ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​បរិស្ថាន ​បានរៀបចំ​ ទិវា​សម្អាត​ពិភពលោក ​(Word​ Cleanup​ day) ​រយៈពេល​ ២ ថ្ងៃ​នៅ​កម្ពុជា ​ដើម្បី​ចូលរួម​ជាមួយ​សហគមន៍​អន្តជាតិ​ចំនួន​ ១៨០ ប្រទេស ​ក្នុង​ការទប់​ស្កាត់ការប្រែ​ប្រួល​អាកាស​ធាតុ ​និង​ជំរុញ​ដល់​ពលរដ្ឋ​ចូលរួម​ថែរក្សា​បរិស្ថាន​តាមរយៈ​ការគ្រប់គ្រង​សំណល់​របស់​ខ្លួន។

កម្ម​វិធី​ទិវា​សម្អាត​ពិភពលោក ​ត្រូវបាន​រៀបចំ​ឡើង​រយៈពេល​២ថ្ងៃ ​គឺ​នៅ​ថ្ងៃទី ១៨​-១៩​ ខែ កញ្ញា ​ឆ្នាំ ២០២១ ​ដែល​ផ្តួច​ផ្តើម​ ដោយ ​អង្គការ​សំអាត​ទន្លេ ​សមុទ្រ ​សហការ​ជាមួយ​យុវជន​ក្រៀល​កម្ពុជា​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​(សសយក) ​អង្គការ ​COMPED ​អង្គការ ​OEOO ​និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន។

បើ​តាម​សេចក្តី​ជូនដំណឹង​រួម​ដែលបាន​ផ្សព្វផ្សាយ​តាមរយៈ​ខិតប័ណ្ណ ​ ឆ្នាំនេះ​ដោយសារ​ស្ថានភាព​ការរីក​រាល​ដាល​នៃ​មេ​រោគ​កូវីដ ១៩ ​នៅមាន​ភាពសកម្ម​នៅ​ឡើយ ​ដូច្នេះ​កម្ពុជា​បន្ត​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ ​ដោយ​សម្អាត​បរិស្ថាន​បែប​រក្សា​គម្លាត​និង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​ចូលរួម​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន ​ដោយ​ទុក​ដាក់​សំរាម​ឱ្យបាន​ត្រឹម​ត្រូវ។

ខិតប័ណ្ណ​បន្តថា ​ដើម្បី​រក្សា​សុវត្ថិភាព ​និង​ដើម្បី​បន្ត​បង្ហាញ​ប្រទេស​កម្ពុជា ​ជា​មួយ​សហគមន៍​អន្តជាតិ​ មាន​ ១៨០ ​ប្រទេស ​ក្នុង​ចលនា​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ​តាមរយៈ​ការគ្រប់គ្រង​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ កាត់បន្ថយ​ការសាយ​ភាយ​ឧស្ម័ន​កា​បូនិក​ពី​សំរាម​ប្លាស្ទិក​ទៅក្នុង​បរិយាកាស​នាំឱ្យ​មាន​ការកើន​កំដៅ​លើ​ផែនដី​ ប្រទេស​កម្ពុជា​បន្ត​ចូលរួម​ការប្រារព្វ​ទិវា​សម្អាត​ពិភព​លោក ​នា​ថ្ងៃទី ១៨​-១៩ ​ខែ កញ្ញា ​ឆ្នាំ ២០២១ ​នៅតាម​ផ្ទះ​នីមួយៗ ​ភូមិ​ ទន្លេ​ ឆ្នេរ​ ជាលក្ខណៈ​បុគ្គល​ ជាគ្រួសារ ​ឬជា​ក្រុម​តូចៗ ​ដោយ​រក្សា​គម្លាត​សុវត្ថិភាព។

នាយក​ប្រតិបត្តិ​អង្គការ​សំអាត​ទន្លេ​សមុទ្រ ​និង​ជានាយក​ប្រចាំ​តំបន់​អាស៊ី ​(Let’s Do It World-Asia) ​លោក​នូ សុវណ្ណ​ ថ្លែងថា ​គោលបំណង ​នៃ​ការរៀបចំ​ ទិវា​សម្អាត​ពិភពលោក ​គឺ​ដើម្បី​បង្ហាញ​ដល់​អន្តរជាតិពី​ការ​រួមចំណែក​របស់​កម្ពុជា​ក្នុង​ការ​ទប់​ស្កាត់​ការប្រែប្រួល​អាកាស​ធាតុ។

