល
ភ្នំពេញៈ ក្រសួងសុខាភិបាលប្រកាសឱ្យម្ចាស់ហ្វេសប៊ុកឈ្មោះ ផ្សារកម្រង Accessory បញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព BioLife Spirulina គ្មានលេខបញ្ជិកាជាបន្ទាន់ និងព្រមានចាត់វិធានការតាមច្បាប់សម្រាប់អ្នកល្មើស។
ក្រសួងសុខាភិបាលបានពិនិត្យឃើញថា បណ្តាញសង្គមហ្វេសប៊ុក ដែលមានគណនីឈ្មោះ ផ្សារកម្រង Accessory កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព Biolife Sprirulina គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២១។ នេះបើតាមការលិខិតចុះថ្ងៃទី ១៦ ខែកញ្ញា របស់ក្រសួងសុខាភិបាល ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃនេះ។
តាមរយៈលិខិតនេះ ក្រសួងបញ្ជាក់ថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱរាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ជិកាពីក្រសួងសុខាភិបាល។
ក្រសួងបានក្រើនរំឭកឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នមុននឹងទិញផលិតផលឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ ត្រូវពិនិត្យមើលលតាបត្របញ្ជិកាដែលមានបិទលើសម្បកវេចខ្ចប់ ដែលលតាបត្រត្រឹមត្រូវ គឺមាន ២ ផ្នែក ក្នុងនោះទី១ គឺផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងទី២ គឺផ្នែកខាងក្រោមមានលេខទិដ្ឋាការ ឬបញ្ជិកា។
ក្រសួងសុខាភិបាលបានប្រកាសប្រាប់ប្រជាពលរដ្ឋទាំងអស់ឱ្យឈប់ជឿការផ្សព្វផ្សាយផលិតផល បំប៉នសុខភាព Biolife Spirulina តាមគណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងឈប់ប្រើប្រាស់ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជិកាខាងលើបន្តទៀត។ ជាមួយគ្នានោះ ក្រសួងក៏បានតម្រូវឱ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព BioLife Spirulina គ្មានលេខបញ្ជិកាខាងលើជាបន្ទាន់។
ក្នុងសេចក្តីប្រកាសសរសេរថា៖ «ក្រសួងសុខាភិបាល និងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព BioLife Spirulina គ្មានលេខបញ្ជិកាខាងលើទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន» ។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលបំប៉នសុខភាព BioLife Spirulina និងផលិតផលគ្មានលេខបញ្ជិកាផ្សេងៗទៀត សូមផ្តល់ព័ត៌មានទៅនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរស័ព្ទ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងសុខាភិបាល៕