ភ្នាក់ងារ​របស់​ធនាគារ​វីង​បាន​បង្កើត​មូលនិធិ​ភ្នាក់ងារ​វីង​ ដើម្បី​ទ្រទ្រង់​បុព្វហេតុ​សង្គម​ចំពេល​ដែល​ជំងឺ​កំពុង​រាតត្បាត​ និង​បានជ្រើសរើស​គាំទ្រ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​កំពុងមាន​តម្រូវការ​ហិរញ្ញវត្ថុ

ភ្នាក់ងារ​វីង​នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃ​សុក្រ​បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ថវិកា​ប្រមាណ​ ៤៥,០០០ ​ដុល្លារ​អាមេរិក ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ ដែល​ជា​មន្ទីរពេទ្យ​មួយ​បានផ្តល់​ការថែទាំ​សុខភាព​ដល់​កុមារ​នៅ​កម្ពុជា​អស់​រយៈពេល​ជិត​ ៣០ ​ឆ្នាំ​មក​ហើយ ដោយ​ឥតគិតថ្លៃ ប្រកប​ដោយ​គុណភាព​ និង​មិនមាន​ការរើសអើង​។

មូលនិធិ​ភ្នាក់ងារ​វីង​ទើបតែ​ត្រូវបាន​បង្កើតឡើង​កាលពី​ខែសីហា ឆ្នាំ​ ២០២១ នេះ​ក្នុង​គោលបំណង​កៀរគរ​ថវិកា​ ដើម្បី​ជួយ​គាំទ្រ​ដល់​បុព្វហេតុ​សង្គម​ក្នុង​មូលដ្ឋាន​របស់​ពួកគេ​។

ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រតិបត្តិការ​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​មាន​សារ:សំខាន់​ណាស់ ជាពិសេស​ក្នុងអំឡុង​ពេលដែល​កំពុង​ប្រឈម​នឹង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។ ធនាគារ វីង សហការ​ជាមួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា រៀបចំ​យុទ្ធនាការ​កៀរគរ​ថវិកា​បរិច្ចាគ​មួយ តាមរយៈ​មូលនិធិ​ភ្នាក់ងារ​វីង​ដើម្បី​អំពាវនាវ​ដល់​ភ្នាក់ងារ វីង ​នៅ​ទូទាំងប្រទេស​ចូលរួម​បរិច្ចាគ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្នុង​គោលដៅ​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ គិត​ត្រឹម​ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ​ ២០២១ នេះ មូលនិធិ​ភ្នាក់ងារ​វីង​បាន​កៀរគរ​ថវិកា​បរិច្ចាគ​ចំនួន​ប្រមាណ​ ៤៥,០០០ ​ដុល្លារ​អាមេរិក ដើម្បី​ចូលរួម​ជួយ​សង្គ្រោះ​ជីវិត​កុមារ​នៅ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​ប្រកប​ដោយ​គុណភាព​ និង​មិនមាន​ការរើសអើង​។

លោក ស្រ៊ុន ឈាងស្រេង នាយក​គ្រប់គ្រង​អាជីវកម្ម​ទីផ្សារ​អតិថិជន​នៃ​ធនាគារ វីង បាន​មានប្រសាសន៍ថា​៖ «​យើង​ពិតជា​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​ប្រកប​ដោយ​ទឹកចិត្ត​សប្បុរស និង​មាន​ការលះបង់​ខ្ពស់​របស់​ភ្នាក់ងារ​របស់​យើង​ដើម្បី​បុព្វហេតុ​កុមារ​នៅ​កម្ពុជា​តាមរយៈ​ការរួម​គ្នា​ជាមួយ​មូលនិធិ​ភ្នាក់ងារ​វីង បរិច្ចាគ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ យើង​មាន​ទីភ្នាក់ងារ​វីង​ជិត ១០ ០០០ កន្លែង​គ្រប់​ស្រុក​ក្នុងប្រទេស​កម្ពុជា ហេតុនេះហើយ​ទើប​ធ្វើឱ្យ​យើង​អាច​កៀរគរ​ថវិកា​ ដើម្បី​បុព្វហេតុ​នេះ​បាន​។ ភ្នាក់ងារ​របស់​យើង​មិន​ត្រឹមតែ​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​សម្រាប់​បំពេញ​តម្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ពួកគេ​ថែមទាំង​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​នៅក្នុង​សហគមន៍​របស់​ពួកគេ​ផងដែរ​»​។

