ភ្នំពេញៈ ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​អះអាង​ថា ស្ថានភាព​នៃ​ការចូលរៀន​វិញ​របស់​សិស្ស​នៅតាម​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ និង​សាលា​ឯកជន​មាន​ភាពល្អប្រសើរ​ដោយ​បាន​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្ដង់ដា (SOP) ​និង​វិធានការ​សុខាភិបាល ហើយ​បើសិន​រកឃើញ​មាន​សិស្ស​វិជ្ជមាន​កូវីដ ១៩ ថ្នាក់រៀន​នោះ​នឹងត្រូវ​ផ្អាក និង​ឱ្យ​អ្នកពាក់ព័ន្ធ​ធ្វើ​ចត្ដាឡីស័ក ១៤ ​ថ្ងៃ​។

លោក ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ ថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍ ​នៅ​ថ្ងៃទី​ ១៩ ខែកញ្ញា​នេះ​ថា ក្នុងចំណោម​គ្រឹះស្ថាន​មធ្យមសិក្សា​សរុប​ចំនួន​ ២២៧ គឺមាន​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ និង​ឯកជន​ដែល​បាន​បើក​ឡើងវិញ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១៥ ខែ កញ្ញា ឆ្នាំ​ ២០២១ ​នេះ មាន​ចំនួន ១៤២ ក្នុង​នោះ​មាន​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន ៩៦ គ្រឹះស្ថានសិក្សា​ផងដែរ​។

លោក​ថ្លែងថា​៖ «​រហូត​មកដល់​ថ្ងៃនេះ ស្ថានភាព​សិស្ស​ចូលរៀន​វិញ​នៅតាម​សាលារៀន គឺ​មាន​ដំណើរការ​ល្អប្រសើរ​។ ក្នុង​សាលារៀន មាន​សភាព​ស្ងប់ស្ងាត់ ទោះបី​ថា មាន​សិស្ស​ធ្វើតេស្ដ​ឃើញ​វិជ្ជមាន​​កូវីដ​ ១៩ ប៉ុន្ដែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​រួមជាមួយ​មន្ទីរអប់រំ និង​សាលារៀន និង​ក្រុមគ្រូពេទ្យ​បាន​ចាត់ចែង​ឱ្យ​អ្នកពាក់ព័ន្ធ​ឱ្យ​ពួកគាត់​ធ្វើ​ចត្ដាឡីស័ក​ហើយ​។ ចំណែក​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​យើង​ឱ្យ​យក​សំណាក​ដើម្បី​ឱ្យ​ប្រាកដថា​មាន​វិជ្ជមាន​ ឬ​គ្មាន​វិជ្ជមាន​»​។ «​យើង​យក​សំណាក​ពួកគាត់​អស់ហើយ នឹង​ឱ្យ​ពួកគាត់​ធ្វើ​ចត្ដាឡីស័ក​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។ ថ្នាក់រៀន​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នក​ដែលមាន​វិជ្ជមាន​យើង​ឱ្យ​ផ្អាក​រយៈពេល ១៤ ថ្ងៃ ​ដើម្បី​បន្តធ្វើ​ចត្ដាឡីស័ក​»​។

លោក ស៊ីណារ៉េត បានឱ្យដឹងថា បើសិនជា​លោកគ្រូ​អ្នកគ្រូ ឬ​សិស្ស​មានការ​សង្ស័យ​មាន​ជំងឺ​កូវីដ​ ១៩ គឺ​មិន​តម្រូវ​ឱ្យមក​បង្រៀន ឬ​រៀន​នៅ​សាលារៀន​ទេ ដោយ​ឱ្យ​អនុវត្ដ​ការបង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អនឡាញ​។