លោក​ថ្លែងថា​៖ «ធ្វើយ៉ាង​ណា​បង្ហាញ​ប្រទេស​កម្ពុជា​យើង​ ជា​ចំណែក​មួយ ​នៃ​ពិភពលោក ​ក្នុង​ការចូលរួម​ដោះស្រាយ​បញ្ហា​បរិស្ថាន​សកល​ដែល​កាត់បន្ថយ​ហានិភ័យ​បម្រែ​បម្រួល​អាកាស​ធាតុ​នៅក្នុង​ពិភពលោក ​ជាពិសេស​ក្នុង​ប្រទេស​កម្ពុជា»។

លោក​កត់​សម្គាល់​ថា ​ទោះបីជា​ក្នុង​បរិបទ​កូវីដ១៩​ ប៉ុន្តែ​ការយល់​ដឹង​របស់​ពលរដ្ឋ​ក្នុង​ការទុកដាក់​សំរាម​មាន​ការផ្លាស់​ប្តូរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ពួកគាត់​មួយចំនួន​បានទុក​ដាក់​សំរាម​នៅ​កន្លែង​ត្រឹមត្រូវ​ បើទោះ​បី​ពលរដ្ឋ​មួយចំនួន​មិនទាន់​បាន​ត្រៀម​ខ្លួន​ក្តី។

លោក​បញ្ជាក់ថា​៖ «ក្នុង​ឆ្នាំនេះ​យើង​ជោគជ័យ​ខ្លាំង​មែន​ទែន​ទោះបី​មាន​បញ្ហា​កូវីដ ​ប៉ុន្តែ​ស្មារតី​ពលរដ្ឋ ​គាត់​ចូលរួម​បាន​ច្រើន​ដូច​នៅ​ខេត្ត​បាត់ដំបង ​បន្ទាយ​មានជ័យ ​ឧត្តរមានជ័យ ​កំពង់ឆ្នាំង​ និង​នៅ​រាជធានី​ភ្នំពេញ​បានចុះ​សម្អាត​នៅតាម​ផ្លូវ ​តាម​ដង​ស្ទឹង ​ឃើញ​ប្រមូល​សំរាម​បាន​រាប់​តោន»។

បើ​តាម​លោក​ នូវ សុវណ្ណ ​ក្នុង​រយៈពេល​ ២ ថ្ងៃ​ នៃ​យុទ្ធនាការ​រើស​សំរាម ​ក្រុម​ការងារ​បាន​ប្រមូល​សំរាម​ប្រមាណ​ ៨ តោន ​នៅ​ ៥ រាជធានី​-ខេត្ត។

លោក​ នូ សុវណ្ណ ​ថ្លែងថា​៖«បញ្ហា​កាក​សំណល់​នៅ​ប្រទេស​កម្ពុជា ​មាន​ការប្រឈម​មុខ​ខ្លាំង​ ដោយ​កាក​សំណល់​ត្រូវបាន​គេ​បោះ​ចោល​រាយ​ប៉ាយ​ពេញ​ទឹក​ពេញ​ដី ​ហើយ​យើង​ឃើញ​ថា​ មាន​បញ្ហា​ខ្លះ​ពាក់ព័ន្ធ​ការយល់​ដឹង​ ទុកដាក់​សំរាម ​របស់​ប្រជា​ពល​រដ្ឋ។ ដូច្នេះ​ធ្វើយ៉ាង​ណា​រើស​សំរាម​ចាស់​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​ ឬ​យកទៅ​កែច្នៃ ​ឬ​យកទៅ​បោះ​ចោល​ឱ្យ​បាន​ត្រឹម​ត្រូវ​កុំឱ្យ​វា​នៅ​ពាស​វាល​ពាស​កាល​បង្កឱ្យ​មាន​ឧស្ម័ន​កាបូនិច ​ហើរ​ទៅលើ​បរិយាកាស ​ធ្វើឱ្យ​កម្តៅ​កាន់តែ​កើន​ឡើង»។