លោកស្រី ផេង សារ៉េត អាយុ ៦១ ​ឆ្នាំ ដែលជា​ភ្នាក់ងារ​វីង​នៅ​ក្រុងព្រះសីហនុ បាន​បរិច្ចាគ​ទឹកប្រាក់​ផ្ទាល់ខ្លួន​ចំនួន​ ១០០ ដុល្លារ​អាមេរិក​សម្រាប់​បុព្វហេតុនេះ​ផងដែរ ដោយបាន​លើកឡើង​ថា​៖ «​ខ្ញុំ​ចាំបាន​ថា នៅពេល​ដែល​ចៅ​ខ្ញុំ​ឈឺ​ធ្ងន់​វា​ពិបាក​ណាស់​ដើម្បី​ស្វែងរក​មន្ទីរពេទ្យ​ដែល​អាច​ជឿ​ទុកចិត្តបាន​ដើម្បី​ព្យាបាល​។ មន្ទីរពេទ្យ​គន្ធបុប្ផា​បានផ្តល់​ក្តីសង្ឃឹម​ និង​ជីវិត​ថ្មី​ដល់​ចៅ​របស់ខ្ញុំ​។ តាមរយៈ​មូលនិធិ​ភ្នាក់ងារ​វីង​ខ្ញុំ​អាច​សម្តែង​ការដឹងគុណ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​»​។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជានា​យក​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​ថ្លែងអំណរគុណ​ដល់​ភ្នាក់ងារ​វីង​ដែល​បាន​ជួយ​គាំទ្រ​ដល់​មន្ទីរពេទ្យ​កុមារ​ក្នុងអំឡុងពេល​ដ៏លំបាក​នេះ​។ ​ឯកឧត្តម រស់ សីលវ៉ា បាន​មានប្រសាសន៍​​ថា​៖ «​មូលនិធិ​ពិតជា​ត្រូវការ​ការគាំទ្រ​ពី​សាធារណជន ដើម្បី​ជួយ​ឱ្យ​ប្រតិបត្តិការ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​អាច​ដំណើរការ​បាន​យ៉ាង​រលូន​។ ការបរិច្ចាគ​របស់​ភ្នាក់ងារ​នឹង​ជួយ​ដល់​កុមារ​ដែល​កំពុងមាន​តម្រូវការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ការរួមចំណែក​របស់​ភ្នាក់ងារ វីង និង​សម្រាប់​ការជួយ​លើកកម្ពស់​យុទ្ធនាការ​សប្បុរសធម៌​ជាមួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​»​។

មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប​បាន​ផ្តល់​ការព្យាបាល​ប្រកប​ដោយ​គុណភាព​ និង​វិជ្ជាជីវ:​ខ្ពស់ ដល់​ទារក​ និង​កុមារ​ដោយ​ឥតគិតថ្លៃ​ចាប់តាំងពី​ការបង្កើតឡើង​វិញ​នៅ​ឆ្នាំ​ ១៩៩២ ដោយ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner​។

មន្ទីរពេទ្យ​បាន​ចំណាយ​ថវិកា​ប្រមាណ ៤០ ​លាន​ដុល្លារ​សម្រាប់​ប្រតិបត្តិការ​ក្នុង​មួយឆ្នាំៗ​។ កុមារ​ជាង ៦៣៩ ២៦០ នាក់​បានមក​ទទួល​ការពិនិត្យ​ និង​ព្យាបាល និង​អ្នកជំងឺ​ធ្ងន់ធ្ងរ​ចំនួន ១៣៣ ០២៦ នាក់​បាន​មក​សម្រាក​ និង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ ៥ ​ទីតាំង​ដោយ​ឥតគិតថ្លៃ នៅក្នុង​ឆ្នាំ​ ២០២០ កន្លង​ទៅនេះ​។

ភ្នាក់ងារ​វីង​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​បរិយាបន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​បាន​ជួយ​សម្រួល​លំហូរ​សាច់ប្រាក់​ប្រកប​ដោយ​ភាពងាយស្រួល ជាពិសេស​ដល់​ស្ត្រី​នៅក្នុង​សហគមន៍​របស់​ពួកគេ​។ អ្នកប្រើប្រាស់​សេវាកម្ម​វីង​អាច​ចូលរួម ចំណែក​ដល់​កិច្ចការ​សប្បុរសធម៌​នេះ តាមរយៈ​ការបរិច្ចាគ​ទៅ​គណនី​ប្រាក់រៀល​លេខ​ ៥៥៥៩ ឬ គណនី​ប្រាក់​ដុល្លារ​លេខ ៥៥៥៨ ឬ​តាម​ភ្នាក់ងារ​វីង​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​ដោយ​មិន​គិតថ្លៃ​សេវា​។ ធនាគារ​វីង​ធានាថា​ប្រាក់​វិភាគទាន​សប្បុរសធម៌ ១០០% នឹង​ទៅដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​៕