លោក​ថា កាលពីមុន​ថ្ងៃ​ចូលរៀន​វិញ​នៅ​ថ្ងៃទី​ ១៥ ខែកញ្ញា លោកគ្រូ អ្នកគ្រូ និង​អ្នកពាក់ព័ន្ធ​ជាង ១ ​ម៉ឺន​នាក់ ​បាន​ធ្វើ​តេស្ដ​រក​មេរោគ​កូវីដ​ ១៩ មុននឹង​អនុញ្ញាត​ឱ្យចូល​បង្រៀន​វិញ​ក្នុងនោះ​រកឃើញ ២៤ នាក់ វិជ្ជមាន​កូវីដ​ ១៩​។ ដូច្នេះ​តាំងពី​មុន​ថ្ងៃ​ចូលរៀន អ្នកមាន​ជំងឺ​កូវីដ​ ១៩ គឺ​ត្រូវ​ដាក់ឱ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ផ្ទះ តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ​។

បើតាម​លោក ស៊ីណារ៉េត សិស្ស​ពេល​ចូលរៀន សាលារៀន​មិនបាន​កំណត់​កាតព្វកិច្ច​ឱ្យ​សិស្ស​ត្រូវតែ​ធ្វើតេស្ដ​រក​មេរោគ​កូវីដ​​ ១៩ ​មុន​ចូលរៀន​ទេ​។ ចំណែក​សិស្ស​ដែល​រកឃើញ​វិជ្ជមាន​កាលពី​ថ្ងៃទី​ ១៥ ខែកញ្ញា​នោះ គឺមាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​នៅ​មូលដ្ឋាន​របស់​ពួកគាត់ ដែល​អាជ្ញាធរ​បាន​ធ្វើ​សំណាក​សម្រាប់​ប្រជាពលរដ្ឋ​។ ក្នុងនោះ​មាន​សិស្ស​ចំនួន ២៣ ​នាក់​វិជ្ជមាន​។

ប៉ុន្ដែ​ក្នុងចំណោម​សិស្ស ២៣ នាក់​នេះ​មាន​សិស្ស​ខ្លះ​ក៏​មិនទាន់​បាន​មក​សាលារៀន​ទេ​។ ចំណែក​សិស្ស​ដែល​មក​សាលារៀន​ជាប់​ពាក់ព័ន្ធ​ដល់​សិស្ស​នៅក្នុង​ថ្នាក់ គឺ​ត្រូវយក​សំណាក និង​ធ្វើ​ចត្ដាឡីស័ក ១៤ ​ថ្ងៃ​។ សិស្ស​ដែល​ជាប់​ពាក់ព័ន្ធ​ត្រូវយក​សំណាក​គឺ​អវិជ្ជមាន​ទាំងអស់​។

លោក ស៊ីណារ៉េត អះអាងថា ការការពារ ការប្រុងប្រយ័ត្ន នៅតាម​សាលារៀន គឺមាន​លក្ខណៈ​ល្អ​។ ពេល​លោក​ចុះ​ពិនិត្យ​តាម​សាលា​ឃើញ​សាលារៀន​មាន​សភាព​ស្ងប់ស្ងាត់ សិស្ស​នៅ​រៀន​ក្នុង​ថ្នាក់ មិនមាន​ការចេញលេង មិនមាន​ទីផ្សារ​លក់ដូរ​នៅក្នុង​សាលា និង​ពេលចេញ​ទៅផ្ទះ គឺ​សិស្ស​ផ្លាស់​វេន​គ្នា​ចេញ​។

លោក​ថ្លែងថា​៖ «​យើង​គិតថា​ហានិភ័យ​នៃ​ការឆ្លង​កូវីដ​ ១៩ នៅក្នុង​សាលារៀន គឺមាន​កម្រិត​ទាប​ណាស់​។ បើ​ធៀប​ទៅនឹង​តំបន់​ផ្សេង​។ ខ្ញុំ​ចុះទៅ​ពិនិត្យមើល​តាម​សាលារៀន​ឃើញ​ការអនុវត្ដ​វិធានការ​សុខាភិបាល អនាម័យ​របស់​សាលារៀន និង​សិស្ស គឺ​បានល្អ​លើសពី​ការរំពឹងទុក​។ បើ​យើង​មើល​ពី​ខាងក្រៅ​ស្ទើរតែ​មិនដឹងថា​សាលា​រៀនមាន​សិស្ស​កំពុង​រៀន​ទេ​»​។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន បានសម្រេច​ធ្វើការ​ផ្អាក​ដំណើរការ​ថ្នាក់រៀន​មួយចំនួន​ជា​បណ្តោះអាសន្ន ១៤ ​ថ្ងៃ​ នៅក្នុង​សាលា​ចំនួន​ ៥ និង​តម្រូវឱ្យ​អ្នកពាក់ព័ន្ធ​ផ្ទាល់​ធ្វើ​​ចត្តាឡីស័ក​ឱ្យបាន​ត្រឹមត្រូវ​។ នេះ​បើ​យោងតាម​លិខិត​ផ្ញើជូន​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ដែល​ចុះហត្ថលេខា​ដោយ​លោក ហង់ជួន ណារ៉ុន នៅ​ថ្ងៃទី​ ១៧ ខែកញ្ញា​នេះ​។

លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា ចំពោះ​ថ្នាក់​ដទៃទៀត​ត្រូវ​បន្ត​ដំណើរការ​ជាធម្មតា ប៉ុន្តែ​ត្រូវ​ធ្វើការ​រឹតត្បិត​ការចេញ​លេង និង​បន្ត​ពាក់​ម៉ាស់ និង​លាងដៃ​ជាប្រចាំ​។

លោក​ថ្លែងថា​៖ «​មិន​អនុញ្ញាត​ឱ្យ​មាន​ការទាក់ទង​ពី​សិស្ស​ថ្នាក់​ ១ ​ទៅ​ថ្នាក់​ ១ ​ទៀត​ទេ ហើយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការជួបជុំ ឬ​ប្រជុំ​ក្រៅពី​ការសិក្សា​ក្នុង​សាលារៀន​ឡើយ​»​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ (CITA) ថ្លែងថា ស្ថានភាព​នៃ​ការចូលរៀន​វិញ​របស់​សិស្ស​មាន​សភាព​ល្អប្រសើរ ដោយសារ​សាលារៀន​មួយចំនួន​បាន​កាត់បន្ថយ​ចំនួន​សិស្ស​ឱ្យមក​សាលារៀន​តិច​ត្រឹម ១៥ ​នាក់​ក្នុង ១ ​ថ្នាក់ ហើយ​ទីធ្លា​សាលារៀន​មាន​សភាព​ធំ​ទូលាយ​។

លោកស្រី​ថ្លែងថា​៖ «​ការចូល​រៀន​វិញ​នេះ​សាលារៀន​បាន​ផ្ដោត​សំខាន់​ទៅលើ​សិស្ស​ថ្នាក់​ទី​ ៩ និង​ថ្នាក់​ទី​ ១២ ឱ្យចូល​រៀន​វិញ ព្រោះ​ជា​សិស្ស​ដែល​ស្ថិតនៅក្នុង​ឆ្នាំ​ត្រូវ​ប្រឡង​សញ្ញាបត្រ​។ ខ្ញុំ​ឃើញ​សិស្ស​មាន​ការបាញ់​អាល់កុល​ពេល​ចូលរៀន ហើយ​សិស្ស​ក្នុង​ ១ ​ថ្នាក់​មាន​ ១៥ ​នាក់​ទៅ ២០ ​នាក់​»​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ថ្លែងថា​៖ «​ក្រសួង​អប់រំ​បន្ត​កិច្ចសហការ​ជាមួយ​រដ្ឋបាល​រាជធានី-ខេត្ត​ដើម្បី​សម្រួល និង​តម្រង់ទិស​រៀបចំ​ការរៀន និង​បង្រៀន​តាម​បណ្តុំ​ឱ្យបាន​កាន់តែ​ប្រសើរ និង​បន្ត​ផ្តល់​អាទិភាព​លើ​ការលើក​កម្ពស់​សុវត្ថិភាព​សុខភាព​របស់​សិស្សានុសិស្ស និង​បុគ្គលិក​អប់រំ​ស្រប​នឹង​ការបន្ត​ពង្រឹង​ការអនុវត្ត​វិធានការ​របស់​ក្រសួង​អប់រំ និង​ក្រសួង​សុខាភិបាល​»៕

វីដេអូ៖