ស្ថាបនិក​ក្រៀល​កម្ពុជា ​លោក ​ហួ ឆៃងន់ ​បានថ្លែង​ថា ​យុទ្ធនាការ​អន្តរជាតិ​ដែល​កម្ពុជា​បានចូល​រួម​នាពេល​នេះ ​គឺ​ដើម្បី​ផ្ញើ​សារ​ដល់​ពលរដ្ឋ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ​ចៀសវាង​ការចោល​កាកសំណល់​បែប​អនាធិបតេយ្យ​ ដែល​នឹង​ប៉ះពាល់​ដល់​បរិស្ថាន ​និង​ការប្រែប្រួល​អាកាសធាតុ​ផង​ដែរ។

លោក​ថ្លែងថា​៖ «ជា​ការផ្ញើសារ​ទៅកាន់​ប្រជាពលរដ្ឋ ​ចង់ឱ្យ​គាត់​ថែរក្សា​បរិស្ថាន ​ពេល​បរិភោគ​ហើយ​ត្រូវ​ទុកដាក់​សំរាម​ឱ្យ​បានត្រឹម​ត្រូវ ​ ជាការ​បណ្តុះ​ស្មារតី ​ចំណេះ​ដឹង ​ឥរិយាបទ ​ពាក់ព័ន្ធ​បរិស្ថាន ​ដើម្បី​បញ្ជ្រាប​ជាព័ត៌មាន​បន្ថែម​ដល់​ពួក​គាត់»។

លោក​ឱ្យដឹង​ដែរថា ​សម្រាប់​ផែនការ​សកម្មភាព​ឆ្នាំនេះ ​លោក​បានរៀបចំ​ក្រុម​ការងារ​ប្រមាណ ​១៥០ នាក់ ​ដើម្បី​សម្អាត​សំរាម​នៅ​លើគោក ​និង​នៅតាម​ដង​ទន្លេ។

លោក​បន្តថា​៖ «សម្រាប់​ឆ្នាំនេះ ​យើង​ផ្តោត​ខ្លាំង​ទៅលើ​ការសម្អាត​បែប​រក្សា​គម្លាត​ក្នុង​បរិបទ​កូវីដ។ ទី១​ សម្រាប់​ក្រុម​ការងារ​ក្រៀល​ផ្ទាល់ ​មាន​សមាជិក​ចូលរួម​ចន្លោះ ​១២០ ​ទៅ​ ១៥០ នាក់​បាន​ចូលរួម​សម្អាត​នៅតាម​ច្រាំង​ទន្លេ​ប៉ែង​ខាង​ជ្រោយ​ចង្វារ​រាជ​ធានី​ភ្នំពេញ ​ដោយ​ក្នុង​នោះ​ ១២០ នាក់ ​រើស​សំរាម​នៅលើ​គោក​និង​ប្រហែល​ ៣០ នាក់​ សម្អាត​នៅតាម​មាត់​ទន្លេ​ក្នុង​ទឹក»។

លោក​ តុប សុភ័ក្រ ​អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍ ​ថ្លែងថា ​សម្រាប់​ឆ្នាំនេះ ​លោក​មិនទាន់​ទទួលបាន​គោលការណ៍​ក្នុង​ការ​រៀបចំ​ទិវា​សម្អាត​ពិភពលោក​នៅឡើយ​ទេ។ ប៉ុន្តែ​លោក​ថា ​កាល​មិនទាន់​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ​ក្រសួង​បាន​រៀបចំ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់​ដឹង​ដល់​ពលរដ្ឋ​ពី​ការថែរក្សា​បរិស្ថាន ​និង​អនាម័យ។

តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ ​កាលពី​ឆ្នាំ ២០១៨ ​ទិវា​ពិភពលោក​ស្អាត ​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​ ១៥៧ ​ប្រទេស​ និង​មាន​អ្នក​ចូលរួម​សរុប​ប្រមាណ​ ១៧.៨ លាន​នាក់។ ក្នុង​នោះ​សំរាម​ប្រមាណ​ ៨៨ ៥០០ តោន​ ត្រូវបាន​ប្រមូល​ក្នុង​យុទ្ធ​នា​ការ​នោះ៕